ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនល្ងីល្ងើៈ សំខាន់អាមេរិកបានធ្វើដូចលោកកឹម សុខា និយាយដែរឬអត់?

ប្រធានបទ « ការចាប់ខ្លួនលោក កឹម សុខា » បានក្លាយជាប្រធានបទសំខាន់មួយនៅតុ កាហ្វេ ដែលពោរពេញដោយអ្នកប្រាជ្ញមកពីគ្រប់មជ្ឈដ្ឋាន ដូចជា អ្នករត់ស៊ីក្លូ ម៉ូតូឌុប រត់រ៉ឺម៉ក ម៉ូតូ ។ល។និង។ល។ ហើយត្រូវអ្នកប្រាជ្ញនយោបាយតុកាហ្វេទាំងនេះលើកមកជជែក បែកពពុះស្គុល គ្រាន់តែចំណាយប្រាក់១០០០រៀលផឹកកាហ្វេមួយកែវប៉ុណ្ណោះ ។

ជិតមួយអាទិត្យហើយដែលនាយជាលទៅផឹកកាហ្វេនៅហាងក្រោមដើមក្រខុបកៀនចិ ញ្ចើមផ្លូវមួយនេះហើយបានជួបក្រុមអ្នកនយោបាយកាហ្វេខ្មៅទាំងនោះ លើកបញ្ហា ចាប់ខ្លួន លោកកឹម សុខា ទៅឃុំខ្លួននៅគុកព្រៃស ពាក់ព័ន្ធ អំពើក្បត់ជាតិ ។ នាយជាលបានស្តាប់ឮ ការបកស្រាយអ្នកនយោបាយតុកាហ្វេខ្លះនិយាយថា ការចាប់ខ្លួនលោកកឹម សុខា ជាការគំរាម កំហែងផ្នែកនយោបាយ ជាការរំលោភសិទ្ធិមនុស្ស ធ្វើឲ្យការបោះឆ្នោតឆ្នាំ២០១៨ មិនអាចប្រព្រឹត្តទៅបាន ។ ឯអ្នកខ្លះទៀតថា រាជរដ្ឋាភិបាលធ្វើបែបនេះក្នុងន័យកាច់បំបាក់គណបក្ស ប្រឆាំង រំលាយគណបក្សប្រឆាំងចោល ចង់ឲ្យគណបក្សប្រជាជនដឹកនាំប្រទេសអស់មួយជីវិត ជាហេតុធ្វើឲ្យបរទេសផ្តាច់ជំនួយ ឬ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់ប្រទេសកម្ពុជា ។

ជាមួយនេះដែរថ្មីៗនេះក៏មានប្រតិកម្មពីស្ថានទូតអាមរិកប្រចាំនៅកម្ពុជាជុំវិញថា អាមេរិកនៅពីក្រោយខ្នងគណបក្សប្រឆាំងសង្រ្គោះជាតិ ធ្វើឲ្យស្ថានទូតអាមរិកចេញសេចក្តី ថ្លែងការណ៍បន្ទាន់មួយបដិសេធថាអាមេរិកមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងចាត់ទុកការចោទប្រកាន់នោះថាគ្មានហេតុផលនិងគ្មានភស្តុតាង។

NKD-36x6_outline

ទាក់ទិនបញ្ហានេះ នាយជាល បានស្តាប់ការបកស្រាយរបស់លោកពូអ្នករត់រ៉ឺម៉កម៉ូតូ មានវ័យជាង៦០ឆ្នាំម្នាក់ដែលគាត់អង្គុយផឹកកាហ្វេទឹកកកមួយកែវនៅជ្រុងតុម្ខាង ដោយលោកពូបានពន្យល់ថា រូបភាពសម្តីសម្តៅដើមនិងភស្តុតាងរបស់លោក កឹម សុខា មានគ្រប់គ្រាន់ហើយក្នុងគម្រោងធ្វើបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់កម្ពុជា។ លោកកឹម សុខា និយាយថា តាំងពីឆ្នាំ១៩៩៣ មកក្នុងមួយឆ្នាំម្តង អាមេរិកបានហៅរូបលោកទៅបង្រៀននៅប្រទេសរបស់គេដោយជួលសាស្ត្រាចារ្យសាកលវិទ្យាល័យមួយចំនួនជាអ្នកបង្រៀន ដើម្បី មានមូលដ្ឋានផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ឲ្យដូចនៅប្រទេសយូហ្គោស្លាវី និង ស៊ែរប៊ី រួមជាមួយការផ្តល់លុយជួលវិទ្យុក្នុងស្រុក និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនផងដែរ ។ ទាំងនេះ នៅមិនទាន់គិតពីលោកកឹម សុខា បញ្ជូនយុវជនសង្រ្គោះជាតិទៅបណ្តុះបណ្តាលនៅតៃវ៉ាន់ ដើម្បីយកម៉ូដែលផ្តួលរំលំរដ្ឋាភិបាលដូចនៅឥណ្ឌូណេស៊ីនៅឡើយផង ។

លោកពូ លើកកែវកាហ្វេទឹកកកផឹកមួយក្អឹកទើបពោលបន្តថា រឿងនេះវាមិនមានផល ប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងកម្ពុជា-អាមេរិក ទេ ដោយគ្រាន់តែអាមេរិកបញ្ជាក់ថាតើអាមេរិកបានធ្វើដូចលោកកឹម សុខា និយាយដែរឬអត់? កម្ពុជាចង់រស់ដោយសុខសន្តិភាព ហើយអ្នកណាក៏ដឹងដែរថាកម្ពុជាជាប្រទេសតូចតាច មិនមានចេតនាណាមួយឈ្លោះជាមួយមហាប្រទេសយក្សនោះទេ គឺចង់បានការគោរពអធិបតេយ្យភាព បូរណភាពទឹកដី ទៅវិញទៅមក កម្ពុជាមិន លូកដៃកិច្ចការផ្ទៃក្នុងរបស់អាមេរិក ឯអាមេរិកក៏មិនត្រូវលូកដៃកិច្ចការផ្ទៃក្នុងកម្ពុជាដែរ បានន័យថា កម្ពុជាមិនអាចពាក់មួកអាមេរិកតម្រូវក្បាលកម្ពុជា អាមរិកហូបនំប៉័ង កម្ពុជាហូប បាយ ត្រូវបែងចែកឲ្យច្បាស់ពីរឿងនេះ ។

ចុងក្រោយលោកពូនិយាយយ៉ាងខ្លីថា ក្នុងទសវត្សឆ្នាំ៧០ អាមេរិកទម្លាក់គ្រាប់បែក B52សម្លាប់ប្រជាជនកម្ពុជាជាង៥សែននាក់ដោះស្រាយគ្នាមិនទាន់ចប់ផង រឿងអីពេលនេះ អា មេរិកចង់ជ្រៀតជ្រែកកម្ពុជាទៀត? ចំពោះរឿងលោក កឹម សុខា វិញ មិនពិបាកទេ សំខាន់ អាមេរិកប្រាប់មកថា តើបានធ្វើដូចលោកកឹម សុខា និយាយដែរឬអត់?

មិនថាគេ មិនថាខ្ញុំ ពេលឮលោកពូរត់រ៉ឺម៉កម៉ូតូបរិយាយបែបនេះ ធ្វើឲ្យម្នាក់ៗហាក់ភ្លឺភ្នែកដែរ ។ ខ្ញុំងក់ក្បាលតិចៗ ហៅគេគិតលុយកាហ្វេ រួចទាញកង់កញ្ចាស់ជិះទៅផ្ទះវិញទាំងដក់ជាប់អារម្មណ៍របស់លោកពូទៅជាមួយផង ៕ នាយជាល