ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​កោះ​ហៅ​​ទណ្ឌិត​សម​ រង្ស៊ី​ ចូល​បំភ្លឺ​ រឿង​ញុះញង់​ឱ្យ​កងទ័ព​ប្រឆាំង​រាជរដ្ឋាភិបាល​

ភ្នំពេញ​៖ លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កោះ​ហៅ​ទណ្ឌិត​ សម​ រង្ស៊ី​ ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​មករា​ ឆ្នាំ​២០១៨​ ខាងមុខ​នេះ​ ពាក់ព័ន្ធ​ការញុះញង់​ឱ្យ​កងទ័ព​ប្រឆាំង​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

លោក​វង្ស​ ភក្តី​ មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​មេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ​ កាលពី​ព្រឹក​ថ្ងៃ​ទី​០៧​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ដាក់​បណ្តឹង​ព្រហ្មទណ្ឌ​ប្តឹង​ទណ្ឌិត​សម​ រង្ស៊ី​ ដែល​ញុះញង់​ឱ្យ​កងទ័ព​ប្រឆាំង​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​ មេធាវី​ ជឿជាក់​ថា​ ភស្តុតាង​ទាំងអស់​ គឺ​ គ្រប់គ្រាន់​ឱ្យ​តុលាការ​ចាត់​ការ​ផ្លូវ​ច្បាប់​ចំពោះ​ទណ្ឌិត​ សម​ រង្ស៊ី​ បាន​ ។

នៅក្នុងពាក្យបណ្តឹងបានរៀបរាប់ថា​ “​នៅអំឡុងដើមខែធ្នូ ឆ្នាំ២០១៧​ ឈ្មោះ សម រង្ស៊ី បានញុះញង់​ឱ្យ​កងកម្លាំងកុំ​ឱ្យ​ស្តាប់បញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើត​ចេញពីការបោះឆ្នោត និងបានប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ព្រមទាំងធ្វើ​ឱ្យ​ខូចទឹកចិត្តកងទ័ព ដែលអំពើនេះធ្វើ​ឱ្យ​ប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ដែលជាបទល្មើសចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាកំពុងអនុវត្ត”។

សូម​បញ្ជាក់​ថា​ កាលពី​រសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧​នាយឧត្តមសេនីយ៍ ប៉ុល​ សារឿន បានថ្លែងនៅក្នុង​សន្និសីទ​សារព័ត៌មាន​ ថា កងយោធពលខេមរភូមិន្ទមិនចង់ទារសំណងនោះឡើយ គឺ​ចង់ឱ្យដាក់ទោស ទៅតាមច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត​ចំពោះ​ទណ្ឌិត​ សម​ រង្ស៊ី​ ។

នាយ​ឧត្ដមសេនីយ៍​ ប៉ុល សារឿន អះអាងទៀតថា កងយោធពលខេមរភមិន្ទ មិនសុខចិត្តចំពោះការអំពាវនាវរបស់ លោក សម រង្ស៊ី ឡើយ។ លោកថ្លែងថា ការអំពាវនាវនេះ បានធ្វើឱ្យខុសវិន័យ និងលក្ខន្តិកៈកងទ័ព និងរដ្ឋធម្មនុញ្ញ ហើយកងទ័ពត្រូវតែតស៊ូតាមផ្លូវច្បាប់ ចំពោះករណីនេះ។

ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវឱ្យកងទ័ពបង្វែកាណុងមកលើ រាជរដ្ឋាភិបាល ហើយបង្គាប់ឱ្យកងទ័ពឈប់គាំទ្រសម្តេចតេជោ ហ៊ុន សែន៕ ចេស្តា​