ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈពលរដ្ឋខ្មែរ៖ យើងជាកូនខ្មែរត្រូវចូលរួមលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ!

កាលពីមុនគេស្គាល់ប្រទេសកម្ពុជាដោយសាររបបខ្មែរក្រហម។ របបនេះបានធ្វើឲ្យកេរ្តិ៍ឈ្មោះប្រទេស កម្ពុជាស្អុយអសោចពាសពេញពិភពលោក។ របបនេះបានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាឋាននរកអវិចីយធ្វើឲ្យ ខ្មែរមានឈ្មោះជាបិសាចស្រេកឈាមដ៏សាហាវឃោរឃៅគួរឲ្យខ្លាច។ ក្រោយពីផ្តួលរំលំរបបប្រល័យពូជសាន៍ នេះហើយ គណបក្សប្រជាជនកម្ពុជាក្នុងនាមជាបក្សដឹកនាំប្រទេសមានបេសកកម្មដ៏មហាធំធេងបន្តទៀតនៅ ចំពោះមុខ។

បន្ទុកដ៏មហាធ្ងន់នេះមិនអាចប្រើតែដៃពីរបានទេ គឺត្រូវប្រើយុទ្ធសាស្ត្រដៃព្រះនរាយណ៍ទើបអាចធ្វើ បានពោល គឺដៃម្ខាងត្រូវចិញ្ចឹមប្រជាជនដែលសេសសល់ពីស្លាប់ហើយមានរូបកាយស្គមកំព្រឹងមានតែស្បែក ដណ្តប់ឆ្អឹងនោះឲ្យមានភាពជាមនុស្សម្នាឡើងវិញ រីឯដៃម្ខាងទៀតខំប្រឹងស្តារហេដ្ឋារចនាសម្ព័ន្ធប្រទេសឡើង វិញចេញពីចំណុចសូន្យ ខណៈដែលដៃផ្សេងទៀតត្រូវទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញរបស់ពួកខ្មែរក្រហម ត្រូវបញ្ចប់សង្គ្រាម និងស្វែងរកសន្តិភាព និងត្រូវលើកស្ទួយកិត្យានុភាពជាតិតាមរយៈការផ្លាស់ប្តូរស្ថានភាព ប្រទេសពីអ្វីដែលគេធ្លាប់ស្គាល់ថាជាវាលពិឃាដដ៏គួរឲ្យតក់ស្លុតឲ្យទៅជាព្រះរាជាណាចក្រអច្ឆរិយៈ ដែលគួរ ឲ្យចង់ទស្សនា។

បេសកកម្មដ៏ធំធេងនេះ ត្រូវធ្វើឡើងក្នុងស្ថានភាពនៃការហ៊ុមព័ទ្ធសេដ្ឋកិច្ចនិងនយោបាយយ៉ាងជិតឈឹង ពីបណ្តាប្រទេសដែលតាំងខ្លួនថាជាបិតាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ពួកគេមិនត្រឹមតែមិនឈឺឆ្អាលនឹង ទុក្ខវេទនារបស់ពលរដ្ឋខ្មែរប៉ុណ្ណោះទេ តែថែមទាំងបានដាក់ទណ្ឌកម្មទៅលើអ្នកដែលតស៊ូប្តូរជីវិតដើម្បីការ រស់រានឡើងវិញរបស់ពលរដ្ឋខ្មែរថែមទៀត។

ទោះជាត្រូវឆ្លងកាត់ឧបសគ្គរាប់លានជំពូកដូច្នេះក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជាក្នុងនាមជាបក្ស ដឹកនាំប្រទេសនៅតែពុះពារជម្នះការលំបាក ដោយឥតរាថយហើយបានបោះជំហានទៅមុខជានិច្ច ដើម្បីសម្រេច ក្តីសុបិនរបស់ខ្លួន គឺការចង់ឃើញប្រទេសកម្ពុជាមួយដែលឈររឹងមាំស្មើមុខមាត់នឹងគេនៅលើឆាកតំបន់ និង អន្តរជាតិ។ បច្ចុប្បន្ន ក្តីសុបិននេះបានលេចចេញជារូបរាងហើយនោះគឺកម្ពុជាជាកោះសន្តិភាពជាគោលដៅ ទេសចរណ៍ និងការវិនិយោគ ជាសមាជិកអាស៊ាន, សមាជិកអង្គការសហប្រជាជាតិ។ លើសពីសមាជិកធម្មតា កម្ពុជាកំពុងមានតួនាទីកាន់តែសំខាន់ទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមប្រមុខដឹកនាំប្រទេសតែងមានវត្តមាននៅគ្រប់វេទិកាធំៗ មិនថាថ្នាក់តំបន់ឬថ្នាក់ពិភពលោកឡើយ។ ពីប្រទេសដែលត្រូវការកងទ័ពមួកខៀវសហប្រជាជាតិទៅជាប្រទេស ដែលបញ្ជូនទ័ពមួកខៀវទៅជួយប្រទេសដទៃ។ ពីប្រទេសដ៏គួរឲ្យខ្លាចក្លាយជាប្រទេសគោលដៅទេសចរណ៍ យ៉ាងសំខាន់របស់ពិភពលោក។ ពីប្រទេសដែលប្រជាជនដាច់ពោះស្លាប់ដោយសារគ្មានអាហារទៅជាប្រទេស ដែលសម្បូរហូរហៀរ មានស្បៀងនាំចេញទៅលក់ក្រៅប្រទេស។ ពីប្រទេសដែលស្ទើរតែគ្មានអ្នកណានឹកនា រាប់រកដោយសារតែសង្គ្រាមស៊ីវិលអូសបន្លាយទៅជាប្រទេសដែលមានសម្បត្តិបេតិកភណ្ឌជាច្រើន ដែលត្រូវ បានអង្គការយូណេស្កូ ចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។

ការប្រារព្ធខួប១០ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក និងខួបមួយឆ្នាំ នៃការដាក់ប្រាសាទសំបូរព្រៃគុកទៅក្នុងបញ្ជីដូចគ្នានេះរបស់អង្គការយូណេស្កូ ដែលបើកធ្វើ នៅថ្ងៃទី ១៥ កក្កដានេះ ក្រោមវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាឧទាហរណ៍ជាក់ស្តែងដែល បញ្ជាក់ពីការយកចិត្តទុកដាក់លើកស្ទួយមោទនៈភាព ជាតិពីសំណាក់រាជរដ្ឋាភិបាលដែលកូនខ្មែរគ្រប់គ្នាមាន មោទនៈ ភាពយ៉ាងខ្លាំង។

មោទនៈភាពជាតិនេះបានមកពីការដឹកនាំនៅលើផ្លូវត្រូវប្រកបដោយទស្សនៈវិស័យវែងឆ្ងាយ និងគ្រប់ ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ ដឹកនាំ។ ជិត ៤០ ឆ្នាំក្រោយការដួលរលំនៃរបបខ្មែរក្រហមពលរដ្ឋខ្មែរកំពុងស្ថិតក្នុងពិភពថ្មីមួយ ដែលខុសស្រឡះ ពីមុន។ ប្រទេសកម្ពុជាក៏ត្រូវបានពិភពលោកមើលក្នុងក្រសែភ្នែកខុសស្រឡះពីមុនដែរនោះ គឺកម្ពុជាដែលមាន កំណើនសេដ្ឋកិច្ចខ្លាំង មានការអភិវឌ្ឍន៍ក្នុងល្បឿនយ៉ាងលឿនលើសពីការរំពឹងទុក។

ដូច្នេះ យើងជាកូនខ្មែរទាំងអស់គ្នាសូមចូលរួមអបអរសាទរ និងទទួលយកនូវមោទនៈភាពនេះ ហើយ យើងទាំងអស់គ្នាក៏ត្រូវចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារនូវអ្វីៗដែលយើងកំពុងមាន និងបន្តជំរុញ ឲ្យវាកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់។

យើងទាំងអស់គ្នាចូលរួមលើកស្ទួយកិត្យានុភាពជាតិយើងទាំងអស់គ្នា ហើយប្រឆាំងដាច់ខាតចំពោះ អ្នកណាក៏ដោយដែលប៉ុនប៉ងបំផ្លាញមោទនៈភាពជាតិនេះដើម្បីបម្រើមហិច្ឆតារបស់បរទេស។ យើងជាកូនខ្មែរ គាំទ្រយ៉ាងម៉ឺងម៉ាត់នយោបាយបង្រួបបង្រួមជាតិ និងនយោបាយលើកស្ទួយមោទនៈភាពជាតិលើកស្ទួយ កិត្យានុភាពជាតិដែលរាជរដ្ឋាភិបាលកំពុងធ្វើ។

ជយោ! មោទនៈភាពជាតិខ្មែរ។

ជយោ! ព្រះរាជាណាចក្រអឆ្ឆរិយៈ!

ដោយះ យុវជនខ្មែរម្នាក់ ដែលស្រឡាញ់វប្បធម៌ជាតិ