ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ទស្សនៈពលរដ្ឋ៖ ត្រកូលក្បត់ជាតិ សាសនា និងព្រះមហាក្សត្រ បង្ហាញច្បាស់ហើយ!

ជាតិ សាសនា ព្រះមហាក្សត្រ គឺជាបាវចនារបស់ព្រះរាជាណាចក្រកម្ពុជា និងត្រូវចាត់ទុកជាដួងព្រលឹង របស់ខ្មែរទាំងមូលដែលគ្មានអ្នកណាអាចបំពានបានឡើយ។ ខណៈដែលរាជរដ្ឋាភិបាលខិតខំលើកស្ទួយ កិត្យានុភាពជាតិ ជ្រោងទង់ព្រះពុទ្ធសាសនា និងការពារតម្លៃព្រះមហាក្សត្រ ដើម្បីឲ្យសាកសមជាបាវនារបស់ជាតិ មានត្រកូលអ្នកនយោបាយមួយទៀត បែរជាធ្វើសកម្មភាពគ្រប់បែបយ៉ាងដើម្បីជាន់ពន្លិចកិត្យានុភាពជាតិខ្លួនឯង បំផ្លាញព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបន្ទាបបន្ថោកតម្លៃព្រះមហាក្សត្រគ្រប់ពេលវេលា។ នោះ គឺអ្នកនយោបាយឈ្មោះ សម រង្ស៊ី នេះឯង។

បន្ទាប់ពីសំណុំរឿងក្បត់ជាតិជាច្រើនត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ជាពិសេស សំណុំរឿងពាក់ព័ន្ធ នឹងការលួចចុះហត្ថលេខាដោយស្ងាត់ៗជាមួយតំណាងជនជាតិដើមភាគតិចវៀតណាម ដោយសន្យាប្រគល់ ទឹកដីខេត្តចំនួន៤នៅភូមិភាគឥសានទៅឲ្យជនជាតិវៀតណាមរស់នៅកំពុងកកក្រើកនៅឡើយនោះ ឥឡូវនេះ សម រង្ស៊ី បានចេញមុខជាចំហប្រឆាំងនឹងព្រះមហាក្សត្រតែម្តង។ សម រង្ស៊ី បានហៅព្រះរាជសារដែល ព្រះមហាក្សត្រអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតថាជាព្រះរាជសារក្លែងក្លាយ។ នេះជាទោសពានវាំងប្រមាថ ព្រះចេស្តាដ៏ធ្ងន់ធ្ងរមួយ។ បន្ទាប់មក សម រង្ស៊ី និងបក្សពួកបានព្យាយាមបន្សាបព្រះរាជសាររបស់ព្រះមហាក្សត្រ ដោយបកស្រាយថាគ្មានអានុភាពផ្លូវច្បាប់ទេ។ នេះក៏ជាទោសពានវាំងប្រមាថព្រះចេស្តាដ៏ធ្ងន់ធ្ងរមួយទៀត ពីព្រោះជាការនិយាយបន្ទាបតម្លៃនៃព្រះរាជសារ និងព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រធ្វើឲ្យមហាជនយល់ថា ព្រះរាជសាររបស់ព្រះមហាក្សត្រឥតបានការ និងគ្មានន័យអ្វីឡើយ។ កម្ពុជាមានច្បាប់ស្តីពីការប្រមាថ ព្រះមហាក្សត្រ ដូច្នេះអាជ្ញាធរគួរតែចាត់វិធានការឲ្យបានតឹងរ៉ឹងចំពោះបុគ្គល សម រង្ស៊ី និងបុគ្គលទាំងឡាយ ណាដែលហ៊ានប្រមាថព្រះមហាក្សត្រដោយចំហបែបនេះ។

គួររម្លឹកថាបុគ្គល សម រង្ស៊ី គឺជាមនុស្សក្បត់ព្រះមហាក្សត្របន្តតំណែងពីឪពុករបស់ខ្លួនឈ្មោះ សម សារី។ ដោយសារតែគំនុំចំពោះអតីតព្រះមហាក្សត្រព្រះបរមរតនៈកោដ្ឋ ដែលធ្លាប់ចាត់ការទង្វើក្បត់ជាតិនៃឪពុករបស់ ខ្លួន សម រង្ស៊ី ក៏បន្តចងពៀរជាមួយព្រះមហាក្សត្រ និងរបបរាជានិយមរហូតដល់បច្ចុប្បន្ន។ សម រង្ស៊ី ខ្លួនឯង និងពេលខ្លះប្រើប្រាស់បក្សពួកឲ្យប្រមាថព្រះមហាក្សត្រជាញឹកញយ។ កាលពីថ្មីៗនេះ សម រង្ស៊ី បានផ្ញើលិខិត ថ្វាយព្រះមហាក្សត្រក្នុងន័យរារាំងព្រះអង្គមិនឲ្យចេញព្រះរាជសារអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត។ លិខិត និង ចេតនារបស់ សម រង្ស៊ី ក៏ជាទង្វើមាក់ងាយ និងប្រមាថព្រះចេស្តាយ៉ាងចំហបំផុត។ ភស្តុតាងមួយទៀតនៃអំពើ ក្បត់ព្រះមហាក្សត្ររបស់ សម រង្ស៊ី គឺនៅពេលដែលរាជរដ្ឋាភិបាលចាត់វិធានការ ដើម្បីការពារព្រះមហាក្សត្រ តាមរយៈការធ្វើច្បាប់ដាក់ទោសដល់ជនណាដែលហ៊ានប្រមាថព្រះមហាក្សត្រនោះ សម រង្ស៊ី និងគូកនបាន នាំគ្នាប្រឆាំងយ៉ាងខ្លាំងក្លា ដោយចាត់ទុកថាច្បាប់នោះធ្វើឡើងដើម្បីបំបិទសិទ្ធិសេរីភាពរបស់ពួកគេ ពោល គឺសិទ្ធិសេរីភាពក្នុងការជេរប្រមាថព្រះមហាក្សត្រនេះតែម្តង។

ពាក់ព័ន្ធនឹងអំពើក្បត់សាសនាវិញ សម រង្ស៊ី តែងញុះញង់បំបែកបំបាក់ព្រះសង្ឃពុទ្ធសាសនា ដោយ ឃោសនាឲ្យព្រះសង្ឃបម្រើនយោបាយរបស់ខ្លួនទាំងបំពានធម៌វិន័យ។ សម រង្ស៊ី និងអតីតគណបក្សប្រឆាំង របស់ខ្លួនតែងប្រើប្រាស់ព្រះសង្ឃក្លែងក្លាយ ព្រះសង្ឃទ្រូសសិលមួយចំនួនជាឈ្នាន់ ដើម្បីបង្កការអុកឡុកក្នុង សង្គម ដូចជាឲ្យព្រះសង្ឃចូលរួមធ្វើបាតុកម្ម និងកុប្បកម្មផ្សេងៗ។ នៅពេលដែលអាជ្ញាធរមានសមត្ថកិច្ចចាត់ វិធានការ និងមានការប៉ះទង្គិចគ្នា ពួកគេក៏បង្វែរសភាពការណ៍ថា អាជ្ញាធរបំពានលើព្រះសង្ឃទៅវិញ។ តាមពិត ពួកគេនេះហើយដែលយកសាសនាធ្វើជាឡប់ឡែដែលជាអំពើក្បត់សាសនាយ៉ាងធ្ងន់ធ្ងរ។

សរុបទៅអំពើក្បត់ជាតិ ក្បត់សាសនា និងក្បត់ព្រះមហាក្សត្ររបស់លោក សម រង្ស៊ី គ្មានអ្វីជាអាថ៌កំបាំង ឡើយ។ សម រង្ស៊ី តែងដើរបង្ខូចកេរ្តីឈ្មោះប្រទេសជាតិនៅលើឆាកអន្តរជាតិឥតឈប់ឈរ។ អ្នកនយោបាយ ប្រឆាំងរូបនេះ បើនៅក្នុងស្រុកវិញតែងបង្កបញ្ហាជានិច្ចដើម្បីធ្វើយ៉ាងណាឲ្យប្រទេសជាតិជួបភាពវឹកវរ ចលាចល និងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរងគ្រោះទោះដោយប្រការណាមួយក្តី ដើម្បីទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល។ នៅលើឆាកអន្តរជាតិវិញ ទៅដល់ទីណា សម រង្ស៊ី តែងអំពាវនាវឲ្យសហគមន៍អន្តរជាតិកាត់ផ្តាច់ជំនួយពីកម្ពុជា និងដើរនិយាយបង្ខូចកិត្តយសប្រទជាតិខ្លួនឯងជានិច្ចពីព្រោះ បុគ្គលរូបនេះមិនដែលគិតពីផលប្រយោជន៍ជាតិ និងប្រជាជនឡើយ។

ដូច្នេះ សម រង្ស៊ី គឺជាអ្នកនយោបាយដែលក្បត់ទាំងជាតិ ទាំងសាសនា និងទាំងព្រះមហាក្សត្រ ដែល ជាបាវចនារបស់ជាតិទាំងមូល។ គឺជាអំពើក្បត់ជាតិតត្រកូលដែលមិនអាចអត់ឱនបានឡើយ។ ជាពិសេស អំពើក្បត់ជាតិនិងក្បត់ព្រះមហាក្សត្រធំៗពីរចុងក្រោយ គឺពាក់ព័ន្ធនឹងការកាត់ទឹកដីខេត្ត៤ឲ្យទៅជនជាតិដើម ភាគតិចដេហ្កាវៀតណាមរស់នៅដែលជាអំពើផ្ទុយនឹងរដ្ឋធម្មនុញ្ញទាំងស្រុង ពីព្រោះរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា បញ្ជាក់ច្បាស់ថា ទឹកដីកម្ពុជាមិនអាចអនុញ្ញាតឲ្យជនបរទេសប្រើប្រាស់បានជាដាច់ខាត។ រីឯការចេញមុខ ប្រឆាំងព្រះមហាក្សត្រនៅពេលនេះជាអំពើក្បត់ព្រះមហាក្សត្រដោយចំហនិងមិនអាចអត់ឱនបានឡើយ។

មានធាតុផ្សំគ្រប់គ្រាន់ដែលបញ្ជាក់ពីទង្វើក្បត់ជាតិ ក្បត់សាសនា និងក្បត់ព្រះមហាក្សត្រ របស់ សម រង្ស៊ី ដែលបង្ហាញពីគ្រោះថ្នាក់ដ៍ធំធេងណាស់ដល់ជាតិ និងប្រជាជនខ្មែរទាំងមូល។ ក្នុងន័យនេះ ជនក្បត់ជាតិតត្រកូល ដូច សម រង្ស៊ី នេះត្រូវតែទទួលទោសតាមច្បាប់កម្ពុជាជាដាច់ខាត និងត្រូវទទួលការថ្កោលទោសចពីមហាជន ខ្មែរយ៉ាងធ្ងន់ធ្ងរបំផុត៕ កូនខ្មែរ