ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ពុំ​ទាន់​សម្រេច​ដោះលែង​និង​លើក​លែង​ការ​ចោទប្រកាន់​ លោក​កឹម​ សុខា​ តាម​ការ​ស្នើ​សុំ​របស់​ក្រុម​មេធាវី​ទេ

ភ្នំពេញ​៖ រហូត​មក​ទល់​ពេលនេះ​ ទាំង​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ នៅ​ពុំ​ទាន់​សម្រេច​ដោះលែង​និង​លើក​លែង​ការ​ចោទប្រកាន់​លោក​កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ជាប់​ចោទ​បទ​”ក្បត់ជាតិ​”​ តាម​ការ​ស្នើ​សុំ​របស់​ក្រុម​មេធាវី​នោះទេ​ ។

មេធាវី​មួយ​រូប​ គឺ​ លោក​ សំ​ សុគង់​ ថ្លែង​ថា​ រហូត​មក​ទល់​ពេលនេះ​ ទាំង​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ពុំ​ទាន់​សម្រេច​បែប​ណា​នៅ​ឡើយ​ទេ​ ហើយ​ខាង​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ក៏​ពុំ​ទាន់​កំណត់​ថ្ងៃ​សវនាការ​រឿង​មុន​អង្គសេចក្តី​នេះ​ដែរ​ ។​ លោក​មេធាវី​ថា”ក្រុមមេធាវីមិនមានជំនឿទេ តែមេធាវីធ្វើតាមនីតិវិធីច្បាប់”។

គួរ​បញ្ជាក់​ថា​ លោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​និង​ជា​អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​កញ្ញា​ ឆ្នាំ​២០២៧​ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ដោយ​​ចោទ​ប្រកាន់​ពី​​បទ​ល្មើស​”ក្បត់​ជាតិ​”ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១៥ឆ្នាំ​ទៅ​៣០ឆ្នាំ​ ។​

សេចក្តី​ថ្លែង​ការណ៍​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បង្ហាញ​ថា​ លោក​ កឹម​ សុខា​ ជាប់​ចោទប្រកាន់​ពី​បទ​”សន្ទិដ្ឋិភាព​ជាមួយ​បរទេស​”តាម​មាត្រា​៤៤៣នៃ​ក្រម​ព្រហ្មទណ្ឌ​​ ។

កាលពី​យប់រំលងអាធ្រាត្រចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ រាជរដ្ឋាភិបាល​កម្ពុជា​ ចេញសេចក្តីថ្លែងការណ៍ ជុំវិញការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធអំពីឃុបឃិតគ្នាជាសម្ងាត់ដោយប្រព្រឹត្តិក្បត់ជាតិ។

NKD-36x6_outline

រាជរដ្ឋាភិបាល សូមជម្រាបជូនថា តាមរយៈវិដេអូក្លីប ដែលត្រូវបានផ្សព្វផ្សាយដោយបណ្តាញ CBN (Cambodia Broadcasting Network) ដែលមានទីតាំងនៅអូស្រ្តាលី និងភស្តុតាងដទៃទៀត ដែលអាជ្ញាធរមានសមត្ថកិច្ចប្រមូលបាន គឺបានបង្ហាញឲ្យឃើញច្បាស់អំពីផែនការសម្ងាត់នៃ ការឃុបឃិតគ្នារវាងឈ្មោះ កឹម សុខា និងបក្សពួក ជាមួយបរទេស ដែលធ្វើឲ្យប៉ះពាល់ដល់ព្រះរាជាណាចក្រកម្ពុជា។ អំពីនៃការឃុបឃិតគ្នាជាសម្ងាត់ខាងលើនេះ គឺជាអំពើក្បត់ជាតិ ដែលមានចែងនិងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ (បទសន្ធិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

វិដេអូក្លីបនេះ ក៏កំពុងតែបន្តផ្សព្វផ្សាយរហូតមកដល់ពេលនេះផងដែរ។ បច្ចុប្បន្ននេះឈ្មោះ កឹម សុខា ស្ថិតនៅក្រោមការឃាត់ខ្លួន និងការចាត់ការតាមច្បាប់ ដោយស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នតុលាការ។

រាជរដ្ឋាភិបាល សូមអំពាវនាវឲ្យរក្សាស្ងប់ស្ងាត់ និងទុកករណីនេះ ជូនតុលាការដើម្បីចាត់ការបន្តជាសមត្ថកិច្ចស្របតាមច្បាប់ និងនីតិវិធីជាធរមាន។

លោក កឹម សុខា ប្រធានគណបក្ស សង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ ពាក់ព័ន្ធនឹងទង្វើក្បត់ជាតិ ដោយធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយគំរូនឹងប្រទេសយូហ្គោស្លាវី និងសើប៊ី។

លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅផ្ទះរបស់លោក ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ ការចាប់ខ្លួននេះមានអង្គរក្សរបស់លោក កឹម សុខា ប្រមាណ៨នាក់ផងដែរ។

ការចាប់ខ្លួនលោក កឹម សុខា នៅពេលនេះធ្វើឡើងបន្ទាប់ពីវីដេអូមួយ ដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បាននិយាយសារភាពកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ នៅប្រទេសអូស្រ្តាលីថា ខ្លួនបានធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូទៅនឹងប្រទេសយូហ្គោស្លាវី និងសើប៊ីដែរ៕ ចេស្តា