ព័ត៌មានទាន់ហេតុការណ៍៖

តោខៀវ Chelsea កាន់តែអស់សង្ឃឹមក្រោយTottenham ទទួលបាន៣ពិន្ទុពី Watford

មាន់ខ្មាយមាស Tottenham Hotspur បានយកឈ្នះក្រុម Watford ២-០ កាលពីរាត្រីថ្ងៃទី៣០ ខែមេសា ក្នុងការប្រកួតសប្ដាហ៍ទី៣៥ នៃក្របខ័ណ្ឌកំពូលរបស់អង់គ្លេស Premier League ដើម្បីដាច់ក្រុមលេខ៥តោខៀវ Chelsea ចំនួន៥ពិន្ទុ។

ជ័យជម្នះនេះធ្វើឲ្យក្រុម Tottenham Hotspur មាន៧១ពិន្ទុចាញ់ក្រុមលេខ៣តែ១ពិន្ទុប៉ុណ្ណោះ ខណៈដែលតោខៀវ Chelsea ឈរចំណាត់ថ្នាក់លេខ៥មាន៦៦ពិន្ទុ។ លទ្ធផលនេះធ្វើឲ្យក្រុម តោខៀវកាន់តែមានសង្ឃឹមតិចដើម្បីប្រជែងយកតំណែង Top 4 ដើម្បីមានកៅអីប្រកួតក្នុង ក្របខ័ណ្ឌកំពូលអឺរ៉ុប Champions League នៅរដូវកាលក្រោយ។

ពីរគ្រាប់របស់ក្រុមម្ចាស់ផ្ទះ Tottenham Hotspur រកបានដោយកីឡាករខ្សែបម្រើប្រយុទ្ធសញ្ជាតិអង់គ្លេស Dele Alli នៅនាទីទី១៦ និងគ្រាប់ទី២ រកបានដោយកខ្សែប្រយុទ្ធ Harry Kane នៅនាទីទី៤៨។ ចប់ការប្រកួតក្រុមម្ចាស់ផ្ទះយកឈ្នះក្រុមភ្ញៀវ ២-០ ដើម្បីបន្តឈរនៅក្នុងប្រអប់ Top 4 របស់អង់គ្លេស ។

ក្រុម Tottenham Hotspur នឹងត្រូវប្រកួតជាមួយក្រុម West Brom នៅថ្ងៃទី៥ ខែឧសភា ខណៈក្រុមតោខៀវ នឹងត្រូវប៉ះជាមួយក្រុមខ្លាំង Liverpool នៅថ្ងៃទី៥ ខែឧសភាដូចគ្នាដើម្បីប្រជែងយក៣ពិន្ទុដែលនៅសល់តែ៣ប្រកួតទៀតនឹងចប់រដូវកាល ៕ ដេវីត