ព័ត៌មានទាន់ហេតុការណ៍៖

ថៃនឹងបោះឆ្នោតក្នុងអំឡុង៦ខែដំបូងឆ្នាំ២០១៩

មកទល់ពេលនេះថៃមិនទាន់កំណត់ ពេលវេលាច្បាស់លាស់នៅឡើយ ដើម្បីបោះឆ្នោតជ្រើសរើសមេដឹកនាំប្រកប ដោយប្រជាធិបតេយ្យ ចាប់តាំងពីការធ្វើ រដ្ឋប្រហារ តាំងពីឆ្នាំ ២០១៤ មកទល់ពេល នេះ។ ក្រុមអ្នកប្រឆាំងនិងរបបដឹកនាំ ដោយយោធានៅថៃបានថ្កោលទោសយ៉ាងខ្លាំងពីការពន្យារពេលម្តងហើយម្តងទៀត ក្នុងការរៀបចំបោះឆ្នោត ។

ពាក់ព័ន្ធនឹងពេលវេលាបោះឆ្នោត ឧប នាយករដ្ឋមន្រ្តីថៃបញ្ជាក់ថា ការបោះឆ្នោត នឹងប្រព្រឹត្តទៅ នៅចន្លោះខែកុម្ភៈនិង ខែឧសភា ឆ្នាំ២០១៩។ ឧបនាយករដ្ឋ មន្រ្តីថៃ លោក វីសានុ គ្រាង៉ាម (Wissanu Krea-ngam) បានបញ្ជាក់នៅចំពោះមុខ ក្រុមអ្នកសារព័ត៌មានថៃថា កាលបរិច្ឆេទ សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៩ នឹង ត្រូវធ្វើឡើងចន្លោះថ្ងៃទី២៤ ខែកុម្ភៈ និងថ្ងៃ ទី៥ ខែឧសភា ឆ្នាំក្រោយ។

លោក Wissanu ក៏បានឲ្យដឹងផងដែរថា ការហាមប្រាមផ្នែកនយោបាយនានា នឹង ត្រូវបន្ធូរបន្ថយនាពេលឆាប់ៗ ដើម្បីអនុញ្ញាត ឲ្យគណបក្សនយោបាយ អាចរៀបចំសកម្មភាពផ្សេងៗឡើងវិញបាន។ ទោះជាបែប នេះក្តី លោក Wissanu ពុំបានបង្ហើបឲ្យដឹងពីកាលបរិច្ឆេទជាក់លាក់ដែលបម្រាមទាំងនោះ នឹងត្រូវបន្ធូរបន្ថយឡើយ ប៉ុន្តែសេច ក្តីព្រាងច្បាប់ទាក់ទិននឹងបញ្ហានេះរបស់ ព្រឹទ្ធសភានិងសភាតំណាងរាស្រ្ត កំពុងស្ថិតក្រោមត្រួតពិនិត្យរបស់ព្រះមហាក្សត្រថៃ ដែលទ្រង់មានរយៈពេល៩០ថ្ងៃ ឬរហូត ដល់ពាក់កណ្តាលខែកញ្ញា ដើម្បីផ្តល់ការគាំទ្រចំពោះសេចក្តីព្រាងច្បាប់ទាំងនោះ។

ក្រោយទទួលបានការគាំទ្រពីព្រះមហាក្សត្រ ច្បាប់របស់ព្រឹទ្ធសភានឹងចូលជាធរមានភ្លាមៗ ខណៈច្បាប់របស់សភាតំណាង រាស្រ្ត នឹងចូលជាធរមាននៅរយៈពេល៩០ថ្ងៃក្រោយ។ នៅពេលបម្រាមត្រូវបាន បន្ធូរបន្ថយ គណបក្សនយោបាយ នឹងត្រូវអនុញ្ញាតឲ្យរៀបចំសកម្មភាពនយោបាយផ្សេងៗឡើងវិញ ដោយពុំចាំបាច់ត្រូវការ ការអនុញ្ញាតពីក្រុមប្រឹក្សាជាតិសម្រាប់ សន្តិភាពនិងសណ្តាប់ធ្នាប់ដូចមុនឡើយ។

គួរជម្រាបថា បើតាមលោកឧបនាយក រដ្ឋមន្រ្តីថៃ បម្រាមនយោបាយទាំងនោះ នឹងត្រូវដកចេញទាំងស្រុង នៅក្នុងរយៈ ពេល១៥០ថ្ងៃ ក្រោយការអនុវត្តច្បាប់ទាំង ពីរ៕ ម៉ែវ សាធី

ឧបនាយករដ្ឋ មន្រ្តីថៃ លោក វីសានុ គ្រាង៉ាម