ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ដោះលែង​ឧកញ៉ា​ជួប​ ច័ន្ទ​ ពាក់ព័ន្ធ​ការ​ចេញ​សែក​គ្មាន​សាច់​ប្រាក់​​ជាង​មួយ​លាន​ដុល្លារ​​ តែ​នីតិវិធី​បន្ត​ដដែល​​

ភ្នំពេញ​៖ លោក​ ស៊ិន​ វីរៈ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា​ នេះ​ អនុញ្ញាត​ឱ្យ​ឧកញ៉ា​ ជួប​ ច័ន្ទ​ ​ពាក់ព័ន្ធ​ការ​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ជាង​មួយ​លាន​ដុល្លារ​អាមេរិក​ ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​ តែ​នីតិវិធី​នៅ​បន្ត​ដដែល​ ។

មន្ត្រី​តុលាការ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ អះអាង​ថា​ មូលហេតុ​នៃ​ការ​ដោះលែង​នេះ​ គឺ​ ដោយសារ​យោង​លើ​”ដីកា​សម្រេច​រក្សា​ការពារ​ ស្តីពី​ការ​រឹបអូស​ជា​បណ្ដោះ​អាសន្ន​”​ លេខ​២៩៧”ង”ដ.រ​ ចេញ​ដោយ​លោក​ ហេង​ សុខណា​ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ចុះ​ថ្ងៃ​ទី​០៧​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ កន្លង​ទៅ​ ។

មន្ត្រី​ដដែល​ បន្ត​ថា​ យោង​តាម​ដីកា​សម្រេច​រក្សា​ការពារ​ ស្តីពី​ការ​រឹបអូស​ជា​បណ្ដោះ​អាសន្ន​ នេះ​ គឺ​សបញ្ជាក់​ឱ្យ​ឃើញ​ថា​ សែក​នេះ​ត្រូវ​បាន​អស់​សុពលភាព​ហើយ​ ។​ ដូច្នេះ​ វា​មិន​អាច​បង្កើត​បានជា​បទល្មើស​ទេ​ ។​ ទោះបី​យ៉ាងណា​ មន្ត្រី​ដដែល​ សង្កត់​ធ្ងន់​ថា​ “ឧកញ៉ា​ ជួប​ ច័ន្ទ​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​មែន​ តែ​នីតិវិធី​តុលាការ​នៅ​ដដែល​ “​ ។

ឧកញ៉ា​ ជួប​ ច័ន្ទ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​កាលពី​ព្រលប់​ថ្ងៃ​ទី​១២​ ខែ​កញ្ញា​ ពាក់ព័ន្ធ​ការ​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ជាង​មួយ​លាន​ដុល្លារ​ តាម​ការ​ឯកភាព​ឱ្យ​ឃាត់ខ្លួន​របស់​លោក​ ស៊ិន​ វីរៈ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។

NKD-36x6_outline

ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ លោក លីវ វុទ្ធី តំណាង​ឱ្យ​ក្រុមហ៊ុន គឹម កៅ ដែលជាកូនប្រុសលោកឧកញ៉ា គឹម ហាប់​ បាន​ដាក់ពាក្យប្តឹង​ឧកញ៉ា ជួប ច័ន្ទ ពីបទចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ចំនួនជាងមួយ​លានដុល្លារអាមេរិក ។

ប្រភពបន្តថា​ ករណីចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់នេះគឺ ឧកញ៉ា ជួប ច័ន្ទ បានរកស៊ីជាមួយ ក្រុមហ៊ុនលោកឧកញ៉ា គឹម កៅ លើទឹកប្រាក់ប្រមាណ៣លានដុល្លារអាមេរិក។ ប៉ុន្តែក្រោយមក លោកឧញ៉ា គឹម កៅ បានទារប្រាក់នេះវិញ ទើបឧកញ៉ា ជួប ច័ន្ទ ចេញសែកឲ្យទៅឧកញ៉ា គឹម កៅ ដែល​មានទឹកប្រាក់ជាងមួយ​លានដុល្លារអាមេរិក ដោយបានកំណត់​ ឱ្យ​ទៅបើកនៅធនាគារនៅថ្ងៃទី៣០ ខែកក្កដាឆ្នាំ ២១០៧។

ប៉ុន្តែពេលភាគីឧកញ៉ា គឹម កៅ យកសែកទៅបើកលុយ ស្រាប់តែខាងធនាគារបញ្ជាក់មកវិញថាមូលប្បទានប័ត្រនេះគ្មានសាច់ប្រាក់ទេ ។ ក្រោយបានទទួលពាក្យបណ្តឹងរបស់​លោក លីវ វុទ្ធី​ រួចហើយ​ សមត្ថកិច្ចបានអញ្ជើញ ឧកញ៉ា ជួប ច័ន្ទ ឱ្យ​ចូលបំភ្លឺលើពាក្យបណ្តឹងនេះ​ ។​ ពេលឧកញ៉ា ជួប ច័ន្ទ ចូលបំភ្លឺក៏ត្រូវសមត្តកិច្ចឃាត់ខ្លួនតែម្តងដោយយោងតាមការឯកភាពពីលោកស៊ិន វិរៈ ព្រះរាជអាជ្ញារងអមសាលាដំបូង​រាជធានីភ្នំពេញ ៕ចេស្តា