ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

តម្លៃប្រាក់ដុល្លារអាមេរិកធ្លាក់ថ្លៃក្រោយការដកតំណែងរដ្ឋមន្ត្រីការបរទេស

ការសម្រេចបញ្ជូនប្រធានចារកិច្ចអាមេរិក លោក Mike Pompeo ចូលកាន់តំណែងរដ្ឋមន្ត្រីការបរទេសអាមេរិក ជំនួសលោក Rex Tillerson បានធ្វើឲ្យទីផ្សារភាគហ៊ុនមូលបត្រអាមេរិក រងផលប៉ះពាល់យ៉ាងខ្លាំង។

សារព័ត៌មាន CNBC បានផ្សាយថា តួលេខនៃតម្លៃប្រាក់ដុល្លារអាមេរិក និងប្រាក់ផ្សេងទៀត គឺតម្លៃប្រាក់ដុល្លារធ្លាក់ចុះ០,២៤ភាគរយ ក្រោយពេលលោក ត្រាំ បានដកតំណែងរដ្ឋមន្ត្រីការបរទេស Tillerson។

ក្រុមអ្នកជំនួញបានយកចិត្តទុកដាក់យ៉ាងខ្លាំង នូវការចាកចេញរបស់លោក Tillerson ។ នេះជាសញ្ញាមួយបង្ហាញឲ្យឃើញថា រដ្ឋាភិបាលអាមេរិកកំពុងតែប្រឈមមុខនឹងបញ្ហា។ ក្នុងនោះមានទាំងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀត។ កន្លងមកពន្ធដារបានធ្វើឲ្យតម្លៃប្រាក់ដុល្លារអាមេរិកធ្លាក់ថ្លៃ នៅក្រោមរជ្ជកាលដឹកនាំរបស់អតីតប្រធានាធិបតី George W.Bush និង Bill Clinton។

លោក Keith Underwood ជាអ្នកប្រឹក្សារបស់ក្រុមហ៊ុន Underwood FX បាននិយាយថា លោក ត្រាំ ទើបតែបណ្តេញមន្ត្រីដែលចេះនិយាយពីហេតុផល បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ពលរដ្ឋអាមេរិក ហើយក្រុមអ្នកជំនួញលក់ដូរភាគហ៊ុន បានឆ្លៀតឱកាសនោះទម្លាក់តម្លៃ ប្រាក់ដុល្លារអាមេរិកឲ្យធ្លាក់នៅទាបបំផុតតែម្តង៕ ម៉ែវ សាធី