ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈពលរដ្ឋ៖ ជុន ច័ន្ទបុត្រ ក្នុងស្ថានភាពចុះទឹកក្រពើ ឡើងលើខ្លា

ការទម្លាយអាថ៌កំបាំងរបស់ ជុន ច័ន្ទបុត្រ ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ ប្រទេសអូស្ត្រាលី និងការបញ្ជាក់បន្ថែមពីសំណាក់លោកឧត្តមសេនីយ ម៉ៅ សុផាន់ និងអតីត ភ្នាក់ងារវិទ្យុអាស៊ីសេរី លោក រដ្ឋា វិសាល គឺជារឿងអាស្រូវដ៏ធំបំផុតរបស់ ជុន ច័ន្ទបុត្រ ហើយកំពុង ដាក់ឲ្យអ្នកនយោបាយពាក់ស្លាកកាសែតរូបនេះស្ថិតក្នុងស្ថានភាព «ចុះទឹកក្រពើឡើងលើខ្លា» មាន ន័យថា ចូលប្រទេសកម្ពុជាក៏មិនបានដោយសារតែជាប់បណ្តឹងរឿងបន្លំខ្លួនចូលពន្ធនាគារ ហើយ នៅអាមេរិកក៏ពិបាកពីព្រោះតែខ្លួនបានបកអាក្រាតរឿងសម្ងាត់ស្តីពី ស៊ី អាយ អេ សម្លាប់លោក កែម ឡី ប្រាប់ដល់រាជរដ្ឋាភិបាល។

ដំបូងឡើយ ជុន ច័ន្ទបុត្រ បានសុខចិត្តធ្វើជាចារកម្មឲ្យបុរសខ្លាំងកម្ពុជា ដោយក្បត់នឹងអាមេរិក ពីព្រោះតែមនុស្សនេះសម្លឹងចង់បានមុខតំណែង និងលាភសក្ការៈពីគណបក្សកាន់អំណាច។ ជា ធម្មតា វិទ្យុអាស៊ីសេរីមានគោលការណ៍យ៉ាងតឹងរ៉ឹងណាស់មិនអនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួនណា ម្នាក់ស្និទ្ធស្នាលជាមួយមន្ត្រីរាជរដ្ឋាភិបាលជាដាច់ខាត។ គេនៅចាំបានថា លោក សុខ សេរី អតីត ភ្នាក់ងារយកព័ត៌មានវិទ្យុអាស៊ីសេរីត្រូវបានគេបណ្តេញចេញពីការងារ ដោយគ្រាន់តែលោកបាន ចាប់ដៃរលាក់បែបស្និទ្ធស្នាលជាមួយលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ។ នៅមានអតីត ភ្នាក់ងារយកព័ត៌មានឲ្យវិទ្យុអាស៊ីសេរីជាច្រើនទៀតដែលត្រូវបានគេបញ្ឈប់ពីការងារ ដោយសារ តែកំហុសស្រដៀងគ្នានេះ។ អ្នកខ្លះទៀត គ្រាន់តែផ្សាយព័ត៌មានបែបជំហរកណ្តាលមិនប្រឆាំង ដាច់ខាតតាមគោលការណ៍របស់គេក៏ត្រូវគេសង្ស័យ និងរករឿងបណ្តេញចេញដែរ។

ក្នុងន័យនេះ ជុន ច័ន្ទបុត្រ ខ្លួនឯងបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរជាងអ្នកទាំងអស់ដូចបានរៀប រាប់ខាងលើឆ្ងាយណាស់ ពីព្រោះ ជុន ច័ន្ទបុត្រ ហ៊ានរហូតដល់ទៅជួបស្ងាត់ៗជាមួយមន្ត្រីជាន់ខ្ពស់ យោធាជាមួយកូននាយករដ្ឋមន្ត្រី និងរហូតសុំជួបជាមួយនាយករដ្ឋមន្ត្រីថែមទៀត។ ធ្ងន់ធ្ងរជាង នេះ ជុន ច័ន្ទបុត្រ បានសុំជំនួយពីកម្លាំងរាជរដ្ឋាភិបាលដើម្បីការពារសន្តិសុខក្រោមហេតុផលថា ខ្លាចពួក ស៊ី អាយ អេ – CIA អាមេរិកសម្លាប់ដូចលោក កែម ឡី។ មានន័យថា ជុន ច័ន្ទបុត្រ ដឹងរឿង ឃាតកម្មលោក កែម ឡី ច្បាស់ថា អ្នកណានៅពីក្រោយ ហើយឃាតកម្មនេះធ្វើឡើងដើម្បីអ្វី។ ប៉ុន្តែ ដោយសារតែអំពើមិនស្មោះត្រង់បែបពស់ក្បាលពីរ ទីបំផុត ទន្សាយក៏រួច ត្រីរ៉ស់ក៏រួច មានន័យថា ប្រមុខដឹកនាំបក្សកាន់អំណាចបានបកស្បែកមុខរបស់ ជុន ច័ន្ទបុត្រ ដែលធ្វើឲ្យបុរសសម្បូរពុតត្បុត និងស្រេកឃ្លានអំណាចរូបនេះបាត់បង់ឱកាសក្នុងការសម្រេចបំណងចង់ចូលជាមួយរាជរដ្ឋាភិបាល។

NKD-36x6_outline

ទន្ទឹមគ្នានោះ ភាគីអាមេរិកក៏បាត់បង់សេចក្តីទុកចិត្តលើ ជុន ច័ន្ទបុត្រ ទាំងស្រុង បន្ទាប់ពីគេ បានដឹងថា ជុន ច័ន្ទបុត្រ មានបំណងក្បត់អាមេរិកចង់មកចុះចូលជាមួយរដ្ឋាភិបាល ហើយបាន បកអាក្រាតព័ត៌មានសម្ងាត់ស្តីពី ស៊ី អាយ អេ សម្លាប់លោក កែម ឡី ថែមទៀត។ ក្នុងស្ថានភាព នេះ តើមិនឲ្យ ជុន ច័ន្ទបុត្រ ដេកភ័យម្តេចនឹងកើតបើពេលនេះខ្លួនកំពុងរស់នៅក្នុងទឹកដីអាមេរិក និង អាស្រ័យលើការងារពីវិទ្យុអាស៊ីសេរីរបស់អាមេរិកទៀតនោះ? តើជោគវាសនា ជុន ច័ន្ទបុត្រ នឹង ទៅជាយ៉ាងណា? គ្រប់គ្នានឹងបានដឹងនៅពេលខាងមុខដ៏ខ្លីនេះ។

ជុន ច័ន្ទបុត្រ ពេលនេះកំពុងខិតខំរកវិធីការពារខ្លួនដោយខំកាឡៃថា ភាគីខាងរាជរដ្ឋាភិបាល ជាអ្នកព្យាយាមទាក់ទងដើម្បីអូសទាញទៅវិញ។ តែ ជុន ច័ន្ទបុត្រ កុំភ្លេចថា ភស្តុតាងផ្សេងទៀត ធ្ងន់ជាងនេះអាចនឹងត្រូវបញ្ចេញបន្ថែមទៀតបើហ៊ានលោត។

នេះហើយជាលទ្ធផលនៃអំពើមិនស្មោះត្រង់របស់ ជុន ច័ន្ទបុត្រ ដែលចង់ជិះទូកម្តងពីរ ដំណាលគ្នា។ ជុន ច័ន្ទបុត្រ ក៏ត្រូវបានអតីតបក្សសង្គ្រោះជាតិសន្យាឲ្យតំណែងជារដ្ឋមន្ត្រីក្រសួង ព័ត៌មានផងដែរនៅពេលដែលគណបក្សនេះឈ្នះឆ្នោត។ ប៉ុន្តែ ឥឡូវបក្សដែលបានសន្យានោះ បានរលាយក្លាយជាផេះបាត់ទៅហើយ។ ដោយសារអស់សង្ឃឹមលើបក្សសង្គ្រោះជាតិ ទើបបានជា ជុន ច័ន្ទបុត្រ មានបំណងស្កាត់ជួបសម្តេច ហ៊ុន សែន នៅអូស្ត្រាលីតាមរយៈលោក ហ៊ុន ម៉ាណែត។ គោលបំណងរបស់ ជុន ច័ន្ទបុត្រ ក្នុងការស្កាត់ជួបសម្តេច ហ៊ុន សែន គឺដើម្បីរាយការណ៍ព័ត៌មាន សម្ងាត់មួយចំនួនបន្ថែមទៀតពីសហរដ្ឋអាមេរិកប្រាប់បុរសខ្លាំងកម្ពុជា ហើយក៏ដើម្បីឆ្លៀតឱកាស ចង់សុំមុខតំណែងក្នុងរាជរដ្ឋាភិបាលផងដែរមុននឹងចាកចេញពីវិទ្យុអាស៊ីសេរី។ ប៉ុន្តែ គណបក្ស ប្រជាជនកម្ពុជាទំនងជាមិនត្រូវការមនុស្សមិនស្មោះត្រង់ ចង់បានតែប្រយោជន៍ដូច ជុន ច័ន្ទបុត្រ នោះឡើយ។

ឥឡូវនេះ ទាំង សម រង្ស៊ី ទាំង ជុន ច័ន្ទបុត្រ សុទ្ធតែកំពុងជួបរឿងអាស្រូវធំៗប៉ុនមហាមេឃ ដូចគ្នាដែលគ្មានអ្នកណាជួយសង្គ្រោះបានឡើយ។ សម រង្ស៊ី កំពុងអស់ប្រជាប្រិយភាពទាំងស្រុង នៅផ្ទៃក្នុងបក្សបន្ទាប់ពីគាត់ធ្វើឲ្យបែកបាក់ផ្ទៃក្នុងខ្ទេចខ្ទីក្រោយការបង្កើតចលនាសង្គ្រោះជាតិ។ ចំណែកសាធារណៈមតិទូទៅវិញក៏អស់ជំនឿលើ សម រង្ស៊ី ដែរ បន្ទាប់ពីគេបានឃើញទង្វើក្បត់ ប្រយោជន៍ជាតិជាបន្តបន្ទាប់ ខុសស្រឡះពីមាត់និយាយជាពិសេសការចុះកិច្ចព្រមព្រៀងផ្តល់ ស្វ័យភាព និងការកាត់ខេត្ត៤របស់ខ្មែរនៅភាគឥសានអោយជនជាតិភាគតិចដេហ្កាយួន រឺពួក ម៉ុងតាញ៉ាយួន។

ចំណែកវិទ្យុអាស៊ីសេរីក៏បានធ្លាក់ខ្លួនមកជាវិទ្យុឧទ្ទាមគ្មានវិជ្ជាជីវៈ និងគ្មានអ្នកណាជឿទៀត ឡើយ សូម្បីអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិភាគច្រើន និងមន្ត្រីសង្គមស៊ីវិលក៏អស់ជំនឿ ហើយ គ្រវីក្បាលពេលស្តាប់ម្តងៗ ដោយសារតែវិទ្យុនេះបង្ហាញអំពីចរិតពិតរបស់ខ្លួនកាន់តែច្បាស់ថាជា វិទ្យុស៊ីឈ្នួលនយោបាយសុទ្ធសាធ។ ក្នុងស្ថានភាពនេះវាសនា ជុន ច័ន្ទបុត្រ ទំនងមានតែពីរ ប៉ុណ្ណោះគឺ «ក្លាយជាចំណីខ្លា ឬចំណីក្រពើ»? ៕ កូនខ្មែរ