ព័ត៌មានទាន់ហេតុការណ៍៖

តុលាការកាត់ទោសជនជាប់ចោទសំណុំរឿងស៊ីឈ្នួលឲ្យពពោះជំនួស

ភ្នំពេញ៖រឿងក្ដីស៊ីឈ្នួលឲ្យពពោះជំនួសដែលតុលាការបានសម្រេចឃុំខ្លួនអន្តរការី៣នាក់ ក្នុងនោះមានស្ត្រីអូស្ត្រាលីម្នាក់ នៅព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៧ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យអនុរក្សពន្ធនាគារព្រៃសបញ្ជូនមកតុលាការដើម្បីបើកសវនាការជំនុំជម្រះ។ ប៉ុន្តែក្រោយការសួរដេញដោល តុលាការលើកពេលប្រកាស សាលក្រមទៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ វិញ ។
សវនាការនេះ ក្រុមអ្នកសារព័ត៌មានអន្តរជាតិច្រើនស្ថាប័ន បានចូលរួមយកព័ត៌មានផងដែរ ។
ក្រុមជនជាប់ចោទ ត្រូវបានចោទប្រកាន់ពីបទ អំពើធ្វើជាអន្តរការី នៃអំពើពពោះ និង បទសុំឲ្យផ្តល់ឯកសារដោយទុច្ចរិតតាមមាត្រា៣៣២និងមាត្រា៦៣២នៃក្រមព្រហ្មទណ្ឌ ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនជនរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ៣នាក់ ក្នុងនោះមានស្ត្រីជនជាតិអូស្រ្តាលីម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីអំពើជាអន្តរការី នៃការពរពោះ ឬ និយាយសាមញ្ញថា ការជួលស្រ្តីខ្មែរឲ្យពពោះបង្កើតកូនជំនួស និង ផ្តល់ឯកសារដោយទុច្ចរិត ។
លោកវរសេនីយ៍ឯក កែវ ធា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជនរាជធានីភ្នំពេញ ថ្លែងថា ជនសង្ស័យឈ្មោះ CHALES  TAMMY ALAYNE ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិអូស្ត្រាលី ឈ្មោះ ពេញ រិទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ និង ឈ្មោះ សំរិទ្ធ ចាន់ចរិយា ភេទស្រី អាយុ៣០ឆ្នាំ  ។
សមត្ថកិច្ច បញ្ជាក់ថា នៅពេលដែលបណ្តាប្រទេសដទៃចេញច្បាប់បិទមិនឲ្យមានការជួលស្រី្តពពោះដើម្បីកើតកូនជំនួស បណ្តាញជំនួញនេះបានហូរចូលកម្ពុជា ហើយបង្កើតមេខ្យល់ឲ្យដើរលួងលោម អូសទាញ ស្ត្រីឲ្យរកស៊ីឈ្នួល  ពពោះជំនួសអ្នកដែលចង់បានកូន ហើយរហូតដល់ក្រុមមនុស្សប្រុសស្រលាញ់ប្រុសដូចគ្នាចង់បានកូន ក៏មកកម្ពុជារកកូនដែរ ។ ជំនួញមួយនេះ ធ្វើឲ្យពួកឈ្មួញចំណេញកប់ពពក អ្នកចង់បានកូនត្រូវចំណាយ៥ម៉ឺនដុល្លារអាមេរិក ៕ចេស្តា