ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

តំបន់កសិកម្មដំណាំស្រូវដ៏ធំ នៅកំពង់អុស ដាំស្រូវប្រាំងដំណាក់កាលទី១លើផ្ទៃដី៩៨០ហិកតា ដើម្បីបន្ដនាំស្រូវលេខ១ទៅក្រៅប្រទេសតាមគោលការណ៏ របស់រាជរដ្ឋាភិបាល

ខេត្តកណ្តាល​ ៖ នាយកប្រតិបត្តិក្រុមហ៊ុនផលិតស្រូវក្នុងស្រុកដ៏ធំមួយនៅកម្ពុជាបានអះអាងថា​៖ រយៈពេល២០ថ្ងៃទៀតក្រុមហ៊ុននឹងបញ្ចប់ការព្រោះស្រូវរដូវប្រាំង និងស្រូវបណ្តេញទឹកដំណាក់កាលទីមួយលើផ្ទៃដីទំហំ៩៨០ហិកតា​ ទន្ទឹមនឹងការថែទាំស្រូវ ជាប្រចាំ ។

លោកគឹម​ ហេង​ នាយកប្រតិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍កសិកម្ម ​ បានបញ្ជាក់ឲ្យដឹងបែបនេះ កាលពីថ្ងៃ៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី២០ មករា ឆ្នាំ២០១៨​ ខណៈលោកនិងក្រុមការងារបានចុះបាចជី​ ថែទាំស្រូវ​ ដែលនៅស្រែខ្លះមានអាយុ៥០ថ្ងៃមកហើយ​នោះ ស្ថិតនៅតំបន់អភិវឌ្ឍន៍ដំណាំស្រូវ​ ឃុំកំពង់អុស​ ស្រុកពញាឮ​ ខេត្តកណ្តាល​ ។

លោកគឹម​ ហេង​ មានប្រសាសន៍ថា៖ ​ ការព្រោះស្រូវពូជសែនក្រអូប​ ក្រុមហ៊ុនរបស់លោកបានដំណើរការបានជាង៨០០ហិកតារួចមក​ហើយ​ ក្នុងរយៈពេល២០ថ្ងៃទៀតក្រុមហ៊ុននឹងបញ្ចប់ការព្រោះស្រូវលើផ្ទៃដីចំនួន៩៨០ហិកតា​ ។ នៅថ្ងៃនេះក្រុមហ៊ុនបានបង្ហាញពីរបៀប​ប៉នជីម្តង​ ហើយក្រុមហ៊ុនបានបំប៉នស្រូវនៅស្រែមួយចំនួនដែលមានអាយុ៥០ថ្ងៃ​ ។ នៅពេលស្រូវមានអាយុ៦៥ថ្ងៃក្រុមហ៊ុននឹងបំប៉នម្តងទៀត។

លោកគឹម​ ហេង បានបន្តថា៖ ​ ការធ្វើស្រូវប្រាំងឆ្នាំនេះ ក្រុមហ៊ុនរបស់លោកបានជួបប្រទះឧបសគ្គខ្លះ​ ដូចជាអាកាសធាតុត្រជាក់ខ្លាំងបានធ្វើឱ្យដើមស្រូវស្រពោន​ មិនសូវលូតលាស់ល្អ​ ។ បន្ទាប់ពីអាកាសធាតុឡើងកម្តៅវិញ​ ក្រុមហ៊ុនបានបំប៉នជីតាមដំណាក់កាល​ ដើម្បីឱ្យស្រូវលូតលាស់ឡើងវិញ​។

លោកគឹម​ ហេង​ បន្ថែមថា​៖ ក្រុមហ៊ុនក៏បានផលិតពូជស្រូវសែនក្រអូប ​ ដើម្បីយកទៅ ដាំនៅតំបន់អភិវឌ្ឍន៍មួយទៀតនិងលក់ជូនប្រជាពលរដ្ឋ​ បន្ទាប់ពី ដាំណាំស្រូវ នៅកំពង់អុសនេះ នាំស្រូវទៅក្រៅប្រទេស ។ ចំណែកទឹកសម្រាប់ផលិតស្រូវក្រុមហ៊ុនបានត្រៀមលើសពីតម្រូវការនិងសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់ថែមទៀតផង​ ។

លោកនាយកប្រតិបត្តិរូបនេះបន្តទៀតថា​ ក្រុមហ៊ុនបានបន្តពង្រីកការដាំដុះស្រូវសម្រាប់នាំចេញ​ ដើម្បីរួមចំណែកក្នុងការនាំចេញអង្ករតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា១ លានតោនក្នុងមួយឆ្នាំ​ ៕ សំរិត