ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ទស្សនៈប្រជាជន៖ លោក ហ៊ុន ប៊ុនធឿន ហៅ តាលាង ខ្លាំងមែន គាស់ខ្មោចស្លាប់១៣ថ្ងៃ យកមកផ្តិតមេដៃ លើលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ចំពោះមុខចៅសង្កាត់បាន ដើម្បីយកទៅភូតកុហក សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ធ្លាប់ឮតែគេនិយាយតៗគ្នា បែបជាការលេងសើចចំអកឡកឡឺយដាក់គ្នាថា៖ «ឲ្យតែមានលុយ មានអំណាច អាចហៅខ្មោចមករាំលេងបាន» ការពិតមិនដូច្នោះទេ គ្រាន់ជាពាក្យបង្អាប់ដាក់គ្នាប៉ុណ្ណោះ ។

បច្ចុប្បន្ន ពាក្យនេះ បែរទៅមានរឿងនេះ ក្លាយជាការពិតកើតឡើងទៅវិញ…? ..សឹងតែមិនគួរជឿសោះ ខណៈកើតមាននៅក្នុងភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយលោកអ្នកមានលុយគួរសមមួយរូប ឈ្មោះ ហ៊ុន ប៊ុនធឿន ហៅតាលាង (មិនមែនសែស្រឡាយ សម្តេចតេជោ ហ៊ុន សែន ទេ) គាត់មានឥទ្ធិពលមែន គឺគាស់ខ្មោច ដែលស្លាប់១៣ថ្ងៃទៅហើយ (មរណៈភាពថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៩៨) ឡើងមកផ្តិតមេដៃ លើលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩៨បាន។ …អ្វីដែលជាការពិត គឺលោកចៅសង្កាត់ភ្នំពេញថ្មី គាត់ហ៊ានទាំងបញ្ជាក់ថា៖ បានឃើញ និងបញ្ជាក់ថា ស្នាមមេដៃខាងលើនេះ ពិតជាស្នាមមេដៃរបស់ ឈ្មោះ ហួត ងៀម, ហ៊ុន ប៊ុនធឿន, ជួប ណាត, ងួន ប៉ុន, ជា សារ៉ន ផ្តិតមេដៃចំពោះមុខពិតប្រាកដមែន ។ ផ្ទុយទៅវិញ ឈ្មោះ ហួត ងៀម បានស្លាប់មិនចាំថ្ងៃខែ តែឈ្មោះ ងួន ប៉ុន (មរណៈភាពថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៩៨) មានន័យថា៖ ស្លាប់មុនការធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីនេះ រយះពេល១៣ថ្ងៃ ចុះហេតុអី លោក ហ៊ុន ប៊ុនធឿន ហៅតា លាង គាស់ខ្មោចមកផ្តិតមេដៃបាន..ហើយចៅសង្កាត់ភ្នំពេញថ្មី លោកជុំ សារ៉ាយ បញ្ជាក់ថា ខ្មោចផ្តិតមេដៃចំពោះមុខគាត់…?

លើលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩៨នេះទៀតសោត ប្រហែលជាអង្គភាពសង្កាត់ភ្នំពេញថ្មី មានទាំងស្មៀន ទាំងចៅសង្កាត់ខ្វះខាតប្រដាប់ផ្តិតមេដៃហើយមើល៍ទៅ.. ទើបអ្នកផ្ទេរ(ខ្មោច) អ្នកទទួល និងសាក្សីដឹងឮ កាន់តាំប៉ុងផ្តិតមេដៃយកមកម្នាក់មួយ រៀងៗខ្លួន ទើបជាក់ស្តែង លើលិខិតនេះ មានស្នាមមេដៃ មានពណ៍ខុសគ្នាទាំងអស់ និងមានស្នាមកោសលុបជាច្រើន (អាចភាគីខាងខ្មោច តវ៉ារឿងសរសេរខុសអីមួយហើយមើល៍ទៅ…???

លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ចុះនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩៨ មានខ្មោចផ្តិតមេដៃនេះ ត្រូវបានបែកធ្លាយនៅព្រឹកថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ បន្ទាប់ពីលោកមេធាវី ហុង ប៊ុនហួរ លោក មេធាវី លី ច័ន្ទតុលា និងមេធាវី កញ្ញា ធីម សុភាព យក ជាមេធាវីការពារក្តីឲ្យ លោក ហ៊ុន ប៊ុនធឿន ហៅតាលាង យកមកបង្ហាញ គណៈកម្មការអាជ្ញាសាលាចុះមកអនុវត្តសាលដីកា និងដីការក្សាការពារ នៅចំណុចភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ករណីនេះ ក៏លេចចេញ ស្ត្រីវ័យជាង៥០ឆ្នាំ ឈ្មោះ ងួន សាវ៉ន និងកូនប្រុស២នាក់ ត្រូវជាកូនសព ជាចៅសព ឈ្មោះ ងួន ប៉ុន ម្ចាស់ដីដើមកាន់ឯកសារមកស្រែកទ្រហ៊ោយំ និងចោទប្រកាន់ថា៖ ឈ្មោះ ហ៊ុន ប៊ុនធឿន ហៅតា លាង ជាជនខិលខូច បានក្លែងមេដៃសពឪពុក ជីតារបស់គាត់ នៅលើលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩៨ ខណៈឪពុក ជីតា គាត់បានស្លាប់តាំងពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៩៨ មុនលិខិតនេះ១៣ថ្ងៃនោះ ។

ពួកគាត់បន្តថា៖ ឈ្មោះ ហ៊ុន ប៊ុនធឿន ហៅតាលាង យកលិខិតក្លែងនេះ ទៅភូតកុហកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អះអាងថា ជាម្ចាស់ដីដើមរំលោភយកដីគាត់ដើម្បីធ្វើ សជណ លេខ៦៩១ ឈានដល់ធ្វើប្លង់រឹងលើដីបឹងទំហំ៦,១៦ហិកតា ក្នុងនោះរំលោភលើដីពួកគាត់៣ហិកតា ដែលពួកគាត់មានឯកសារសំអាងច្បាស់លាស់ ។

ជនរងគ្រោះបានស្រែកយំនៅចំពោះមុខ លោក ហ៊ុន ប៊ុនធឿន ហៅតាលាង ឲ្យឈ្មោះនេះចេញមុខ មកបកស្រាយការពិត ហេតុអី ក៏ក្លែងមេដៃឪពុក ជីតាគាត់ ដែលស្លាប់ទៅហើយនៅតែមិនលើកលែង..? ក្នុងនោះ ពួកគាត់លើកដៃសំពះអង្វរ សុំឲ្យសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលពួកគាត់ គោរព ស្រឡាញ់ពេញបេះដូង ជួយផ្តល់យុត្តិធម៍ឲ្យពួកគាត់ផង ។

រឿងនេះ បើដឹងដល់សម្តេចតេជោ…ពិតណាស់ថា៖ នឹងមានមនុស្សមិនតិចនាក់ទេ ប្រឈមនឹងផ្លូវច្បាប់ ខណៈសម្តេច ស្អប់បំផុតក្រុមមន្ត្រីគ្រាប់ល្ពៅ ជាន់ករាស្ត្របែបៗនេះ…ចាំមើល៍បន្តិចសិន តើវាំងននដ៏ខ្មៅងងឹតសាងឡើងដោយបុគ្គលឈ្មោះ ហ៊ុន ប៊ុនធឿន ហៅតា លាង (មិនមែនជាសែស្រឡាយ សម្តេចតេជោ ហ៊ុន សែន)នេះ គាត់មានឥទ្ធិពលភូតកុហកសម្តេចតេជោ ជោគជ័យតាមចេតនាទុច្ចរិតរបស់គាត់ ឬអត់ចុងក្រោយ..????? ៕ ទស្សនៈប្រជាជន