ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈកូនខ្មែរ៖ រាជរដ្ឋាភិបាលថ្មីអាណត្តិទី៦ ក្រោមការសាទរពីសហគមន៍អន្តរជាតិ!

បណ្តារប្រទេសជាច្រើនក្នុងលោករាប់ទាំងមហាប្រទេសប្រជាធិបតេយ្យធំៗផង បានចេញ មុខអបអរសាទរជាបន្តបន្ទាបដល់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលថ្មីអាណត្តិទី៦។ ជាក់ស្តែងបន្ទាប់ពីឥណ្ឌា និងអាល្លឺម៉ង់ ដល់វេន ជប៉ុន ដែលបានផ្ញើសារអបអរសាទរដល់លោក ហ៊ុន សែន ដែលបានបន្តទទួលតំណែងជានាយករដ្ឋមន្ត្រីថ្មីអាណត្តិទី៦។ គិតមកដល់ពេលនេះមាន ប្រទេសជាច្រើនដូចជាមហាយក្សចិន រុស្ស៊ី អ៊ុយក្រែន និងបណ្តារប្រទេសអាស៊ានរួមទាំងប្រទេស ជាមិត្តជាច្រើនទៀតសុទ្ធតែបានផ្ញើសារអបអរសាទរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ នេះសបញ្ជាក់ ថា រាជរដ្ឋាភិបាលថ្មីអាណត្តិទី៦ ដែលកើតចេញពីការបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ បានទទួលការស្វាគមន៍ពីសហគមន៍អន្តរជាតិ យ៉ាងទូលំទូលាយផ្ទុយស្រឡះពីការឃោសនា និង ការរំពឹងទុករបស់ក្រុមប្រឆាំងជ្រុលនិយម ដែលបានខិតខំធ្វើសកម្មភាពបំផ្លាញការបោះឆ្នោត និង ចង់ឲ្យរាជរដ្ឋាភិបាលថ្មីកើតចេញពីការបោះឆ្នោតដែលគ្មានគណបក្សរបស់ខ្លួនចូលរួម ត្រូវបាន សហគមន៍អន្តរជាតិផាត់ចោល។

មានមូលហេតុច្រើនយ៉ាងដែលសហគមន៍អន្តរជាតិស្វាគមន៍ រាជរដ្ឋាភិបាលថ្មីអាណត្តិទី៦៖

មូលហេតុទី១៖ ការបោះឆ្នោតនេះបានឆ្លុះបញ្ចាំងអំពីឆន្ទៈ និងជម្រើសរបស់ប្រជាពលរដ្ឋខ្មែរជាង ៨៣% ដែលបានចេញទៅបោះឆ្នោតដែលជាចំនួនច្រើនលើសលប់ ទោះបីជាក្រុមប្រឆាំងបានធ្វើ យុទ្ធនាការម្រាមដៃស្អាតមិនឲ្យពលរដ្ឋចេញទៅបោះឆ្នោតក៏ដោយ។ ហើយអ្នកបោះឆ្នោតភាគ ច្រើនលើសលប់បានបោះជូនគណបក្សប្រជាជនកម្ពុជាហូតដល់ជាង ៧៧% ដែលធ្វើឲ្យបក្សកាន់ អំណាចដណ្តើមបានកៅអីទាំងអស់នៅក្នុងរដ្ឋសភា។

មូលហេតុទី២៖ ការបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា បាន ប្រព្រឹត្តទៅក្នុងបរិយាកាសយ៉ាងល្អ ប្រកបដោយសុខសន្តិភាព និងគ្មានអំពើហិង្សាកើតឡើងឡើយ។ មិនត្រឹមតែប៉ុណ្ណោះការបោះឆ្នោត នេះអាចចាត់ទុកថាជាលើកដំបូងហើយ ស្ថានភាពមានលក្ខណៈល្អប្រសើរក្នុងគ្រប់ដំណាក់កាល ទាំងមុន ទាំងអំឡុងពេល និងទាំងក្រោយការបោះឆ្នោត។ ពលរដ្ឋខ្មែរសម្តែងការសប្បាយរីករាយ ដោយគ្មានអ្នកណាតវ៉ាអ្វីឡើយ តែផ្ទុយទៅវិញ ពួកគេមានអំណរយ៉ាងខ្លាំងដោយឃើញការបោះ ឆ្នោតដែលល្អបែបនេះ។

មូលហេតុទី៣៖ ភ្លាមៗក្រោយការបោះឆ្នោត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសគោល នយោបាយបម្រើប្រជាជនឲ្យកាន់តែល្អប្រសើរជាងមុន ឲ្យមន្ត្រីរាជរដ្ឋាភិបាលខិតខំធ្វើការបម្រើ ពលរដ្ឋទ្វេដងដើម្បីឲ្យពលរដ្ឋទទួលផលប្រយោជន៍ជាក់ស្តែងបានច្រើនជាងមុន។ នេះជាសារដ៏ កក់ក្តៅសម្រាប់ប្រជាពលរដ្ឋ។

មូលហេតុទី៤៖ ភ្លាមៗក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មីជាផ្លូវការ លោក ហ៊ុន សែន បានបង្ហាញ កាយវិការក្នុងនាមអ្នកដឹកនាំប្រកបដោយព្រហ្មវិហារធម៌ចំពោះអ្នកប្រព្រឹត្តខុស ហើយទទួលស្គាល់ កំហុស ដោយបានទូលស្នើព្រះមហាក្សត្រឲ្យលើកលែងទោសដល់ទណ្ឌិតដែលជាអតីតមន្ត្រីបក្ស ប្រឆាំងមួយចំនួនឲ្យចេញពីពន្ធនាគារ បន្ទាប់ពីពួកគេបានសារភាពទទួលកំហុស ហើយសុំ អន្តរាគមន៍ពីលោក ហ៊ុន សែន។ ប្រមុខដឹកនាំប្រទេសក៏បានប្រកាសផែនការលើកលែងទោស ទ្រង់ទ្រាយធំនៅក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌខាងមុខនេះផងដែរ។

មូលហេតុទី៥៖ ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់តាមគំនិតផ្តួចផ្តើមរបស់លោក ហ៊ុន សែន ដើម្បីអនុញ្ញាតឲ្យគណបក្សដែលមិនជាប់ឆ្នោតមានសំឡេងរួមចំណែកក្នុងគោលនយោបាយដឹកនាំប្រទេសក៏ជាសញ្ញាវិជ្ជមានថ្មីមួយទៀតសម្រាប់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

តើមានប្រទេសប្រជាធិបតេយ្យថ្មីថ្មោងណាដែលអាចរៀបចំការបោះឆ្នោតបានល្អបែបនេះ?

ក្នុងន័យនេះ សហគមន៍អន្តរជាតិគ្មានជម្រើសអ្វីក្រៅតែពីបន្តកិច្ចសហការណ៍ល្អជាមួយ រាជរដ្ឋាភិបាលថ្មីដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរនោះឡើយ។ ទាំងប្រជាពលរដ្ឋខ្មែរ ទាំងសហគមន៍អន្តរជាតិសុទ្ធតែបានកត់សម្គាល់ដោយមោទនៈភាពថា ប្រទេសកម្ពុជាកំពុងបោះ ជំហានទៅមុខយ៉ាងល្អក្នុងសុខសន្តិភាព ពោល គឺកម្ពុជាត្រូវការស្ថានការណ៍បែបនេះ គឺមិនត្រូវ ការភាពវឹកវរ ចលាចលនៅក្រោយការបោះឆ្នោតឡើយ។ សុខ សន្តិភាព និងស្ថិរភាពសង្គម គឺជា មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍ប្រទេស ក៏ដូចជាការអភិវឌ្ឍន៍ជីវភាពគ្រួសារ ហើយក៏ជាកត្តា អំណោយផលយ៉ាងល្អសម្រាប់ទំនាក់ទំនងអន្តរជាតិផងដែរ។

ការអបអរសាទរយ៉ាងកងរំពងពីសហគមន៍អន្តរជាតិគឺជាសញ្ញាប្រាប់ថា កិច្ចខិតខំប្រឹងប្រែង របស់ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដើម្បីបំផ្លាញការបោះឆ្នោតបំផ្លាញ រាជរដ្ឋាភិបាលថ្មីតាមបំណងទុច្ចរិតរបស់ខ្លួននោះ ទទួលបរាជ័យយ៉ាងអាម៉ាស់ជាថ្មីម្តងទៀត។ សហគមន៍អន្តរជាតិ បន្តសិ្ថតនៅជាមួយប្រជាជនកម្ពុជា និងជាមួយរាជរដ្ឋាភិបាលកើតចេញពីការ បោះឆ្នោតតាមបែបប្រជាធិបតេយ្យពិតៗ គឺមិនមែនស្ថិតនៅជាមួយក្រុមឧទ្ទាមក្រៅច្បាប់ដែល ដើរធ្វើសកម្មភាពប្រឆាំងប្រយោជន៍ជាតិនិងប្រជាជនខ្លួនឯងនោះឡើយ៕ អ្នកតាមដាននយោបាយកម្ពុជា