ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃទី២៧ ខែវិច្ឆិកា ប្រកាសសុពលភាពអ្នកតំណាងរាស្រ្តថ្មី៤៤រូប

ភ្នំពេញ៖ រដ្ឋសភាបានកំណត់យកថ្ងៃ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ បើកសម័យ ប្រជុំពេញអង្គដើម្បីប្រកាសផ្តល់សុពល ភាពអ្នកតំណាងរាស្រ្តថ្មីចំនួន៤៤រូបដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានបែងចែករួចហើយជាលើក ទី១។ នេះបើតាមការឲ្យដឹងពីលោកឈាង វុន អ្នកនាំពាក្យរដ្ឋសភា ។

ក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដែលដឹកនាំដោយសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភាកាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៧នោះ លោក ឈាង វុន អ្នកនាំពាក្យ រដ្ឋសភាបានឲ្យដឹងថា គ.ជ.ប. បានប្រគល់បញ្ជីបេក្ខភាពដែលត្រូវជាប់ជាអ្នកតំណាងរាស្ត្រមករដ្ឋសភារួចហើយ ក្នុងនោះមានតែ គណបក្សនយោបាយចំនួនបីប៉ុណ្ណោះដែលបានបេក្ខជនសរុបស្មើនឹង៤៤អាសនៈ ដែលត្រូវប្រកាសសុពលភាពនៅពេល ខាងមុខនេះ ។

លោក ឈាន វុន បានបញ្ជាក់ថា «ថ្ងៃ ចន្ទខាងមុខនេះសភានឹងប្រជុំពេញអង្គ ព្រោះថា ឥឡូវនេះសភាដំណើរការ។ អ៊ីចឹង យើងនឹងប្រកាសសុពលភាព សម្តេចប្រធាន រដ្ឋសភានឹងអានឈ្មោះបេក្ខជនដែលបានដាក់បញ្ជូនមក ហើយអ្នកដែលមិនបាន ដាក់មកនោះនឹងដាក់នៅជុំទី២ដែលនៅខ្វះ១១នាក់។ អ្នកដែលត្រូវរដ្ឋសភាប្រកាសសុពលភាពនឹងត្រូវទៅស្បថនៅក្នុងព្រះបរម រាជវាំងទើបទទួលបានជាអ្នកតំណាងរាស្ត្រ ពេញសិទ្ធិ។ ការៀបចំអាសនៈឡើងវិញនេះ អាចធ្វើនៅជុំទី២ដើម្បីបំពេញបន្ថែម១១អាសនៈទៀតដែលមិនទាន់មានឈ្មោះ។ សូមបញ្ជាក់ថា ការងាររបស់សភានេះមិនមែនដូចដើមអាណត្តិទី៥ទេគឺមានភាព ខុសគ្នា» ។

លោក ឈាង វុន បានឲ្យដឹងដែរថា ក្នុង កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ក៏បានសម្រេចរឿងជ្រើសរើសសមាជិក គ.ជ.ប. ថ្មីចំនួន៣រូបសម្រាប់ជំនួសតំណែងសមាជិក គ.ជ.ប. ដែលបានលាលែងកាលពីពេល ថ្មីៗកន្លងមក។ ការជ្រើសរើស នេះគណៈ កម្មាធិការអចិន្ត្រៃយ៍សភាបានសម្រេចឱ្យអគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំបែបបទ និងនីតិ វិធីដើម្បីប្រកាសជ្រើសរើស សមាជិកថ្មី ។

គួរបញ្ជាក់ថា ក្នុងចំណោមរាជធានី ខេត្តទាំង២៥មានរាជធានី-ខេត្តចំនួន១៥ ដែលមានអាសនៈនៅទំនេរ ហើយគ.ជ.ប. ត្រូវពិនិត្យ និងសម្រេចបញ្ចូលសមាជិក តំណាងរាស្រ្តគណបក្សចំនួន៥ដើម្បីបំពេញអាសនៈដែលទំនេរក្នុងរដ្ឋសភានោះ។

យោងតាមសេចក្តីសម្រេចចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថា ខេត្តចំនួន១៥ដែលមានអាសនៈតំណាង រាស្រ្តទំនេរ ហើយចាំបាច់ត្រូវបញ្ចូលតំណាង រាស្រ្តមកពីគណបក្សចំនួន៥ស្របតាម មាត្រា១៣៨ស្ទួននៃច្បាប់ស្តីពីវិសោធន កម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត ព្រោះអាសនៈដែលនៅទំនេរ ទាំងនេះត្រូវបានបែងចែកទៅតាមបញ្ជី បេក្ខជននៃគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតនៅរាជធានី-ខេត្តជាមួយ ដោយមិនគិតបញ្ចូលគណបក្សនយោបាយមានអាសនៈក្នុងរដ្ឋសភាដែលដឹកនាំរាជ រដ្ឋាភិបាលទេ ។

ក្នុងសេចក្តីនោះបានកំណត់និងបែងចែកអាសនៈទំនេរទៅឲ្យគណបក្សទាំង៥ទៅតាមមណ្ឌលដែលមានអាសនៈទំនេររហូតដល់១៥រាជធានី-ខេត្តដូចខាងក្រោម ៖

១-មណ្ឌលខេត្តបន្ទាយមានជ័យ ៖ មាន អាសនៈនៅទំនេរ២ ហើយត្រូវបានទៅ គណបក្សហ្វុ៊នស៊ិនប៉ិចទាំង២អាសនៈ ។

២-មណ្ឌលខេត្តបាត់ដំបង ៖ មាន អាសនៈនៅទំនេរ៣ ក្នុងនោះត្រូវបានទៅ គណបក្សហ្វុ៊នស៊ិនប៉ិច២អាសនៈ និងគណ បក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចំនួន១ ។

៣-មណ្ឌលកំពង់ចាម ៖ មានអាសនៈ នៅទំនេរ១០ គណបក្សហ្វុនស៊ិនប៉ិចបាន៦ អាសនៈ, គណបក្សសញ្ជាតិកម្ពុជាទទួល បាន១អាសនៈ, គណបក្សខ្មែរឈប់ក្រ ទទួលបាន២អាសនៈ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទទួលបាន១អាសនៈ។

៤-មណ្ឌលកំពង់ឆ្នាំង ៖ មានអាសនៈ ទំនេរ២, គណបក្សហ្វុ៊នស៊ិនប៉ិចទទួល បានទាំង២អាសនៈ។

៥-មណ្ឌលកំពង់ស្ពឺ ៖ មានអាសនៈ ទំនេរ៣, គណបក្សហ្វុ៊នស៊ិនប៉ិចទទួលបាន ទាំង៣អាសនៈ។

៦-មណ្ឌលកំពង់ធំ ៖ មានអាសនៈទំនេរ ៣, គណបក្សហ្វុ៊នស៊ិនប៉ិចទទួលបានទាំង៣អាសនៈ។

NKD-36x6_outline

៧-មណ្ឌលកំពត ៖ មានអាសនៈទំនេរ ៣, គណបក្សហ្វុ៊នស៊ិនប៉ិចទទួលបានទាំង៣អាសនៈ។

៨-មណ្ឌលកណ្តាល ៖ មានអាសនៈ ទំនេរ៦, គណបក្សហ្វុ៊នស៊ិនប៉ិចទទួលបាន៣អាសនៈ, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋ កិច្ចទទួលបាន១អាសនៈ, គណបក្សខ្មែរ ឈប់ក្រទទួលបាន១អាសនៈ និងគណ បក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទទួលបាន១អាសនៈ។

៩-មណ្ឌលក្រចេះ ៖ មានអាសនៈទំនេរ ៣, គណបក្សហ្វុ៊នស៊ិនប៉ិចទទួលបាន៣ អាសនៈ។

១០-មណ្ឌលភ្នំពេញ ៖ មានអាសនៈ ទំនេរ៧, គណបក្សហ្វុ៊នស៊ិនប៉ិចទទួល បាន៤អាសនៈ, គណបក្សខ្មែរឈប់ក្រទទួល បាន១អាសនៈ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទទួលបាន២អាសនៈ ។

១១-មណ្ឌលព្រៃវែង ៖ មានអាសនៈ ទំនេរ៦, គណបក្សហ្វុ៊នស៊ិនប៉ិចទទួលបាន៣អាសនៈ, គណបក្សសញ្ជាតិកម្ពុជាទទួល បាន១អាសនៈ, គណបក្សខ្មែរឈប់ក្រ ទទួលបាន១អាសនៈ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទទួលបាន១អាសនៈ។

១២-មណ្ឌលពោធិ៍សាត់ ៖ មានអាសនៈ ទំនេរ១, គណបក្សហ្វុ៊នស៊ិនប៉ិចទទួលបាន១អាសនៈ។

១៣-មណ្ឌលសៀមរាប ៖ មានអាសនៈ ទំនេរ២, គណបក្សហ្វុ៊នស៊ិនប៉ិចទទួលបាន ២អាសនៈ។

១៤-មណ្ឌលស្វាយរៀង ៖ មានអាសនៈ ទំនេរ២, គណបក្សហ្វុ៊នស៊ិនប៉ិចទទួលបាន២អាសនៈ។

១៥-មណ្ឌលតាកែវ ៖ មានអាសនៈ ទំនេរ៤, គណបក្សហ្វុ៊នស៊ិនប៉ិចទទួលបានទាំង៤អាសនៈ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប.ដដែលបានបញ្ជាក់ថា ក្នុងចំណោម គណបក្សនយោបាយទាំង៥ដែលទទួលបានអាសនៈនោះមានតែគណបក្សនយោបាយ២ប៉ុណ្ណោះដែលមិនព្រមទទួយកគឺ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ ។

សូមរំលឹកថា លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣ មានគណបក្សនយោបាយ ចំនួន៨គណបក្សនយោបាយរួមមាន គណ បក្សប្រជាជនកម្ពុជា, អតីតគណបក្ស សង្គ្រោះជាតិ, គណបក្សហ៊្វុនស៊ិនប៉ិច, គណ បក្សសញ្ជាតិកម្ពុជា, គណបក្សសាធារណ រដ្ឋប្រជាធិបតេយ្យ, គណបក្សខ្មែរអភិវឌ្ឍន៍ សេដ្ឋកិច្ច, គណបក្សខ្មែរឈប់ក្រ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ។

ក្នុងចំណោមគណបក្សទាំង៨នោះមានតែគណបក្ស២ប៉ុណ្ណោះដែលបានទទួល អាសនៈ(កៅអី)ក្នុងរដ្ឋសភាគឺគណបក្សប្រជាជនកម្ពុជាដែលមានសន្លឹកឆ្នោតគាំទ្រចំនួន៣.២៣៥.៩៦៩ និងទទួលបាន៦៨ អាសនៈក្នុងរដ្ឋសភា។ ឯអតីតគណបក្ស សង្គ្រោះជាតិមានសន្លឹកឆ្នោតគាំទ្រចំនួន ២.៩៤៦.១៧៦ និងទទួលបាន៥៥អាសនៈ នៅក្នុងរដ្ឋសភា ។

ចំពោះគណបក្ស៦ផ្សេងទៀតមិនទទួលបានអាសនៈក្នុងរដ្ឋសភាទេក្រោយការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៣ តែពួកគេទទួលបានចំនួនសន្លឹកឆ្នោតខ្លះ។ ដូចជាគណបក្សសញ្ជាតិកម្ពុជាទទួលបាន សន្លឹកឆ្នោត៣៨.១២៣, គណបក្សហ្វុ៊នស៊ិន ប៉ិចទទួលបានសន្លឹកឆ្នោត២៤២.៤១៣, គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ទទួលបានសន្លឹកឆ្នោត៣៣.៧១៥, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចទទួលបានសន្លឹកឆ្នោត១៩.១៥២, គណបក្សខ្មែរឈប់ក្រ ទទួលបានសន្លឹកឆ្នោត ៤៣.២២២ និង គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទទួល បានសន្លឹកឆ្នោត៦៨.៣៨៩ ។

ការបោះឆ្នោតឆ្នាំ២០១៣គណបក្ស ដែលទទួលបានសន្លឹកឆ្នោតច្រើនបន្ទាប់ពីគណបក្សប្រជាជនកម្ពុជានិងអតីតគណ បក្សសង្គ្រោះជាតិនោះគឺ ទី១-គណបក្សហ្វុ៊ន ស៊ិនប៉ិច(២៤២.៤១៣), ទី២-គណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(៦៨.៣៨៩), ទី៣-គណបក្សខ្មែរឈប់ក្រ(៤៣.២២២), ទី៤-គណបក្សសញ្ជាតិកម្ពុជា(៣៨.១២៣), ទី៥-គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ (៣៣.៧១៥) និងទី៦-គណបក្សខ្មែរអភិ វឌ្ឍន៍សេដ្ឋកិច្ច(១៩.១៥២) ៕ ហេង សូរិយា