ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

តុលាការ​គួរ​មាន​វិធាន​ការ​ផ្លូវ​ច្បាប់​ ចំពោះ​ម្ចាស់​សិប្បកម្ម​ផលិត​គ្រឿង​ទេស​មួយ​កន្លែង​ក្នុង​ខណ្ឌ​ដង្កោ​ ដែលផលិតផលមាន​ផល​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​

ភ្នំពេញ​៖​សិប្បកម្ម​ផលិត​គ្រឿង​ទេស​មួយ​កន្លែង​ក្នុង​ខណ្ឌ​ដង្កោ​ ត្រូវ​បាន​បិទ​ជា​បណ្ដោះ​អាសន្ន​ហើយ​ កាលពី​ល្ងាច​ថ្ងៃ​ទី​០១​ ខែមីនា​ ឆ្នាំ​២០១៨​ បន្ទាប់ពី​រកឃើញ​ថា​ ផលិតផល​មួយ​ចំនួន​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ ។ ជាមួយ​គ្នា​នេះ​ ប្រជាពលរដ្ឋ​ស្នើ​ដល់​តុលាការ​ មេត្តា​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​ទីតាំង​ផង​ ពោលគឺ​កុំ​បិទ​តែ​សិប្បកម្ម​ ហើយ​ទុក​ម្ចាស់​ទីតាំង​រត់ការ​បើក​វិញ​ នា​ពេល​ណាមួយនោះ​ ។

គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​) ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ូច ទូច អនុប្រធាន​លេខាធិការដ្ឋាន គ​.​ប​.​ផ​.​ក ដោយមាន​ការសម្របសម្រួល​ពី​លោក គុជ គឹម​ទ្បុ​ង ព្រះរាជអាជ្ញារង​អម​សា​ដំបូង​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំងចម្រុះ​ជាច្រើន​នាក់ ចុះ​ឆែកឆេរ​និង​បិទ​ទីតាំង​សិប្បកម្ម​ផលិត​គ្រឿងទេស​មួយកន្លែង តាម​ដីកា​បង្គាប់​របស់​តុលាការ​រាជធានី​ភ្នំពេញ ។

​ទីតាំង​សិប្បកម្ម​ដែល​ត្រូវបាន​បិទ​ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ ១៦៦​អា ផ្លូវលំ ខាងត្បូង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​បន្ទាប់ពី​សមត្ថកិច្ច​ឆែកឆេរ​រកឃើញ​ផលិតផល​មួយចំនួន ដូចជា ទឹកម្ទេស ទឹកសៀង ទឹក​សា​អ៊ីវ ទឹក​ប្រេងខ្យង​និង​សារធាតុ​ផ្សំ​មួយ​​ចំនួន ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​អ្នកប្រើប្រាស់ ទើប​សម្រេច ផ្អាក​ការធ្វើ​អាជីវកម្ម​របស់​សិប្បក​ម្ម​ខាងលើ​តែម្តង​។ ដោយឡែក​ចំពោះ ផលិតផល​ដែល​សម្រេច​រួចហើយនោះ សមត្ថកិច្ច​ជំនាញ មិន​អនុញ្ញាត​ឲ្យ​ដាក់តាំង​លក់ ចរាចរ​លើ​ទីផ្សារ​នោះ​ទ្បើ​យ និង​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​បន្តទៀត​៕​ ចេស្តា