ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈពលរដ្ឋខ្មែរ៖ ជប៉ុនឈរនៅខាងអ្នកការពារប្រជាធិបតេយ្យ

ទីបំផុតទៅប្រទេសជប៉ុនបានប្រគល់ជូនសម្ភារៈដូចបានសន្យាដល់ គ.ជ.ប ដើម្បីគាំទ្រដល់ដំណើរការ រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ កក្កដា ខាងមុខនេះ។ សម្ភារៈដែលជប៉ុនប្រគល់ជូន គ.ជ.ប ជារួមមាន៖ ហឹបឆ្នោតចំនួន ១១០០០ ហឹប និងរថយន្តប្រភេទ Pickup សម្រាប់បម្រើការងារឲ្យការបោះឆ្នោតចំនួន ៤០ គ្រឿង។ ជំនួយទាំងនេះមានតម្លៃជាទឹកប្រាក់ ៨០០ លានយ៉េន ដែលជប៉ុនបានសន្យាផ្តល់ជូន គ.ជ.ប ដើម្បីគាំទ្រដល់ដំណើរការបោះឆ្នោតនៅកម្ពុជា។

ជំនួយរបស់ជប៉ុនពេលនេះមានអត្ថន័យច្រើនយ៉ាងសម្រាប់កម្ពុជា៖

អត្ថន័យទី១៖ ជំនួយនេះបញ្ជាក់ថា ជប៉ុនឈរនៅខាងអ្នកការពារប្រជាធិបតេយ្យយ៉ាងពិតប្រាកដឥត ងាករេ។ ជាជំហរឥតងាករេរបស់រាជរដ្ឋាភិបាលទីក្រុងតូក្យូ គឺដើម្បីបុព្វហេតុលើកស្ទួយប្រជាធិបតេយ្យនៅកម្ពុជា ឲ្យកាន់តែរឹងមាំថែមទៀត។

អត្ថន័យទី២៖ ជំនួយរបស់ជប៉ុន បញ្ជាក់ថាមិត្តជប៉ុនជាអ្នកជួយប្រទេសកម្ពុជាពិតប្រាកដ គឺជួយប្រជាជន កម្ពុជាដោយស្មោះត្រង់ដោយគ្មានបង្កប់ភាពពិសពុលនៅពីក្រោយខ្នងដូចប្រទេសខ្លះ ដែលមានមហិច្ឆតាចង់ លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាតាមរយៈការប្រើប្រាស់កូនជឹងរបស់ខ្លួនឲ្យមកបង្កបញ្ហាគ្រប់បែបយ៉ាង។ តែលុះដល់កូនជឹងរបស់ខ្លួនមិនបានចូលរួមបោះឆ្នោតស្រាប់តែដកជំនួយវិញ។ នេះគេហៅថា ជំនួយហុតទឹក សម្លឹងកាក ប៉ុន្តែពេលមើលទៅមិនឃើញកាកក៏ដកចានលែងឲ្យហុត។ ជំនួយបែបនេះខ្មែរមិនត្រូវការទេ តែ កម្ពុជាត្រូវការជំនួយស្មោះត្រង់ដូចមិត្តជប៉ុននេះជាដើម គឺជាជំនួយដែលគ្មានចំណង។

អត្ថន័យទី៣៖ ជំនួយរបស់ជប៉ុន ដែលប្រគល់ជូន គ.ជ.ប ពេលនេះជាព្រនង់សំពងពួកប្រឆាំងដឹកនាំ ដោយ សម រង្ស៊ី ឲ្យភ្ញាក់ខ្លួនដូចខ្មោច ៧ ថ្ងៃថា ជប៉ុនមិនឈរនៅខាងអ្នកបំផ្លាញប្រជាធិបតេយ្យដូចពួកអ្នក កំពុងធ្វើសព្វថ្ងៃនេះឡើយ។ សម រង្ស៊ី និងបក្សពួកគួរតែភ្ញាក់ខ្លួន ស្វាងពីដេកហើយនាំគ្នាគិតពិចារណាមករក ផ្លូវត្រឹមត្រូវវិញ ដោយនាំគ្នាជួយធ្វើអ្វីដែលជាប្រយោជន៍ជាតិទៅតាមលទ្ធភាពរបស់ខ្លួន ប្រសើរជាជាងដើរ ត្រាក់ៗទៅធ្វើបាតុកម្មប្រទេសនេះបន្តិច ប្រទេសនោះបន្តិចឲ្យបរទេសផ្តាច់ជំនួយពីកម្ពុជាធ្វើឲ្យកិត្តិយសជាតិ អាប់ឱន។ បរទេសដូចជប៉ុន នេះមិនមែនជាបរទេសធន់ដូចចៅហ្វាយរបស់ សម រង្ស៊ី ទេណា សូមកុំច្រឡំឲ្យ សោះ។ ស្តាយកម្លាំងណាស់ដែលខំឥតបានការ, បើទុកពេលទៅធ្វើអ្វីល្អៗសម្រាប់ជួយប្រជាជន និងប្រទេស ជាតិវិញមិនដឹងល្អយ៉ាងណាទេ។

អត្ថន័យទី៤៖ ជំនួយរបស់ជប៉ុន សបញ្ជាក់ថាការបោះឆ្នោតថ្ងៃទី ២៩ កក្កដានេះ មានតម្លៃគ្រប់គ្រាន់ ពីព្រោះមានទាំងការជួយគាំទ្រពីប្រទេសធំៗដូចជាជប៉ុន ចិន រុស្ស៊ី និងបណ្តាប្រទេសផ្សេងទៀត, មានទាំងអ្នក សង្កេតការណ៍ជាតិ អន្តរជាតិ ជិត ៧ ម៉ឺននាក់ និងមានទាំងការប្រកួតប្រជែងដ៏ទូលំទូលាយរវាងគណបក្សចំនួន ២០។ នេះជាតម្លៃពិត តម្លៃសាកល នៃដំណើរការបោះឆ្នោតដែលកំពុងតែប្រព្រឹត្តទៅយ៉ាងសស្រាក់សស្រាំ និង ប្រកបដោយសុខ សន្តិភាព គ្មានហិង្សា និងមានលក្ខណៈសេរី ត្រឹមត្រូវ និងតម្លាភាព ដែលជាគោលការណ៍ គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។

សរុបមក បងប្អូនប្រជាពលរដ្ឋខ្មែរទាំងឡាយបានឃើញច្បាស់ហើយអំពីភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាល កម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្តូរផ្តាច់ការពារសន្តិភាព ស្ថិរភាពសង្គម និងជាពិសេស ការពារដំណើរការរៀបចំការបោះឆ្នោតស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ ភាពត្រឹមត្រូវ នេះហើយដែលទទួលបានការគាំទ្រពីអន្តរជាតិ។ ចំណែកឯក្រុមអ្នក បំផ្លាញសន្តិភាព បំផ្លាញប្រជាធិបតេយ្យ បំផ្លាញភាពសុខសាន្តរបស់ប្រជាជន និងជាពិសេសការប៉ុនប៉ងបំផ្លាញដំណើរការបោះឆ្នោតបានទទួលបរាជ័យ ទាំងស្រុង។

ដូច្នេះ ក្នុងនាមខ្មែរដែលស្រឡាញ់ប្រជាធិបតេយ្យ ស្រឡាញ់សន្តិភាព យើងទាំងអស់គ្នានឹងឈរនៅ ខាងភាពត្រឹមត្រូវជាមួយមិត្តជប៉ុន ដោយយើងទាំងអស់គ្នានឹងធ្វើដំណើរទៅបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា ឲ្យ បានគ្រប់ៗគ្នា។ ការឈរនៅខាងអំពើល្អជាគុណធម៌របស់មនុស្សជាតិនៅលើសាកលលោក ជាពិសេសជា គុណធម៌ដ៏បវររបស់ពូជសាសន៍ខ្មែរ។ អរគុណមិត្តជប៉ុន និងបណ្តាមិត្តបរទេសជាច្រើនទៀតដែលឈរនៅ ខាងអំពើល្អជាមួយពួកយើងដើម្បីរួមគ្នាកម្ចាត់អំពើអាក្រក់ឲ្យអស់ពីកម្ពុជា៕ សាស្ត្រចារ្យវិជ្ជាសាស្ត្រសង្គមខេត្តកំពង់ចាម