ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈពលរដ្ឋខ្មែរ៖ កម្មករ កម្មការនី ប្តេជ្ញាការពារឆ្នាំងបាយរបស់ខ្លួន!

នៅប្រទេសកម្ពុជាយើងមានអ្នកនយោបាយពីរប្រភេទ៖ ប្រភេទទី១ ជាអ្នករកឆ្នាំងបាយ និងការពារ ឆ្នាំងបាយជូនកម្មករ រីឯប្រភេទទី២ ជាអ្នកចាំវាយបំបែកឆ្នាំងបាយកម្មករ។ អ្នកដែលស្វែងរកឆ្នាំងបាយជូនកម្មករ និងកំពុងឈរការពារឆ្នាំងបាយនោះជារៀងរាល់ថ្ងៃ គឺរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាដឹកនាំដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ចំណែកអ្នកដែលតាមវាយបំបែកឆ្នាំងបាយកម្មកររហូតមក គឺក្រុមប្រឆាំង ដែលមានខ្មោចបក្សសង្គ្រោះជាតិដែលមាន សម រង្ស៊ី ជាមេខ្លោង។

អ្នកដែលស្វែងរកឆ្នាំងបាយជូនកម្មករ គឺតែងតែកៀរគរអ្នកវិនិយោគទុនទាំងក្នុងនិងក្រៅស្រុកឲ្យមក សាងសង់រោងចក្រដើម្បីផ្តល់ការងារជូនកម្មករខ្មែរ។ ការរីកដុះដាលព្រោងព្រាតនៃរោងចក្រកាត់ដេរសម្លៀក បំពាក់ និងស្បែកជើងទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តហើយដែលបានផ្តល់ការងារដល់កម្មករ កម្មការិនីជិតមួយលាននាក់ និងនាំចំណូលជូនជាតិ និងគ្រួសារកម្មកររាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ គឺជា ស្នាដៃរបស់រាជរដ្ឋាភិបាលដែលមានលោក ហ៊ុន សែន ជាប្រមុខ។ ក្រោយពីរករោងចក្របង្កើតការងារជូនកម្មករ រួចហើយលោក ហ៊ុន សែន ក៏នៅបន្តតាមមើលសុខទុក្ខរបស់បងប្អូនកូនក្មួយកម្មករកម្មការិនីជាប្រចាំ។ ជាក់ស្តែង លោកនាយករដ្ឋមន្ត្រីបានចុះសួរសុខទុក្ខផ្ទាល់ដល់កម្មករ កម្មការិនី ដោយផ្ទាល់ និងដោយភាពស្និទ្ធស្នាលជាទី បំផុត។ រហូតមកដល់ពេលនេះ លោកនាយករដ្ឋមន្ត្រីបានជួបកម្មករ កម្មការិនី ជាង ៦០ ម៉ឺននាក់ហើយក្នុង ជំនួបជិត ៥០ លើកគិតចាប់តាំងពីខែសីហាឆ្នាំ ២០១៧ មក។ បេសកកម្មជួបកម្មករក៏គ្រោងនឹងចាប់ផ្តើមជាថ្មី នៅក្រោយការបោះឆ្នោត។ ភាពស្និទ្ធស្នាលរបស់ថ្នាក់ដឹកនាំកំពូលនៃគណបក្សកាន់អំណាចបានផ្តល់នូវភាព កក់ក្តៅយ៉ាងខ្លាំងដល់កម្មករ កម្មការិនី។

ក្រៅពីភាពស្និទ្ធស្នាល លោកនាយករដ្ឋមន្ត្រី ក៏បានដោះស្រាយបញ្ហាជូនកម្មករ និងផ្តល់អត្ថប្រយោជន៍ ជាច្រើនដល់បងប្អូនកូនក្មួយផងដែរ។ អត្ថប្រយោជន៍ទាំងនោះជារួមមាន៖ ការដំឡើងប្រាក់ខែគោល ១៧០ ដុល្លារ ក្នុងឆ្នាំ២០១៨ និងត្រូវឡើងបន្តទៀតនៅឆ្នាំក្រោយៗ។ ការពិនិត្យសុខភាពក្នុងមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។ ការបង់សេវារបបសន្តិសុខសង្គមជាបន្ទុកទាំងស្រុងរបស់ថៅកែ។ ការជិះរថយន្តក្រុងសាធារណៈដោយឥតយក ប្រាក់។ ពេលមានផ្ទៃពោះសម្រាលកូន កម្មការិនីទទួលបានប្រយោជន៍ជាច្រើនទៀត ដូចជាបានចេញមុនម៉ោង យ៉ាងតិចបំផុត១៥ នាទី បានទទួលការឈប់សម្រាក ៣ ខែដោយទទួលប្រាក់ឈ្នួល ១២០% និងការពិនិត្យ ផ្ទៃពោះដោយឥតគិតថ្លៃ។ ពេលសម្រាលកូនបានទទួលប្រាក់ឧបត្ថម្ភ ៤០ ម៉ឺនរៀល សម្រាប់កូនម្នាក់ បើសម្រាល បានកូនពីរនាក់បាន ៨០ ម៉ឺនរៀល ហើយករណីកូនភ្លោះបី នឹងទទួលបាន ១លាន ២សែនរៀល បូកនឹងប្រាក់ ឧបត្ថម្ភពីលោកនាយករដ្ឋមន្ត្រី ៥លានរៀលផ្សេងទៀត។

ទាំងអស់នេះជាអត្ថប្រយោជន៍ធំធេងដែលកម្មករ កម្មការិនីបានទទួលពីការដឹកនាំរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ហើយដែលពួកគេកំពុងសប្បាយរីករាយ និងសាទរយ៉ាងខ្លាំង។ ចំណែកក្រុមអ្នកបំផ្លាញ ឆ្នាំងបាយកម្មករវិញ ពួកគេដេកមិនលក់បក់មិនល្ហើយនៅពេលឃើញកម្មករ កម្មការិនីទទួលបានអត្ថប្រយោជន៍ ច្រើនបែបនេះ។ មួយថ្ងៃមួយថ្ងៃ ពួកគេគិតតែដេករកនឹកវិធី ដើម្បីធ្វើឲ្យរោងចក្របិទទ្វារ ដើម្បីបំបែកឆ្នាំងបាយ កម្មករក្នុងគោលដៅដាក់បន្ទុកទៅលើរាជរដ្ឋាភិបាល។ ដើម្បីសម្រេចគោលដៅនេះ លោក សម រង្ស៊ី បានដើរ បញ្ចុះបញ្ចូលកុំឲ្យសហគមន៍អន្តរជាតិទិញទំនិញ ពីកម្ពុជាដែលជាស្នាដៃរបស់កម្មករខ្មែរ និងទាមទារឲ្យសហភាព អឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។ ក្រៅពីនោះ ពួកគេតែងដឹកនាំញុះញង់កម្មករឲ្យធ្វើបាតុកម្មដុតកម្ទេច វាយបំផ្លាញរោងចក្រ ដើម្បីធ្វើយ៉ាងណាឲ្យថៅកែបរទេសទ្រាំលែងបានហើយបិទទ្វាររោងចក្ររបស់ខ្លួននៅ កម្ពុជា។ អំពើទាំងអស់នេះត្រូវបាន សម រង្ស៊ី ធ្វើដើម្បីតែកេងចំណេញនយោបាយពីទុក្ខសោករបស់កម្មករ តែប៉ុណ្ណោះ ទោះជាត្រូវវាយបំបែកឆ្នាំងបាយកម្មករខ្មែរក៏ដោយ។

ដូច្នេះយើងជាកម្មករប្តេជ្ញាការពារឆ្នាំបាយរបស់យើង ដោយត្រូវការពារអត្ថប្រយោជន៍ដែលយើងមាន សព្វថ្ងៃនេះ។ យើងសប្បាយរីករាយ និងមានភាពកក់ក្តៅចំពោះការយកចិត្តទុកដាក់ពីប្រមុខដឹកនាំប្រទេស។ ជាការឆ្លើយតបក៍ដូចជាគុណធម៍ និងសិលធម៍ជាមនុស្ស កម្មករ កម្មការិនី ទាំងអស់គ្នាបានប្តេជ្ញាថានឹងបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា លេខរៀងទី ២០ ដើម្បីឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចបន្តដឹកនាំ ប្រទេសទៅមុខទៀតពីព្រោះវត្តមានរបស់លោក ហ៊ុន សែន ជាការធានាឆ្នាំងបាយរបស់កម្មករ។ យើងជា កម្មករឈរនៅខាងអ្នកជួយស្វែងរកឆ្នាំងបាយឲ្យយើង និងអ្នកដែលបាននិងកំពុងឈរការពារឆ្នាំងបាយរបស់ យើងកុំឲ្យអ្នកបំផ្លាញវាយបំបែក។ ដើម្បីចូលរួមចំណែកការពារឆ្នាំងបាយរបស់ខ្លួន យើងទាំងអស់គ្នាមិនត្រូវ ជឿពាក្យឃោសនាអកុសលរបស់ក្រុមដែលកំពុងប៉ុនប៉ងបំផ្លាញឆ្នាំងបាយយើងនោះឡើយ។ យើងនឹងប្រាប់ ឳពុកម្តាយយើង បងប្អូន មាមីង ជីដូនជីតាយើងឲ្យចេញទៅបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា ឲ្យបានគ្រប់គ្នា ដើម្បីការពារឆ្នាំងបាយយើងឲ្យបាន៕ កម្មការិនីរោងចក្រកាត់ដេរម្នាក់