ព័ត៌មានទាន់ហេតុការណ៍៖

តើលោក ត្រាំ កំពុងធ្វើឲ្យអាមេរិកខ្លាំងជាងមុនឬ?

តើអាមេរិកកំពុងតែខ្លាំង ហើយរីកចម្រើនជាងមុន ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ឬក៏អាមេរិកកំពុងតែមានវិវាទផ្ទៃក្នុង ដោយសារតែគោលនយោបាយ អាត្មានិយមរបស់លោក ត្រាំ? ប៉ុន្តែក្រុមអ្នកវិភាគ បានលើកឡើងថា នយោបាយការបរទេសរបស់លោក ត្រាំ កំពុងតែធ្វើឲ្យអាមេរិកស្ថិតនៅ ឯកោដោយសារតែអាមេរិកគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន។

អាមេរិកកំពុងតែបាត់បង់សម្ពន្ធមិត្តបន្តិចម្តងៗ ក្រោយពេលដែលលោក ត្រាំ អនុវត្តដំឡើងពន្ធដល់ប្រទេសជាច្រើន ក្នុងនោះមានសម្ពន្ធមិត្តអឺរ៉ុប និង អាស៊ី។ ប៉ុន្តែពេលនេះ លោក ត្រាំ បានកោតសរសើរដល់សមិទ្ធផលផ្សេងៗជាច្រើន ដែលលោកសម្រេចបាន ក្នុងរយៈពេល១ឆ្នាំដែលលោកកាន់អំណាច បើទោះបីមានការរិះគន់លោកជាច្រើន ទាំងអ្នកនយោបាយនៅអាមេរិក និងធ្វើឲ្យមន្ត្រីជាច្រើនបានសម្រេចលាលែងពីតំណែង។

បើទោះបីមានការមិនពេញចិត្តពីមន្ត្រីក្នុងជួរគណបក្សសាធារណរដ្ឋ កាន់អំណាច ប៉ុន្តែលោក ត្រាំ បានបង្ហាញពីភាពជឿជាក់ថាលោកនឹងបន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី មួយអាណត្តិទៀត។ នៅពេលនេះ លោក ត្រាំ បានបង្កើនពាក្យស្លោកសម្រាប់បេក្ខភាពប្រធានាធិបតីសម្រាប់អាណត្តិទី២របស់លោក គឺ «Keep America Great (បន្តរក្សាអាមេរិកឲ្យនៅអស្ចារ្យដដែល)» ដោយឈរលើពាក្យស្លោក នៃយុទ្ធការបោះឆ្នោតរបស់លោកកាលពីឆ្នាំ២០១៦ «Make America Great Again (ធ្វើឲ្យអាមេរិកមានភាពអស្ចារ្យម្តងទៀត)» ហើយលោកក៏បានកោតសរសើរស្នាដៃដឹកនាំប្រទេសរបស់លោក ក្នុងរយៈពេលជាង១ឆ្នាំនេះផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨។

ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅឯរដ្ឋភែនស៊ីលវែនៀ (Pennsylvania) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ពាក្យស្លោកថ្មីរបស់ខ្ញុំ នៅពេលពួកយើងចាប់ផ្តើមយុទ្ធនាការបោះឆ្នោតនា២ឆ្នាំខាងមុខ គឺ «Keep America Great»។ យើងមិនអាចបន្តនិយាយថា «Make America Great Agian» ទៀតនោះឡើយ ពីព្រោះថាខ្ញុំបានសម្រេចរឿងនេះហើយ។

ការលើកឡើងបែបនេះ ធ្វើឡើងស្របពេលដែលលោក ត្រាំ បានថ្លែងកោតសរសើរអំពីសមិទ្ធផលរបស់ខ្លួន នៅក្នុងអំឡុងពេលជាង១ឆ្នាំកន្លងទៅ រួមមានការបន្ធូរបន្ថយពន្ធ, ការស្ទុះឡើងនៃទីផ្សារហ៊ុន និងចំនួនដ៏ប្រសើរនៃអ្នកមានការងារធ្វើជាដើម។

គួរជម្រាបថា លោក ដូណាល់ ត្រាំ បានបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់ នៅក្នុងអាណត្តិដឹកនាំបន្ទាប់របស់លោក ដោយបានប្រកាសពីការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីជាលើកទី២ នៅក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំ អាមេរិកឆ្នាំ២០២០ តាមរយៈការជ្រើសរើសអតីតទីប្រឹក្សាយុទ្ធនាការបោះឆ្នោតរបស់លោក គឺលោក ប្រ៊ែដ ផាស្កាល់ (Brad Parscale) ជាប្រធានគ្រប់គ្រងយុទ្ធនាការថ្មីរបស់លោក កាលពីចុងខែកុម្ភៈ គឺលឿនជាងអតីតប្រធានាធិបតីអាមេរិកទាំងអស់៕ ម៉ែវ សាធី