ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃសណ្តែកបាយនៅខេត្តព្រះវិហារកើនឡើងធ្វើឲ្យប្រជាកសិករមានការសប្បាយចិត្ត

ខេត្តព្រះវិហារ៖ នៅដើមខែកក្កដា ឆ្នាំ ២០១៦នេះកសិករនៅទូទាំងខេត្តព្រះ​វិហារចាប់ផ្ដើមប្រមូលផលសណ្តែកបាយ ដើម្បីទុកលក់ឲ្យឈ្មួញកណ្តាលដែលតម្លៃសណ្តែកបាយនៅលើទីផ្សារក្នុងស្រុកឆ្នាំនេះមានហាងឆេងល្អជាងឆ្នាំ២០១៥។

សេចក្ដីរាយការណ៍បានឲ្យដឹងថា តម្លៃ​ហាងឆេងសណ្តែកបាយកាល​ពីឆ្នាំ២០១៥ ថ្លៃ៣០០០រៀល ក្នុង១គីទ្បូក្រាមហើយ​នៅឆ្នាំ ២០១៦នេះតម្លៃសណ្តែកបាយក្នុងស្រុកបានហក់ទ្បើងថ្លៃរហូតដល់៣៥០០រៀលក្នុង ១គីទ្បូក្រាមគឺអាចជួយលើកស្ទួយជីវភាពកសិករឲ្យកាន់តែធូរធារមួយកម្រិត ថែមទៀត ។

ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ លោក ពឹង ទ្រីដា បានឲ្យដឹងថា ឆ្នាំនេះ កសិករនៅទូទាំងខេត្តព្រះវិហារដាំដុះ សណ្តែកបាយបានចំនួន៨ពាន់ហិកតាដែលបានដាំតាំងពីខែមេសា ចុងរដូវប្រាំង ២០១៦។ មកដល់ខែកក្កដានេះកសិករ ចាប​់ផ្តើមប្រមូលផលបណ្តើរៗដែលទទួលបានទិន្នផលចាប់ពី១,២០តោនដល់១,៥០តោនក្នុង១ហិកតា។ លោកប្រធានមន្ទីរ​បន្តថា តម្លៃសណ្តែកបាយឆ្នាំនេះមានហាង ឆេង​ល្អគឺថ្លៃ៣៤០០រៀលដល់៣៥០០ រៀល ក្នុង១គីទ្បូក្រាម។ ដំណាំសណ្តែកបាយ សម្បូរដាំដុះជាងគេនៅតាមស្រុកចំនួន៣ រួម​មានស្រុកត្បែងមានជ័យ ស្រុកសង្គមថ្មី និងស្រុកគូលែន។

លោកថ្លែងបញ្ជាក់ថា បន្ទាប់ពីប្រជា កសិករប្រមូលផលសណ្តែកបាយចប់នាពេលដ៏ខ្លីខាងមុខនេះគឺដល់រដូវដាំដុះ​ដំណាំសណ្តែកសៀងបន្តទៀត។ គួរបញ្ជាក់ ថា សណ្តែកបាយជាមុខទំនិញកសិផល មួយ​ប្រភេទរក្សាតម្លៃបានល្អទាំងនៅលើទីផ្សារក្នុងស្រុកនិងនាំចេញទៅកាន់ប្រទេសជិតខាងកម្ពុជាដូចជា ប្រទេសវៀតណាម និង ថៃ​ជាដើមដើម្បីចូលរោងចក្រផលិតចំណីអាហារផ្សេងៗ ៕ សហការី

sses