ព័ត៌មានទាន់ហេតុការណ៍៖

តាចាស់ បើកម៉ូតូបុកគោយន្តដឹកឈើពីក្រោយ របួសធ្ងន់

ខេត្តកំពង់ស្ពឺ៖ បុរសវ័យចំណាស់ម្នាក់ បើកម៉ូតូពេលព្រលប់ៗ មើលមិនឃើញគោយន្តដឹកឈើបើកខាងមុខបត់ឆ្លងផ្លូវ ជ្រុលចង្កូតបុកចំពីក្រោយ បណ្តាលឲ្យរបួសធ្ងន់ ។ គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគោយន្តនេះ បានកើតឡើងនៅម៉ោង៦ និង៥០នាទីព្រលប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤៤ ស្ថិតក្នុងភូមិត្រាញ់វែង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំសរនាសពង់ស្ពឺ ។

ជនរងគ្រោះឈ្មោះ ចិន ជឿន ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅភូមិយីអោក ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បើកម៉ូតូម៉ាកហុងដាឌ្រីមសេ ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FW-5947 ។ ចំណែកម្ចាស់គោយន្ត ក្រោយបង្កហេតុ បានរត់គេចខ្លួន ។

ប្រភពព័ត៌មានពីសាក្សី នៅកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គេឃើញគោយនកន្ត្រៃ១គ្រឿង បើកបរតាមផ្លូវជាតិលេខ៤៤ ទិសដៅពីកើតទៅលិចដោយមានដឹកឈើពេញទ្រុង ។ លុះបើកមកដលើចន្លោះគីឡូម៉ែត្រលេខ៩៩-១០០ បានបត់ឆ្លងចូលតាមផ្លូវលំ ។

ប្រភពដដែលបន្តថា ខណៈពេលគោយន្ត កំពុងបត់នោះ ជនរងគ្រោះ បើកម៉ូតូមកពីក្រោយ អត់ដឹងគោយន្តកាច់ចង្កូតឆ្លងថ្នល់ ក៏ជ្រុលចង្កូតបុកទ្រុងគោយន្ត បណ្តាលឲ្យម៉ូតូដួលបោកនឹងថ្នល់ ហើយដោយសារជនរងគ្រោះ គ្មានពាក់មួកសុវត្ថិភាព បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវដឹកបញ្ជូនតាមរថយន្តសង្រ្គោះ ព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកឧដុង្គ ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះជួយអន្តរាគមន៍ យកយានយន្តទាំង២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយនៅពេលក្រោយ ៕សេនាស័ក្តិ