ព័ត៌មានទាន់ហេតុការណ៍៖

ថៃនឹងមានគណបក្សនយោបាយថ្មីនិងបេក្ខភាពថ្មីប្រជែងក្នុងការបោះឆ្នោត

វិបត្តិនយោបាយនៅថៃ បានកើតឡើង ជាង១៥ឆ្នាំ មកហើយ ពេលនេះដល់ ពេលដែលថៃ ត្រូវមានអ្នកនយោបាយថ្មី ដែលមានទស្សនៈនយោបាយទូលំ ទូលាយជាង អ្នកជំនាន់មុន។ បក្សនយោ បាយថ្មី ដែលទើបតែបង្កើតឡើងនៅថៃនេះប្រមូលផ្តុំដោយយុវជនជំនាន់ក្រោយ មានគោលការណ៍ផ្សះផ្សាជាតិ។ មនុស្ស ជាច្រើនរំពឹងថា អ្នកនយោបាយថ្មីនឹង ទទួលបានការគាំទ្រខ្ពស់នៅក្នុងការបោះឆ្នោតនាខែកុម្ភៈឆ្នាំ២០១៩។

នៅពេលនេះមហាសេដ្ឋី វ័យ៣៩ឆ្នាំ លោក ថាណាថន ចឹងរូងរឿងគិត (Thanathorn Juangroongruangkit) ដែលជាអ្នកស្នងមរតកនៃក្រុមហ៊ុនលក់គ្រឿងបន្លាស់ រថយន្តដ៏ធំមួយនៅប្រទេសថៃ គ្មានបទ ពិសោធន៍ក្នុងនយោបាយទេ។ ប៉ុន្តែលោកមានឆន្ទៈចង់សម្អិតសម្អាងមុខមាត់នយោបាយថៃឡើងវិញ។ ដើម្បីសម្រេចបំណង នេះ លោក បានអំពាវនាវ និងប្រមែប្រមូល សិល្បករ អ្នកច្បាប់ អ្នកការពារលទ្ធិប្រជា ធិបតេយ្យ និងសកម្មជនសិទ្ធិមនុស្សឱ្យមកចូលរួមបង្កើតបក្សជាមួយលោក។

“ខ្ញុំអាចមានសំណាងច្រើននឹងចូល ពន្ធនាគារ … ប៉ុន្តែនេះជាគ្រោះហានិភ័យដែលខ្ញុំត្រៀមទទួលជាស្រេចហើយ”។ នេះជាប្រសាសន៍របស់លោក ថាណាថន ចឹងរូងរឿងគិត ក្នុងសន្និសីទកាសែតបង្កើតគណបក្សនាទីក្រុងបាងកក ដោយបាន បញ្ជាក់ជំហរយ៉ាងច្បាស់លាស់ បរិហារ ដោយចំៗរដ្ឋាភិបាលដែលបានឡើងកាន់អំណាច ដឹកនាំប្រទេសដោយអាវុធ។ ជា ពាក្យវាយប្រហារ ដែលសំដៅលើរបបសឹក ដែលបានធ្វើរដ្ឋប្រហារ កាលពីឆ្នាំ២០១៤ ដើម្បីបានក្តាប់អំណាចរហូតមកទល់ថ្ងៃនេះ។ ក្រៅអំពីរិះគន់រដ្ឋប្រហារជាច្រើនលើកច្រើនសា លោកថាណាថន ក៏បានលើក ឡើងដែរអំពីវិសមភាពសង្គម និងកង្វះឯករាជ្យផ្នែកប្រព័ន្ធតុលាការ។

សម្រាប់ប្រជាពលរដ្ឋថៃជាច្រើន ដែលធុញទ្រាន់នឹងមេដឹកនាំយោធាចាស់ៗ និង មេខ្លោងនយោបាយដដែលៗ ការបង្កើតបក្ស Future Forward “អនាគតទៅមុខ” របស់ លោកថាណាថន ប្រៀបដូចជាបានផ្តល់ កម្លាំងនិងពន្លកនៃក្តីសង្ឃឹមថ្មី។ អ្នកជំនាញ នយោបាយមួយចំនួន គិតថាបក្សនេះ មានគ្រប់លក្ខណៈសម្រាប់ទាក់ទាញម្ចាស់ឆ្នោតក្មេងៗ និងជាតំណាងបក្សនយោបាយដ៏ ស័ក្តិសមនៅក្នុងការបោះឆ្នោតសភា ដែលគ្រោងជាគោលការណ៍រៀបចំធ្វើនៅខែកុម្ភៈ ២០១៩។ បក្សនេះខុសប្លែកពីបក្សថ្មីៗជាច្រើនផ្សេងទៀត ដែលភាគច្រើន រណប មេដឹកនាំយោធា។ អ្នកវិភាគខ្លះទៀត សម្លឹង ឃើញថាលោកថាណាថន ជាលោកថាក់ ស៊ីនថ្មី ព្រោះគ្រាន់តែចូលប្រឡូកនយោ បាយភ្លាម លោកក៏បានទទួលប្រជាប្រិយភាពខ្ពស់នៅតាមតំបន់ជនបទ តាមរយៈ កម្មវិធីនយោបាយជួយសង្គម៕ ម៉ែវ សាធី