ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃស្រូវបង្កើនរដូវនៅឆ្នាំនេះ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យមានហាងឆេងខ្ពស់ជាងឆ្នាំទៅមិញ ដោយសារឈ្មួញខ្មែរ និងវៀតណាមប្រជែងគ្នាទិញ

ខេត្តបន្ទាយមានជ័យ-បាត់ដំបង៖ ក្នុងរដូវប្រមូលផលស្រូវបង្កើនរដូវនៅឆ្នាំនេះ ប្រជាកសិករនៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងមានការសប្បាយរីករាយនៅពេលពួកគាត់លក់ស្រូវមានតម្លៃហាងឆេងខ្ពស់ជាងឆ្នាំទៅមិញ ដោយសារតែពួកគាត់មើលឃើញថាមានឈ្មួញខ្មែរ និងឈ្មួញវៀតណាមជាច្រើនប្រកួតប្រជែងគ្នាសម្រុកនាំគ្នាចូលមកទិញស្រូវរបស់ប្រជាកសិករនៅក្នុងខេត្តទាំង២នេះ ។ វាផ្ទុយនឹងឆ្នាំទៅមិញគឺមានតែឈ្មួញខ្មែរប៉ុណ្ណោះ ចូលមកទិញស្រូវប្រជាកសិករជាហេតុធ្វើឲ្យឈ្មួញខ្មែរជាឈ្មួញកណ្តាល និងឈ្មួញថៅកែតាមរោងម៉ាស៊ីននានាដើរប្រមូលទិញស្រូវបង្អាប់បន្ថោកក្រឡុកតម្លៃទីផ្សារតាមតែអំពើចិត្តទើបធ្វើឲ្យតម្លៃស្រូវកាលពីឆ្នាំទៅមិញមានការធ្លាក់ចុះយ៉ាងគំហុកនោះ ។

ប្រជាកសិករនៅឃុំរហាត់ទឹកស្រុកមង្គលបុរីបានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ តម្លៃស្រូវសែនក្រហូបគាត់លក់ក្នុងតម្លៃ១គីឡូក្រាម៧.១បាតសម្រាប់លក់ឲ្យឈ្មួញវៀតណាមបើលក់ឲ្យក្រុមហ៊ុនធនាគារស្រូវរបស់លោកឧញ៉ាពូ ពុយ មានតម្លៃខ្ពស់ជាងនេះថែមទៀតគឺតម្លៃ១គីឡូក្រាម៧.៥បាតរហូត៨បាត ។ បើប្រៀបធៀបឆ្នាំទៅមិញគឺ១គីឡូក្រាមជាង៦បាត និងធ្លាក់ថ្លៃរហូតជាង៥បាតឯណោះហើយជូនកាលស្រូវខ្លះឈ្មួញបង្អាប់បន្ថោកមិនទិញទៀតផង ។

ប្រជាកសិករប្រាប់ឲ្យដឹងទៀតថា ក្រុមហ៊ុនធនគារស្រូវរបស់លោកញ៉ាពូ ពុយ ដែលមានទីតាំងនៅខេត្តបាត់ដំបងទិញស្រូវក្នុងតម្លៃខ្ពស់ជាងឈ្មួញកណ្តាលខ្មែរ និងឈ្មួញវៀតណាមគឺក្រុមហ៊ុនទិញស្រូវនិយមបក្ខពួក ទិញទៅតាមតំបន់មួយចំនួនប៉ុណ្ណោះ ដូចជាប្រជាកសិករនៅឃុំបត់ត្រង់គឺក្រុមហ៊ុនធនគារស្រូវមិនចុះមកទិញនោះឡើយ ខាងក្រុមហ៊ុនទិញទៅខាងឃុំចំណោម និងឃុំមួយចំនួនផ្សេងទៀតប៉ុណ្ណោះ ។

ប្រជាកសិករឲ្យដឹងទៀតថា តម្លៃស្រូវលក់បានចាប់ពី៧បាតឡើងទៅការធ្វើស្រែរបស់ពួកគាត់អាចទប់ទល់បានក្នុងការចំណាយសម្រាប់ការផលិតស្រូវនៅឆ្នាំនេះ ។ បើសិនធ្លាក់ចុះតម្លៃក្រោម៧បាតគឺប្រជាកសិករមានការលំបាកនោះហើយ ។

ឈ្មួញកណ្តាល ដែលប្រមូលទិញស្រូវឲ្យឈ្មួញវៀតណាមបានលើកឡើងថា នៅឆ្នាំនេះស្រូវទិញពីដើមដៃមានតម្លៃជាង៨បាតឯណោះក្រោយមកមានការធ្លាក់ចុះថ្លៃបន្តិចម្តងៗត្រឹមតែ៧.១បាត ។ ឈ្មួញប្រាប់ទៀតថា ដោយសារតែមានឈ្មួញច្រើនប្រកួតប្រជែងសម្រុកចូលទិញស្រូវប្រជាកសិករបែបនេះ ទើបឈ្មួញមួយចំនួនមិនហ៊ានក្រឡុកតម្លៃទីផ្សារស្រូវរបស់ប្រជាកសិករ ។

NKD-36x6_outline

ពាក់ព័ន្ធការលើកឡើងរបស់ប្រជាកសិករខាងលើនៃប្រមូលទិញស្រូវនោះដែរ លោកឧកញ៉ា ពូ ពុយប្រធានក្រុមហ៊ុនធនាគារស្រូវប្រាប់ឲ្យដឹងថា មូលហេតុនៅឆ្នាំនេះតម្លៃស្រូវមានហាងឆេងខ្ពស់ដោយសារតែយើងបានរៀបចំតាមសហគមន៍ទីផ្សារទិញស្រូវជាពិសេសធ្វើតាមឃុំដែលមានប្រជាកសិករផលិតស្រូវបានច្រើន និងយើងបានប្រមូលទិញស្រូវទាំងអស់ ដូចជានៅសហគមន៍ឃុំចំណោម ឃុំរហាត់ទឹក ឃុំសឿ ខេត្តបន្ទាយមានជ័យ និង ឃុំបឹងព្រីង ឃុំល្វា ឃុំព្រៃខ្ពស់ ឃុំខ្នាចរមាស ខេត្តបាត់ដំបងជាដើម គ្រាន់តែការទិញបែងចែកពេលវេលានៃការច្រូតកាត់ប្រមូលផលរបស់ប្រជាកសិករផ្លាស់ប្តូរទៅតាមឃុំនីមួយៗ មិនអាចទិញព្រមគ្នាក្នុងពេលតែមួយបានទេ ។ ការរៀបចំបែបនេះដោយសារតែឡសម្ងួតស្រូវធ្វើមិនទាន់ហើយ ។

លោកថាក្នុងមួយថ្ងៃគិតជាមធ្យមក្រុមហ៊ុនទិញស្រូវបានជាង១ពានតោន ហើយក្រុមហ៊ុនជួលឡសម្ងួតនៅតាមរោងម៉ាស៊ីនទៀតដើម្បីសម្ងួតស្រូវថែមទៀតផង ។

លោកថាបើសិនឡសម្ងួតស្រូវរបស់ក្រុមហ៊ុនធ្វើរួចរាល់ និងប្រមូលស្រូវពីកសិករទាំងអស់តែម្តងមិនចាំបាញ់បែងចែកទិញតាមសហគមន៍ឡើយ ។

ពាក់ព័ន្ធបញ្ហានេះក្រោយមានប្រជាកសិករលើកឡើងថា ក្រុមហ៊ុនធនាគារស្រូវ ដែលបានទិញស្រូវតម្លៃខ្ពស់នោះគឺទិញចំនួនបរិមាណតិចតួចប៉ុណ្ណោះក្នុងមួយថ្ងៃៗនៅតាមឃុំនីមួយៗ មិនបំពេញទៅតាមការប្រមូលផលស្រូវក្នុងមួយថ្ងៃរាប់ពាន់តោនរបស់ប្រជាកសិករនោះឡើយ ។ ដូច្នេះធ្វើឲ្យប្រជាកសិករបង្ខំចិត្តលក់ស្រូវទៅឲ្យឈ្មួញកណ្តាលផ្សេងវិញដែលមានតម្លៃថោកជាងការប្រមូលទិញរបស់ក្រុមហ៊ុនធនាគារស្រូវរបស់លោកឧកញ៉ាពូ ពុយ ។ ពីព្រោះថា ពួកគាត់ប្រញាប់ប្រមូលផលស្រូវឲ្យបានឆាប់រហ័សមិនអាចពន្យាពេលបាននោះទេ ខ្លាចត្រូវទឹកភ្លៀងជោកជាំលិចលង់នាំឲ្យឈ្មួញទិញបង្អាប់បន្ថោកទម្លាក់តម្លៃស្រូវកាន់តែចុះថោក៕ សំវិច្ឆិកា