ព័ត៌មានទាន់ហេតុការណ៍៖

តំបន់​ស្នូល​ព្រែក​ទាល់​ត្រូវ​បាន​ទទួលស្គាល់​ជា​តំបន់​រ៉ា​ម​សារ​

​គ្របដណ្តប់​លើ​ផ្ទៃដី​ ២១៣៤២​ ហិ​កតា​ តំបន់​ស្នូល​ព្រែក​ទាល់​ (​បេះដូង​នៃ​បឹង​ទន្លេសាប​)​ ដែល​ ជា​ជម្រក​ពង​កូន​សត្វ​ស្លាប​ទឹកធំ​ជាងគេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​តំបន់ដីសើម​ដែល​មាន​សារៈសំខាន់​ជា​អន្តរជាតិ​ (​ដែល​គេ​ឱ្យឈ្មោះ​ថា​ជា​តំបន់​រ៉ា​ម​សារ​)​ ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ត្រូវ​បាន​ទទួលស្គាល់​ដោយ​លេខាធិការដ្ឋាន​ រ៉ា​ម​សារ​ស្តី​ពី​តំបន់ដីសើម​នា​ពេល​ថ្មីៗ​នេះ​។​ ការ​ប្រកាស​ដាក់​តំបន់​ស្នូល​ព្រែក​ទាល់​ជា​តំបន់​រ៉ា​ម​សារ​ទី​៤(​តំបន់​រ៉ា​ម​សារ​លេខ​២២៤៥​ https://rsis.ramsar.org/ris/2245)​ របស់​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​០២​ ខែតុលា​ ឆ្នាំ​២០១៥​ កន្លង​ទៅ​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​តំបន់​ស្នូល​ព្រែក​ទាល់​ ដែល​ជា​ជម្រក​ពង​កូន​សត្វ​ស្លាប​ទឹក​ដ៏​ធំ​ជាងគេ​បំផុត​ នៅ​អាស៊ី​អាគ្នេយ៍​ធ្លាប់​ទទួល​រង​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ការ​បរបាញ់​ និង​ការ​ប្រមូល​ពង​កូន​សត្វ​ស្លាប​ហួស​កម្រិត​ ហើយ​នៅ​ឆ្នាំ​១៩៩៩​ក្រសួងបរិស្ថាន​បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ (WCS)​ ដើម្បី​ធ្វើការ​ការពារ​បន្ទាយ​ពង​កូន​សត្វ​ស្លាប​ទាំងនោះ​។​ ជម្រក​ពង​កូន​ត្រូវ​បាន​រួម​តូច​ រហូត​ដល់​ទំហំ​ដែល​មាន​នា​ពេល​បច្ចុប្បន្ន​នេះ​ ដោយសារ​ការ​ប្រមូល​ពង​កូន​សត្វ​ស្លាប​ទាំងនោះ​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​។​ អតីត​អ្នក​ប្រមូល​ពង​សត្វ​ជា​ច្រើន​ត្រូវ​បាន​ផ្តល់​ការងារ​ជា​អ្នក​ការពារ​បន្ទាយ​ពង​កូន​សត្វ​ និង​ ស្នាក់​នៅ​លើរាន​ដែល​សង់​នៅ​លើ​ចុងឈើ​ ដើម្បី​ការពារ​អង្កេត​ និង​តាមដាន​ការ​ពង​កូន​របស់​សត្វ​ស្លាប​ទាំងនោះ​។​ ការ​ការពារ​នេះ​ត្រូវ​បាន​បន្ត​ធ្វើ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ ហើយ​តំបន់​ស្នូល​ព្រែក​ទាល់​នា​ពេល​ថ្មីៗ​នេះ​ មាន​សត្វ​ស្លាប​ទឹក​រហូត​ដល់​ទៅ​ជាង​ ៥០០០០​ក្បាល​ កំពុង​បន្ត​ពូជ​ ដែល​យ៉ាង​ហោច​ណាស់​មាន​សត្វ​ស្លាប​ ១០​ប្រភេទ​ ដែល​ជា​ប្រភេទ​កំពុង​ទទួល​ការ​គំរាមកំហែង​លើ​ពិភពលោក​។​ តំបន់​នេះ​ក៏​ជា​តំបន់​តែ​មួយ​គត់​ផង​ដែរ​នៅ​អាស៊ី​អាគ្នេយ៍​ ដែល​មាន​សត្វ​ប្រភេទ​ទុង​ប្រផេះ​បន្ត​ពូជ​ និង​មាន​ចំនួន​សត្វ​ ប្រភេទ​ត្រដក់​ធំ​ជិត​ពាក់កណ្តាល​នៃ​ចំនួន​សត្វ​លើ​ពិភពលោក​ ហើយ​ក៏​មាន​វត្តមាន​អំបូរ​រនាល​ និង​ស្មោញ​រាប់​ពាន់​ក្បាល​នៅ​ទីនោះ​។​ ទាំងនេះ​ហើយ​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​តំបន់​ស្នូល​ព្រែក​ទាល់​ ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​ «​តំបន់​រ៉ា​ម​សារ​»​។​ តំបន់​រ៉ា​ម​សារ​ ព្រែក​ទាល់​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​រាប់​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំៗ​ ហើយ​ក៏​ជា​តំបន់​ដែល​ទ្រទ្រង់​ដល់​ការ​រស់នៅ​របស់​ត្រី​នៅ​បឹង​ទន្លេសាប​ដែល​ផ្តល់​ផល​យ៉ាង​សម្បើម​ផង​ដែរ​។​

​លោក​បណ្ឌិត​ Ross​ Sinclair​ ប្រធាន​អង្គការ​ WCS​ ប្រចាំ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​៖​ «​ប្រទេស​កម្ពុជា​គួរ​មាន​មោទនភាព​ ដែល​តំបន់​ស្នូល​ព្រែក​ទាល់​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​តំបន់ដីសើម​ដែល​មាន​សាៈ​សំខាន់​ជា​អន្តរជាតិ​។​ ការ​ដាក់​បញ្ចូល​នេះ​គឺជា​ការ​ទទួលស្គាល់​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិរក្ស​ ដែល​បាន​ធ្វើ​ឡើង​ដោយ​មាន​កិច្ចសហការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ សហគមន៍​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ហើយ​វា​ក៏​ជា​ការ​បើកផ្លូវ​សម្រាប់​កិច្ចសហការ​របៀប​នេះ​ជា​ច្រើន​ឆ្នាំទៅ​មុខ​ទៀត​ ដើម្បី​ស្តារ​ និង​ការពារ​តំបន់​ស្នូល​ព្រែក​ទាល់​ឱ្យ​ក្លាយជា​តំបន់​អច្ឆរិយ​ធម្មជាតិ​នៃ​ប្រទេស​កម្ពុជា​»​។​

​លោក​បណ្ឌិត​ Lew​ Young​ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​លេខាធិការដ្ឋាន​អនុសញ្ញា​រ៉ា​ម​សារ​ប្រចាំ​អាស៊ី​និង​អូ​សេ​អា​នី​ បាន​ថ្លែង​ដឹង​ថា​៖​ «​យើង​សូម​ចូលរួម​អបអរ​សារ​ទរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ដាក់​បញ្ចូល​តំបន់​ស្នូល​ព្រែក​ទាល់​ជា​តំបន់​រ៉ា​ម​សារ​ថ្មី​ ហើយ​យើង​នឹង​បន្ត​គាំទ្រ​ដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដាក់​តំបន់ដីសើម​សំខាន់ៗ​ផ្សេង​ទៀត​ឱ្យទៅ​ជា​តំបន់​រ៉ា​ម​សារ​ ដូច​ជា​ការ​ចូលរួម​ធានា​នូវ​និរន្ត​ភាព​ក្នុង​ការ​គ្រប់​គ្រប់​តំបន់​រ៉ា​ម​សារ​ទាំងនេះ​ សម្រាប់​បម្រើ​ផលប្រយោជន៍​ប្រជា​សហគមន៍​ និង​បរិស្ថាន​»​។​

​គួរ​បញ្ជាក់​ថា​ ៣០%​ នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា​ គឺ​គ្របដណ្តប់​ដោយ​តំបន់ដីសើម​ហើយ​ភាគច្រើន​នៃ​តំបន់ដីសើម​ទាំងនេះ​ ត្រូវ​បាន​រក​ឃើញ​ថា​មាន​សារសំខាន់​ជា​អន្តរជាតិ​ អាស្រ័យ​ដោយ​វា​បាន​ទ្រទ្រង់​ដល់​ការ​រស់នៅ​របស់​ប្រភេទ​សត្វ​ និង​រុក្ខជាតិ​ដែល​កំពុង​ទទួល​រង​ការ​គំរាមកំហែង​ និង​ឈាន​ដល់​ការ​ផុត​ពូជ​។​ ក្នុង​ឆ្នាំ​១៩៩៩​ កម្ពុជា​បាន​ក្លាយជា​ភាគី​ ហត្ថលេខី​នៃ​អនុសញ្ញា​រ៉ា​ម​សារ​ស្តី​ពី​តំបន់ដីសើម​ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ មាន​តំបន់ដីសើម​តែ​ ៣​ កន្លែង​ប៉ុណ្ណោះ​ត្រូវ​បាន​ចាត់​បញ្ចូល​ជា​តំបន់​រ៉ា​ម​សារ​ដែល​ក្នុង​នោះ​មាន​៖

​តំបន់​រ៉ា​ម​សារ​បឹង​ឆ្មា​និង​ប្រព័ន្ធ​ព្រែក​ (​តំបន់​រ៉ា​ម​សារ​លេខ​ ៩៩៧,​ https://rsis.ramsar.org/ris/997)

​តំបន់​រ៉ា​ម​សារ​កោះ​កាពិ​(​តំបន់​រ៉ា​ម​សារ​លេខ​ ៩៩៨,​ https://rsis.ramsar.org/ris/998)

​តំបន់​រ៉ា​ម​សារ​ស្ទឹង​ត្រែង​(​តំបន់​រ៉ា​ម​សារ​លេខ​ ៩៩៩,​ https://rsis.ramsar.org/ris/999)

​លោក​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​មាន​គូសបញ្ជាក់​ថា​៖​ «​ការ​ទទួលស្គាល់​តំបន់​ស្នូល​ព្រែក​ទាល់​ជា​តំបន់​រ៉ា​ម​សារ​ មិន​ត្រឹមតែ​ផ្តោត​ទៅ​លើ​ភាព​សំខាន់​ជា​អន្តរជាតិ​ នៃ​តំបន់ដីសើម​នេះ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​នឹង​ជា​ស្ពាន​សម្រាប់​កម្ពុជា​ក្នុង​ដាក់​បញ្ចូល​តំបន់ដីសើម​ច្រើន​ទៀត​ទៅ​ជា​តំបន់​រ៉ា​ម​សារ​នា​ពេល​អនាគត​»​។​

​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ និង​នាយកដ្ឋាន​អភិរក្ស​តំបន់ដីសើម​ទឹកសាប​នៃ​ក្រសួងបរិស្ថាន​ បាន​ធ្វើការ​រួម​គ្នា​ ក្នុង​ការ​ដាក់​បញ្ចូល​តំបន់​ព្រែក​ទាល់​និង​តំបន់ដីសើម​ផ្សេង​ទៀត​ជា​តំបន់​រ៉ា​ម​សារ​ចាប់តាំងពី​ឆ្នាំ​២០០៨​ មក​ម្ល៉េះ​។​ តំបន់​ស្នូល​ព្រែក​ទាល់​គឺជា​តំបន់​រ៉ា​ម​សារ​ទី​មួយ​ ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​រហូត​មក​ទល់​ពេល​នេះ​មាន​រយៈពេល​ ១៦​ ឆ្នាំ​មក​ហើយ​។​ លោក​ ប៊ូ​ វរ​សក្ស​ នាយក​កម្មវិធី​អង្គការ​ជីវិត​សត្វ​ស្លាប​ប្រចាំ​កម្ពុជា​ក៏​បានឱ្យ​ដឹង​ដែរ​ថា​៖​ «​បន្ថែម​លើ​តម្លៃ​ផ្នែក​ជីវចម្រុះ​តំបន់​ស្នូល​ព្រែក​ទាល់​ក៏​ជា​តំបន់​ដែល​មាន​សារសំខាន់​សម្រាប់​សត្វ​ស្លាប​ ដែល​ផ្តល់​នូវ​សេវា​អេកូ​ស៊ី​ជា​ច្រើន​ពិសេស​គឺ​ ទិន្នផល​ត្រី​ដែល​ទ្រទ្រង់​ដល់​ជីវភាព​រស់នៅ​របស់​សហគមន៍​ភូមិ​បណ្តែត​ទឹក​ ហេតុ​ដូច្នេះ​ យើង​មានការ​រីករាយ​ជា​ខ្លាំង​ចំពោះ​លទ្ធផល​ ដែល​ទទួល​បាន​មក​ពី​កិច្ច​ប្រឹងប្រែង​ក្នុង​ការ​ដាក់​បញ្ចូល​តំបន់​ស្នូល​ ព្រែក​ទាល់​នេះ​ជា​តំបន់​រ៉ា​ម​សារ​ ដែល​នឹង​អាច​ទាក់ទាញ​សហគមន៍​អន្តរជាតិ​ឱ្យ​ចាប់អារម្មណ៍​បន្ថែម​ទៀត​ដល់​ តំបន់​ដ៏​អស្ចារ្យ​មួយ​នេះ​»​។​

​ក្នុង​នាម​ជា​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​រ៉ា​ម​សា​ ប្រទេស​នីមួយៗ​ ត្រូវ​ដាក់​បញ្ចូល​តំបន់ដីសើម​យ៉ាងតិច​មួយ​ ទៅ​ក្នុង​បញ្ជី​នៃ​តំបន់ដីសើម​ដែល​មាន​សារសំខាន់​ជា​អន្តរជាតិ​ ដែល​តំបន់ដីសើម​ទាំងនោះ​ត្រូវ​បាន​ជ្រើសរើស​ដោយ​ផ្អែក​លើ​ភាព​សំខាន់​ជា​អន្តរជាតិ​នៃ​អេកូឡូស៊ី​ រុក្ខសាស្ត្រ​ សត្វ​សាស្ត្រ​ បឹង​សាស្ត្រ​ ឬ​ ជល​សាស្ត្រ​។​ នៅ​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​មាន​តំបន់​រ៉ា​ម​សារ​ជាង​២២៤០​កន្លែង​ ដែល​នេះ​គឺជា​បណ្តាញ​គ្រប់គ្រង​តំបន់ដីសើម​សម្រាប់​ការ​អភិរក្ស​ដ៏​ធំ​ជាងគេ​បំផុត​។​

​ដំណើរការ​សិក្សា​និង​ការ​រៀបចំ​ឯកសារ​ ដាក់​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​បាន​គាំទ្រ​ថវិការ​ពី​ Darwin​ Initiative​ មូលនិធិ​ខ្នាត​តូច​របស់​ក្រសួងបរិស្ថាន​ជប៉ុន​ មូលនិធិ​អភិរក្ស​ធម្មជាតិ​ខេ​ឌិន​រិ​ន​ មូលនិធិ​ខ្នាត​តូច​រ៉ា​ម​សារ​ និង​អង្គការ​ សមាគម​អភិរក្ស​សត្វព្រៃ​ ៕​

1 3 2 4