ព័ត៌មានទាន់ហេតុការណ៍៖

តំណាងកម្ពុជានៅ អ.ស.ប. ប្រាប់ឧត្តមស្នងការសិទ្ធិមនុស្សថា សិទ្ធិមនុស្សនិងប្រជាធិបតេយ្យចាក់ឫសយ៉ាងជ្រៅនិងទូលំទូលាយនៅកម្ពុជា

ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហ ប្រជាជាតិ និងអង្គការអន្តរជាតិនានា ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វុីសបានគូសបញ្ជាក់ទៅឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (OHCHR)ថា អត្រាប្រជាពលរដ្ឋចេញទៅបោះឆ្នោតប្រមាណ៨៣,០២ភាគរយកាល ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ បានបង្ហាញយ៉ាងច្បាស់ថា សិទ្ធិមនុស្សនិងប្រជាធិបតេយ្យបានចាក់ឫសយ៉ាងជ្រៅនិងរីកចម្រើនយ៉ាងទូលំទូលាយនៅក្នុងសង្គមកម្ពុជាដែល OHCHR គួរតែអបអរសាទរ កោតសរសើរនិងលើកទឹកចិត្តបន្ថែមទៀត។

ការបញ្ជាក់របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិបានធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យ ការិយាល័យ OHCHR លោកស្រី Ravina Shamdasani កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៨កន្លងទៅបានចេញសេចក្តីថ្លែង ការណ៍បង្ហាញក្តីបារម្ភពីស្ថានការណ៍សិទ្ធិមនុស្សពាក់ព័ន្ធការបោះឆ្នោតនៅកម្ពុជា។

ក្នុងលិខិតនេះតំណាងរបស់កម្ពុជានៅអង្គការសហប្រជាជាតិបានគូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីខែមុនមានគណបក្សនយោបាយចំនួន ២០ដែលមាននិន្នាការនយោបាយខុសៗ គ្នាបានចូលរួមប្រកួតប្រជែងយកអាសនៈទាំង១២៥នោះទទួលបានការសាទរថា ជា ព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ប្រទេស កម្ពុជា ។

តំណាងរបស់កម្ពុជាក៏បានសម្តែងការ សោកស្តាយចំពោះ OHCHR ដែលគ្រាន់តែផ្អែកលើអវត្តមានអតីតគណបក្សនយោបាយមួយគឺអតីតគណបក្សសង្គ្រោះជាតិ បែរជាមើលឃើញបរិយាកាសសិទ្ធិមនុស្សជុំវិញការបោះឆ្នោតនៅកម្ពុជាជាទឹកកន្លះកែវដែលខ្វះបន្តិចទៀតក្លាយជាកែវទទេទៅវិញ។ តំណាងរបស់កម្ពុជាបានហៅការលើកឡើងរបស់ OHCHRនេះជាការមើលរំលងនូវការខំប្រឹងប្រែងរបស់គណបក្ស នយោបាយចំនួន២០ផ្សេងទៀត ព្រមទាំងចំណេះដឹងផ្នែកសិទ្ធិមនុស្សប្រកបដោយភាពចាស់ទុំរបស់ប្រជាជនកម្ពុជា ។

សេចក្តីប្រកាសព័ត៌មានប្រតិកម្មទៅ នឹងសេចក្តីថ្លែងការណ៍របស់OHCHR ដែលមានខ្លឹមសារថា ផ្អែកតាមសេចក្តីថ្លែង ការណ៍សង្ខេបចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៨ របស់លោកស្រី Ravina Shamdasani អ្នកនាំពាក្យការិយាល័យឧត្តមស្នង ការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (OHCHR) នៅទីក្រុងហ្សឺណែវ ស្ថានបេសក កម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា

ប្រចាំមន្ទីរអង្គការសហប្រជាជាតិនៅទីក្រុង ហ្សឺណែវមានកិត្តិយសសូមបំភ្លឺទាំងអង្គ ហេតុ និងអង្គច្បាប់លើការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ OHCHR មក លើស្ថានការណ៍សិទ្ធិមនុស្សពាក់ព័ន្ធនឹង ការបោះឆ្នោតនៅកម្ពុជាដូចខាងក្រោម៖

ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ កាលពីខែមុនដែលក្នុងនោះមាន​គណបក្ស នយោបាយចំនួន២០ ដែលមាននិន្នាការ នយោបាយខុសៗគ្នាបានចូលរួមប្រកួត ប្រជែងយកអាសនៈទាំង១២៥នោះ ទទួល បានការសាទរថា ជាព្រឹត្តិការណ៍ដែលមិន ធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្រ្តសម័យ ទំនើបរបស់កម្ពុជា។ ៨៣,០២ភាគរយនៃ អ្នកចុះឈ្មោះបោះឆ្នោតបានចូលរួមបោះ ឆ្នោត។ ដំណើរការបោះឆ្នោតបានប្រព្រឹត្ត ទៅប្រកបដោយសណ្តាប់ធ្នាប់ និងសន្តិ ភាព។ កត់សម្គាល់ឃើញថា មិនមានការ បញ្ជាក់ ឬអះអាងជាផ្លូវការដោយគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតក៏ដូច ជាអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិថា មានព្រឹត្តិការណ៍មិនល្អណាមួយកើតឡើង ឡើយដូចជា ការគំរាមកំហែង ការបង្ក របួសស្នាមជាដើម។ ជាលទ្ធផលមិនមាន ការដាក់ពាក្យបណ្តឹងប្រឆាំងលទ្ធផលបោះ ឆ្នោតផ្លូវការដែលផ្សព្វផ្សាយកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២១០៨ឡើយ ។

ចំន​ួនអ្ន​កចូលរួមបោះឆ្នោតខ្ពស់ ដំណើរ ការដោយរលូន និងគ្មានអំពើហិង្សាទាំង មុន ក្នុងអំឡុងពេល និងក្រោយថ្ងៃបោះ ឆ្នោត បង្ហាញយ៉ាងច្បាស់ថា សិទ្ធិមនុស្ស និងប្រជាធិបតេយ្យបានចាក់ឫសយ៉ាងជ្រៅ និងរីកចម្រើនយ៉ាងទូលំទូលាយនៅក្នុង សង្គមកម្ពុជាដែល OHCHR គួរតែអបអរ សាទរ កោតសរសើរ និងលើកទឹកចិត្ត បន្ថែមទៀត ។

ជាអកុសលទោះជាយ៉ាងណាក៏ដោយ ដោយគ្រាន់តែផ្អែកទៅលើអវត្តមានអតីត គណបក្សនយោបាយមួយ OHCHR មើល ឃើញបរិយាកាសសិទ្ធិមនុស្សជុំវិញការ បោះឆ្នោតនៅកម្ពុជា ជាទឹកកន្លះកែវដែល ខ្វះបន្តិចទៀតនឹងក្លាយជាកែវទទេ ដោយ មើលរំលងនូវការខិតខំប្រឹងប្រែងរបស់គណបក្សនយោបាយចំនួ​ន២០ផ្សេងទៀត ព្រម ទាំងចំណេះដឹងផ្នែកសិទ្ធិមនុស្សប្រកប ដោយភាពចាស់ទុំរបស់ប្រជាជនកម្ពុជា។ លើសពីនេះទៅទៀតដោយទទួលឥទ្ធិពល ពីព័ត៌មានដែលមានលក្ខណៈនយោបាយ និង/ឬផ្អែកលើប្រភពដោយមិនមានការ បញ្ជាក់ត្រឹមត្រូវ OHCHR បានចោទប្រកាន់ ថា រាជរដ្ឋាភិបាលបានប្រើប្រាស់វិធានការ ផ្លូវច្បាប់ដើម្បីបន្ថយសេរីភាពនៃការបញ្ចេញ មតិ ជាពិសេសពាក់ព័ន្ធនឹងអ្នកដែលអំពាវ នាវឲ្យមានពហិការក្នុងការបោះឆ្នោត ។

ផ្អែកតាមការយល់ឃើញខាងលើ និង ដើម្បីជាប្រយោជន៍ដល់ភាពយុត្តិធម៌ OHCHR គួរតែពិនិត្យប្រកបដោយភាព សុចរិតនូវមាត្រា១៤២នៃច្បាប់ស្តីពីការ បោះឆ្នោតជ្រើសតាំងតំណារាស្ត្រដែល ចែងថា ជនណាដែលតាមគ្រប់មធ្យោបាយ ទុច្ចរិត រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិ បោះឆ្នោតមិនឲ្យទៅបោះឆ្នោត ឬធ្វើឲ្យ មានការភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្តលើ ការបោះឆ្នោតត្រូវទទួលការផាកពិន័យជា ប្រាក់ពីប្រាំលានរៀលទៅម្ភៃលានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌ ផ្សេងទៀត។ បញ្ញត្តិនេះគឺជាគំរូច្បាប់ដែល មិនអាចបដិសេធបាននៃការអនុវត្តសេរី ភាពបញ្ចេញមតិ។ ការប្រើប្រាស់សេរីភាព នៃការបញ្ចេញមតិតម្រូវឲ្យមានករណីយ កិច្ចនិងការទទួលខុសត្រូវពិសេស ដោយ ពិចារណាទៅលើសិទ្ធិរបស់អ្នកដទៃ សន្តិ សុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈដូច មានចែងក្នុងមាត្រា១៩នៃកតិកាសញ្ញាអន្តរ ជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលកម្ពុជាជាភាគីកតិកាសញ្ញានោះ។

ដូចនេះហើយស្ថានបេសកកម្មអចិន្ត្រៃយ៍ សូមបញ្ជាក់ម្តងទៀតថា ស្របតាមច្បាប់ ធរមាន ការផ្តន្ទាទោសត្រូវអនុវត្តចំពោះ ជនដែលធ្វើឲ្យប៉ះពាល់សិទ្ធិអ្នកដទៃ ឬ បំផ្លាញទំនុកចិត្តរបស់សាធារណជនលើ ការបោះឆ្នោតដែលផ្ទុយទាំងស្រុងទៅនឹង ការអះអាងប្រកបដោយការបំភាន់របស់ OHCHR ។

ពាក់ព័ន្ធនឹងការអំពាវនាវឲ្យមានបរិយា កាសអនុគ្រោះដល់ការជជែកពិភាក្សា នយោបាយ និងគំនិតនយោបាយខុសគ្នា រាជរដ្ឋាភិបាលបានអញ្ជើញគ្រប់គណបក្ស នយោបាយទាំងអស់ដែលប្រកួតប្រជែង ក្នុងការបោះឆ្នោតឲ្យចូលរួមវេទិកាសន្ទនា ដើម្បីស្តាប់នូវការយល់ឃើញ និងកង្វល់ របស់ពួកគេ។ ធនធានបញ្ញារបស់ពួកគេ មានសារៈសំខាន់ណាស់សម្រាប់ជួយរាជ រដ្ឋាភិបាលក្នុងការដឹកនាំអាណត្តិរបស់ខ្លួន ហើយក៏នឹងមានការផ្តល់តួនាទីសំខាន់ៗ មួយចំនួនក្នុងស្ថាប័នរាជរដ្ឋាភិបាលថ្មីជូន ថ្នាក់ដឹកនាំគណបក្សនយោបាយទាំងនោះ ផងដែរ ។

ជាចុងក្រោយក្នុងនាមជាប្រទេសប្រជាធិបតេយ្យដែលគោរពសិទ្ធិមនុស្ស និងប្រកាន់ខ្ជាប់នូវនីតិរដ្ឋ ប្រជាពលរដ្ឋ កម្ពុជាគ្រប់រូបមានភាពស្នើគ្នាចំពោះមុខ ច្បាប់ដោយឥតប្រកាន់និន្នាការនយោបាយ មុខរបរ ឋានៈសង្គម ឬស្ថានភាពផ្សេង ទៀតឡើយ។ ជនជាប់ឃុំ និងអ្នកទោស គ្រប់រូបត្រូវបានចោទប្រកាន់ និងផ្តន្ទា ទោសដោយអំណាចតុលាការ មិនមែន ដោយសារពួកគាត់ជានរណានោះទេ ប៉ុន្តែ ដោយសារបទល្មើសដែលពួកគេបាន ប្រព្រឹត្តដោយខុសច្បាប់។ ដូចនេះការអំពាវ នាវឲ្យរាជរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំ ណាមួយ គឺមិនខុសគ្នាពីការអំពាវនាវឲ្យ រាជរដ្ឋាភិបាលជ្រៀតជ្រែកក្នុងអំណាច តុលាការដែលជាស្ថាប័នឯករាជ្យដែល ធានាដោយមាត្រា១២៨ និងមាត្រា១៣០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នោះទេ ៕