ព័ត៌មានទាន់ហេតុការណ៍៖

តំណាងរាស្ត្រនិងសកម្មជនបក្សសង្គ្រោះជាតិបរាជ័យការប៉ុនប៉ងចូលជួបលោក កឹម សុខា

ខេត្តត្បូងឃ្មុំ៖ ក្រុមតំណាងរាស្រ្ត និងសកម្មជនគណបក្សសង្គ្រោះជាតិប្រមាណ ២០នាក់កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ បានធ្វើដំណើរ និងជួបជុំគ្នានៅមុខ ពន្ធនាគារត្រពំាងប្លុងប៉ុនប៉ងចង់ចូលសួរសុខទុក្ខលោកកឹម សុខា ដែលកំពុងជាប់ឃុំឃាំងនៅ ទីនោះប៉ុន្តែមិនបានសម្រេចនោះទេដោយសារគ្មានការអនុញ្ញាតពីតុលាការ ។

ជាមួយគ្នានេះកម្លាំងសមត្ថកិច្ចរួមមាន កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងយោធា និងកម្លាំងប្រជាការពារជិត ៦០០នាក់ត្រូវបានដាក់ពង្រាយការពារ សន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងខ្លាំងនៅ ទីនោះ ។

ស្នងការនគរបាលខេត្តត្បូងឃ្មុំលោក ឧត្តមសេនីយ៍ទោ បែន រ័ត្ន បានឲ្យដឹងថា ក្រុមតំណាងរាស្រ្តដែលមានវត្តមាននៅខាង មុខពន្ធនាគារត្រពាំងប្លុងដែលមានចម្ងាយប្រមាណ២៥ម៉ែត្រពីរបងពន្ធនាគាររួមមាន លោកស្រី មូរ សុខហួរ, លោក ឡុង រី, លោក ប៉ុល ហំម, លោក ជាម ចាន់នី, លោក ម៉ៅ មុនីវណ្ណ, លោក រៀល ខេមរិន្ទ និងសកម្ម ជនជាង២០នាក់ប៉ុណ្ណោះ ។

NKD-36x6_outline

បើតាមលោកស្នងការពួកគេបានទៅ ដល់នៅវេលាម៉ោងប្រមាណ៩ព្រឹកនៅ ចម្ងាយប្រមាណ២៥០ម៉ែត្រពីច្រកចូល ពន្ធនាគារ ប៉ុន្តែការជួបជុំខាងលើនេះពុំមាន ការប៉ះទង្គិចណាមួយជាមួយកងកម្លាំង សមត្ថកិច្ចនោះឡើយ។ លោកស្នងការបាន លួចបង្ហើបថា តាមពិតក្រុមសកម្មជនផ្សេង ទៀតទាំងអ្នកនៅមូលដ្ឋាននិងនៅតាមខេត្តផ្សេងដូចជា នៅខេត្តកំពង់ចាមគ្រោងមក ជួបជុំជាមួយក្រុមអ្នកតំណាងរាស្រ្តនេះដែរ ប៉ុន្តែជាក់ស្តែងមិនបានឃើញវត្តមានពួកគេនោះទេ ។

សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជិត ៦០០នាក់ត្រូវបានដាក់ពង្រាយការពារ សន្តិសុខ សណ្តាប់ធ្នាប់នៅមុខពន្ធនាគារត្រពាំងប្លុង ខេត្តត្បូងឃ្មុំជាទីដែលឃុំឃាំង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះ ជាតិក្រោយក្រុមអ្នកតំណាងរាស្ត្របក្ស សង្គ្រោះជាតិគ្រោងជួបជុំប្រមូលផ្តុំគ្នាតវ៉ានៅទីនោះ ៕ ហេង សូរិយា