ព័ត៌មានទាន់ហេតុការណ៍៖

តុលាការយុត្តិធម៌អន្តរជាតិបើកសវនាការកាត់ក្តីអំពីវិវាទរវាងសហរដ្ឋអាមេរិកនឹងប្រទេសអីុរ៉ង់

កាលពីថ្ងៃទី២៧ ខែសីហា តុលាការ កំពូលរបស់អង្គការសហប្រជាជាតិបាន បើកសវនាការ កាត់ក្តីរឿងវិវាទរវាងអីុរ៉ង់ និងអាមេរិក ជុំវិញការដាក់ទណ្ឌកម្មបំផ្លាញសេដ្ឋកិច្ចអីុរ៉ង់ ។

ការកាត់ក្តីរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេ បានចាប់ផ្តើម នៅថ្ងៃទី២៧ ខែសីហា ដោយតុលាការបានស្តាប់នូវការលើកឡើងរបស់មេធាវីអីុរ៉ង់ ស្តីពីការខាតបង់សេដ្ឋកិច្ច បង្កឡើងដោយ អាមេរិក ។

ប្រធានាធិបតីដូណាល់ ត្រាំ បានសម្រេចដាក់ទណ្ឌកម្មជាឯកតោភាគីទៅលើប្រទេសអីុរ៉ង់ បង្កការខាតបង់យ៉ាងខ្លាំងដល់សេដ្ឋ កិច្ចអីុរ៉ង់ ។ ការដាក់ទណ្ឌកម្ម យ៉ាងតឹង តែង របស់អាមេរិកទៅលើអីុរ៉ង់ កើតឡើង ក្រោយពេលលោកត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូកាលពីឆ្នាំ ២០១៥។

ការដាក់ទណ្ឌកម្មជាលើកទីពីរ នឹងមាន ប្រសិទ្ធភាព នៅខែវិច្ឆិកា សំដៅទៅលើ វិស័យប្រេង និងថាមពលរបស់អីុរ៉ង់ ។ រដ្ឋាភិបាលអីុរ៉ង់ បានដាក់ពាក្យបណ្តឹង ឡើងទៅកាន់តុលាការអន្តរជាតិ កាលពី ចុងខែកក្កដា ដោយស្នើឲ្យតុលាការយុត្តិ​ធម៌អន្តរជាតិលុបទណ្ឌកម្មអាមេរិកចេញ ។អីុរ៉ង់ បានបញ្ជាក់ថា ការដាក់ទណ្ឌកម្ម របស់អាមេរិក បង្កការខាតបង់សេដ្ឋកិច្ចមិនអាចស្រោចស្រង់ឡើងវិញបាន។ អីុរ៉ង់ បានទាមទារអាមេរិក ឲ្យសងសំណងពីការ ខូចខាតសេដ្ឋកិច្ច។

តុលាការ ICJ បានបង្កើត នៅឆ្នាំ១៩៤៦ ដើម្បីដោះស្រាយវិវាទ រវាង បណ្តាប្រទេស ជុំវិញពិភពលោក ។ តាមគម្រោង រឿងក្តីនេះនឹងត្រូវចំណាយពេលប៉ុន្មានខែ ទើប សម្រេចបាន ដោយតុលាការនៅធ្វើការស្រាវជ្រាវអង្កេតពីផលប៉ះពាល់ ទើប សម្រេច ក្តីបាន៕ ម៉ែវ សាធី