ព័ត៌មានទាន់ហេតុការណ៍៖

តើតំបន់ភាគពាយ័ព្យមានសក្តានុពលយ៉ាងដូចម្តេចលើវិស័យអចលទ្រព្យ

ខ្សែរថភ្លើងពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាងកកប្រទេសថៃទំនងវាមិនត្រឹមតែជាការស្រម័យទេ ព្រោះបណ្តាញផ្លូវដែកដែលចាស់ទ្រុឌទ្រោមនិងខូចខាតដោយសារសង្រ្គាមនេះ បាននិងកំពុងជុសជុលឡើងវិញហើយដើម្បីភ្ជាប់បណ្តាញផ្លូវដែកពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ក្រុងបាងកកប្រទេសថៃ។

ការពង្រីកហេដ្ឋារចនាសម្ព័ន្ឋនេះជាផ្នែកមួយនៃការតភ្ជាប់សហគមន៍សេដ្ឋកិច្ចអាស៊ាននិងគោលនយោបាយផ្លួវសូត្រ(ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ)នៃមហាយក្សចិនហើយប្រទេសកម្ពុជានិងប្រទេសថៃកំពុងចាប់ផ្តើមធ្វើការជាមួយគ្នាកាន់តែសកម្មជាងមុនដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ ក៏ដូចជាធ្វើឲ្យសហគមន៍សេដ្ឋកិច្ច សង្គមវប្បធ៌មអាស៊ានកាន់តែរសរវើក។

លោកវ៉ា ស៊ីមសូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការនិងដឹកជញ្ជូនបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថាការតភ្ជាប់ផ្លូវដែករវាងក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែតបានបញ្ចប់កាលពីខែកុម្ភៈកន្លងមកនេះ។ ចំណែកការសាងសង់ផ្លូវពីក្រុងសិរីសោភ័ណក្នុងខេត្តបន្ទាយមានជ័យ មកកាន់ក្រុងបាត់ដំបង និងឆ្ពោះពីក្រុងបាត់ដំបងមកកាន់ ជាយរាជធានីភ្នំពេញអាចបញ្ចប់ចុងឆ្នាំនេះឬឆ្នាំ២០១៩ខាងមុខនេះ។

តាមគម្រោងសម្តេចហ៊ុន សែននឹងជិះរថភ្លើងចេញពីក្រុងសិរីសោភ័ណទៅចាប់ដៃគ្នាជាមួយនាយករដ្ឋមន្រ្តីប្រាយុទ្ឋចាន់អូចានៅព្រំដែនមិត្តភាពកម្ពុជា ថៃប៉ោយប៉ែតនៅក្នុងឆ្នាំនេះប៉ុន្តែគំរោងនេះទំនងជាពន្យាពេលដោយសារការស្តារនិងស្ថាបនាផ្លូវរថភ្លើងឡើងវិញមិនចប់តាមពេលវេលាកំណត់។

តាមការប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោក ស៊ុនចាន់ថុលបានឲ្យដឹងថា ខ្សែរថភ្លើងពីក្រុងសិរីសោភ័ណ្ឌ ទៅកាន់ក្រុងប៉ោយប៉ែតនឹងដំណើរការមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកលី បូរិនអនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថាពិភពលោកកំពុងងាកមកប្រើប្រាស់ការដឹកជញ្ជូនតាមរថភ្លើងព្រោះអាចដឹកទំនិញធុនធ្ងន់បាន និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរព្រោះការដឹកជញ្ជូនតាមរថភ្លើងមួយលើក ស្មើនឹងការដឹកជញ្ជូនតាមរថយន្តស្មើ១០០ទៅ២០០ឡាន”។

លោកបន្តថា “រហូតមកទល់ពេលនេះ ប្រទេសថៃបានផ្តល់ក្បាល និងទូរថភ្លើងជូនយើងហើយ រង់ចាំតែពេលកម្ពុជាសាងសង់ផ្លូវរថភ្លើងរួចប៉ុណ្ណោះ”។

ក្រៅពីការតភ្ជាប់ផ្លូវរថភ្លើងជាមួយប្រទេសថៃកម្ពុជាខ្លួនឯងក៏បាននិងកំពុងស្តារពង្រីកផ្លូវជាតិលេខ៥ពីរាជធានីភ្នំពេញទៅកាន់ក្រុងប៉ោយប៉ែតផងដែរ។

លោកឈឹមផល្លាប្រធានាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងសាធារណៈការនិងដឹកជញ្ជូនបានឲ្យដឹងថាគម្រោងពង្រីកផ្លូវជាតិលេខ៥ ពីតំបន់ព្រែកក្តាមទៅកាន់ក្រុងប៉ោយប៉ែតនឹងត្រូវពង្រីកទំហំ២៣ម៉ែត្រ ដែលអាចឲ្យរថយន្តបើកបានពីរខ្សែម្ខាងៗព្រោះផ្លូវនេះមានសួនច្បារពុះចំកណ្តាលទ្រូវផ្លូវ។

ផ្លូវនេះនឹងសាងសង់ជាបីដំណាក់កាល ដោយដំណាក់កាលទី១ នឹងចាប់ ផ្តើមពីក្រុងបាត់ដំបងទៅកាន់ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដំណាក់កាលទី២ចេញពីតំបន់ព្រែមក្តាម ក្នុងស្រុកពញ្ញាលឺខេត្តកណ្តាលទៅកាន់ខេត្តពោធិសាត់និងដំណាក់កាលទី៣ ចាប់ផ្តើមពីខេត្តពោធិសាត់ដល់ក្រុងបាត់ដំបងនិងពីសរីសោភ័ណដល់ ក្រុងប៉ោយប៉ែត។

NKD-36x6_outline

លោកឈឹម ផល្លាបន្តថា “ការសាងសង់ផ្លូវនេះនឹងបញ្ចប់នៅឆ្នាំ២០២១ខាងមុខនេះ”។លោកបន្តថា “វាជាផ្លូវដ៏មានសារៈសំខាន់ព្រោះផ្លូវនេះជាផ្លូវតភ្ជាប់រវាងប្រទេសថៃ មកកាន់កម្ពុជាឆ្ពោះទៅកាន់ប្រទេសវៀតណាម”។

រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្មលោកហេង សុខគង់បានថ្លែងថារដ្ឋាភិបាលគ្រោងរៀបចំតំបន់ឧស្សាហកម្មនិងសួនឧស្សាហកម្មនៅតាមបណ្តោយផ្លូវជាតិលេខ៥ដើម្បីទទួលបានផលប្រយោជន៍ពីការដឹកជញ្ជូនទំនិញឆ្លងកាត់តាមបណ្តោយផ្លូវនេះព្រោះកម្ពុជាស្ថិតនៅចំណុចកណ្តាលរវាងប្រទេសធំពីរក្នុងតំបន់គប្រទេសវៀតណាមនិងប្រទេសថៃ។

ថ្នាក់ដឹកនាំខេត្តនៅតាមបណ្តោយផ្លូវ ស្ថិតនៅតំបន់ភូមិភាគពាយ័ព្យនេះកំពុងរីករាយនឹងមនុញ្ញផលនេះ។

លោកងួន រតនៈអភិបាលខេត្តបាត់ដំបងបានថ្លែងថា ការតភ្ជាប់ផ្លូវដែកនេះបានផលប្រយោជន៍ច្រើនណាស់ព្រោះបណ្តាញផ្លូវនេះនឹងជួយសម្រាលការដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ៥និងអាចដឹកជញ្ជូនកម្រិតធ្ងន់បានច្រើន កាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍និងអាចជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។លោកបន្តថាកាលពីជំនាន់ទសវត្សរ៍ទី៨០ បើធ្វើដំណើរពីក្រុងបាត់ដំបងមកកាន់រាជធានីភ្នំពេញត្រូវដេកផ្លូវរហូតដល់ពីរយប់។

លោកបន្តថា “ប្រសិនជារថភ្លើងដាក់ដំណើរការ អាចរត់ក្នុងល្បឿនលឿននឹងមានមនុស្សធ្វើដំនើរច្រើនហើយខេត្តនឹងទទួលបានផលប្រយោជន៍ច្រើនពីការឆ្លងកាត់នេះនាពេលអនាគត”។

លោកសន សៀបស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate បានថ្លែងថានៅតាមបណ្តោយផ្លូវជាតិលេខ៥ នាតំបន់ភូមិភាគពាយ័ព្យគឺក្រុងបាត់ដំបងនិងក្រុងប៉ោយប៉ែត ជាតំបន់មានសក្តានុពលនិងទាក់ទាញជាងគេ។ចំណែកក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យគ្រាន់តែជាតំបន់ឆ្លងកាត់ប៉ុណ្ណោះ។លោកបន្តថា ក្រុងបាត់ដំបងជាក្រុងមានសក្តានុពល និងជាតំបន់មានការអភិវឌ្ឍលំដាប់ទី៤បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តសៀមរាប និងក្រុងព្រះសីហនុដូច្នេះប្រសិនជាមានខ្សែរថភ្លើងភ្ជាប់ជាមួយភូមិភាគនេះវាជួយសម្រួលការតភ្ជាប់និងការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃកាន់តែរសរវើកថែមទៀត។

លោកបន្តថា “តំបន់ភូមិភាគពាយ័ព្យនឹងមានការរីកចំរើនខ្លាំងខណៈតំលៃដីធ្លីបានឡើងថ្លៃបន្តិចម្តងៗ ប្រកបដោយភាពលំនឹងរួចហើយវាមិនហក់ឡើងខ្ពស់ខ្លាំងនោះទេ”។លោកបន្តថា “ខ្ញុំមិននិយាយថាវានឹងក្លាយជាតារារះឡើងនៅភូមិភាគពាយ័ព្យឬយ៉ាងណានោះទេព្រោះតំបន់នេះមានសក្តានុពលលើកសិឧស្សាហកម្ម។វាមិនមានសក្តានុពលលើវិស័យទេសចរណ៍ដូចក្រុងព្រះសីហនុ និងខេត្តសៀមរាបនោះទេ”៕

ប្រភពៈpropertyarea.asia