ព័ត៌មានទាន់ហេតុការណ៍៖

តុលាការឃុំខ្លួនបុរសរពឹសដៃគប់ផ្ទះសម្បែងអ្នកដទៃឲ្យខូចខាត

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់និយាយថា បានររពឹសដៃគប់ផ្ទះសម្បែងគេបណ្ដាលឲ្យរងការខូចខាត ហើយត្រូវបានសាលាដំបូងខេត្តពោធិ៍សាត់សម្រេច ឃុំខ្លួនជាបណ្ដោះអាសន្ន កាលពីរសៀល ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨។

គួររំលឹកផងដែរថា៖ លោក វរសេនីយ៍ឯក ម៉ូ លីដា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ប្រាប់ថា បុរសដែលត្រូវសាលាដំបូងសម្រេចឃុំខ្លួនជាបណ្ណោះអាសន្ននោះឈ្មោះ នៅ ធឿន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់ខ្នង សង្កាត់ចំរើនផល ក្រុង-ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ឯក នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបន្តថា ជនសង្ស័យ(នៅ ធឿន)ត្រូវបានកម្លាំងជំនាញរបស់លោកធ្វើការឃាត់ខ្លួនកាលពីរសៀលថ្ងៃអង្គារ៍ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអារ៉ែនជើងភ្លើង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ខណៈជនសង្ស័យរូបនេះបានធ្វើសកម្មភាពគប់ផ្ទះរបស់ឈ្មោះ ស៊ុន សាន្ត ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ចំនួន ០៣លើក បណ្ដាលឲ្យរងការខូចខាតបែកកញ្ចក់ទ្វារ បង្អួចចំនួន ០៣កន្លែង និងគំរាមសម្លាប់។

លោក នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបន្តទៀតថា នៅខ្លួនជនសង្ស័យសមត្តកិច្ចរបស់លោកឆែកឆេឃើញពូថៅចំនួន ០១ ឧបករណ៍សង្ស័យសម្រាប់កាច់សោរកម៉ូតូចំនួន ០១ សោលេខ៨ចំនួន ០១ និងម៉ូតូចំនួន ០១គ្រឿងម៉ាក សុីរូស ហើយជនសង្ស័យឈ្មោះ នៅ ធឿន បានឆ្លើយសាភាពចំពោះសមត្តកិច្ចខ្លួនពិតជាបានប្រព្រិត្តពិប្រាកដ៕ ប៉ឹម ពិន