ព័ត៌មានទាន់ហេតុការណ៍៖

ថៃស្នើឲ្យនាំខ្លួនលោកស្រី យីងឡាក់ ពីអង់គ្លេសត្រឡប់មកប្រទេសវិញទទួលទោស

ការិយាល័យក្រសួងការបរទេសថៃ បានរៀបចំបង្កើតគណៈកម្មការដើម្បីស្នើដល់ប្រទេសអង់គ្លេសនាំខ្លួនលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា វិលត្រឡប់មកប្រទេសវិញ ដើម្បីទទួលទោស។

សារព័ត៌មាន The Nation របស់ថៃបានផ្សាយថា លោក Amnat Chotchai ប្រធានគណៈកម្មការខាងលើនៅថ្ងៃទី៦ ខែតុលា បានប្រកាសថា លោក និងក្រុមការងារខិតខំដើម្បីនាំខ្លួនលោកស្រី យីងឡាក់ មកប្រទេសវិញ។ លោកបន្តទៀតថា ការខិតខំនាំខ្លួនលោកស្រី យីងឡាក់ មិនមែនជារឿងនយោបាយឡើយ គឺពាក់ព័ន្ធនឹងកំហុសរបស់លោកស្រីពេលដឹកនាំប្រទេស។

លោក Amnat បន្តទៀតថា កិច្ចព្រមព្រៀងនាំខ្លួនអ្នកទោសរវាងថៃ នឹងអង់គ្លេសដែលមានតាំងពីជាង១ទសវត្សកន្លងមក នៅតែមានប្រសិទ្ធភាព។ ក្នុងពេលជាមួយគ្នានេះ ក្រសួងការបរទេសថៃបានត្រួតពិនិត្យដកហូតលិខិតឆ្លងដែនរបស់លោកស្រី យីងឡាក់ ផងដែរ។

ក្រសួងការបរទេសថៃ បានទទួលសំណើពីក្រុមប៉ូលិស ក្នុងការដកហូតលិខិតស្នាម ផ្សេងៗរបស់លោកស្រី យីងឡាក់។ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Busadee Santipitaks បានបញ្ជាក់ថា នៅពេលនេះ ក្រសួងការបរទេសមិនទាន់ទទួលបានព័ត៌មានថា លោកស្រី យីងឡាក់ បានស្នើសុំសិទ្ធិភៀសខ្លួននយោបាយនៅក្នុងប្រទេសអង់គ្លេសនៅឡើយ ។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិថៃ លោក Prawit Wongsuwan បានឲ្យដឹងថា លោកមិនទាន់ទទួលបានព័ត៌មានស្តីពីហេតុការណ៍ខាងលើនៅឡើយ។ ជាមួយគ្នានេះ លោកក៏បានច្រានចោលការចោទប្រកាន់ថា លោកបានជួប ជាមួយលោកស្រី យីងឡាក់ នៅក្នុងប្រទេសអង់គ្លេស កាលពីខែកញ្ញា ពេលដែលលោកបំពេញទស្សនកិច្ចទៅកាន់ទីក្រុងឡុង កាលពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែកញ្ញា។

ចំណែកគណបក្សភឿថៃ របស់លោកស្រី យីងឡាក់ ក៏បានច្រានចោលការចោទប្រកាន់ថាលោកស្រី យីងឡាក់ បានបង្កើតរដ្ឋាភិបាលនិរទេស នៅក្នុងប្រទេសអង់គ្លេស។ អគ្គលេខាគណបក្សភឿថៃលោក Phumtham Wechayachai បានបញ្ជាក់ថា ទាំងនោះជាព័ត៌មាន គ្មានមូលហេតុច្បាស់លាស់។ មកទល់នឹងពេលនេះ យើងមិនទាន់ទទួលបានព័ត៌មានណាមួយ ស្តីពីលោកស្រី យីងឡាក់ នៅឡើយទេ៕ ម៉ែវ សាធី