ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​តម្រឹម​ទោស​ឱ្យ​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែនជ័យ​ ផ្ទុះ​អាវុធ​ស្លាប់​មនុស្ស​ស្លូត​ត្រង់​ម្នាក់​ មាន​សេរីភាព​វិញ​

ភ្នំពេញ​៖ ​លោក​រស់​ ពិសិដ្ឋ​ ចៅក្រម​ជំនុំជម្រះ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ បើក​សវនាការ​រឿង​ក្តី​នេះ​និង​ប្រកាស​សាលក្រម​ភ្លាម​តែម្ដង​ ដោយ​ពុំ​បង្អង់​ឡើយ។

ខ្លឹមសារ​នៃ​សាលក្រម​គឺ​សម្រេច​ផ្តន្ទា​ទោស​ជនជាប់ចោទ​ ចន​ វីរៈ​ ដាក់​ពន្ធនាគារ​មួយឆ្នាំ​ តែ​ទោស​នេះ​ត្រូវ​ព្យួរ​ទាំងអស់​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​”មនុស្ស​ឃាត​ដោយ​អចេតនា​”តាម​មាត្រា​២០៧នៃ​ក្រម​ព្រហ្មទណ្ឌ​  ទៅលើ​លោក​អនុ​សេនីយ៍​ត្រី​ ចន​ វីរៈ​ ប៉ូលិស​ផ្នែក​អន្តរាគមន៍​នៃ​អធិដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ ដែល​ផ្ទុះ​អាវុធ​បណ្តាល​ឱ្យ​មនុស្ស​ស្លូត​ត្រង់​ម្នា​ក់​ស្លាប់​ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​សង្វៀន​ជល់មាន់​ នោះ​ ឥឡូវ​នេះ​ មាន​សេរីភាព​ឡើងវិញ​ហើយ​ ។

មន្ត្រី​តុលាការ​ ពន្យល់​ថា​ ក្នុង​ករណី​ដែល​ជនជាប់ចោទ​ចន​ វីរៈ​ គ្មាន​ជាប់​បទល្មើស​ផ្សេង​ទៀត​ទេ​ ជន​នេះ​នឹង​ត្រូវ​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ ក្រោយ​ជាប់​ឃុំ​ត្រឹម​២០ថ្ងៃ​ប៉ុណ្ណោះ​ ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ កម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាបទីតាំង និងក្រុមអ្នកញៀនល្បែងបញ្ជល់មាន់មួយកន្លែង នៅក្រោយផ្សារកាណាសុីធី ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ២ ។

កិច្ចបង្ក្រាបនោះសមត្តកិច្ចបានផ្ទុះអាវុធ ឡើងលើជាច្រើនគ្រាប់ បណ្តាល​ឱ្យ​ត្រូវបុរសម្នាក់កំពុងឈរពីលើផ្ទះ មើលគេ លេងល្បែងបញ្ជល់មាន់ ស្លាប់ពេលកំពុងដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ជនរងគ្រោះឈ្មោះ សៀក រ៉ន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ៕ ចេស្តា