ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈពលរដ្ឋ៖ ពលរដ្ឋខ្មែរដាច់ខាតមិនចូលរួមចលនាឧទ្ទាមក្រៅច្បាប់ឡើយ

ប្រសិនបើយើងក្រឡេកថយក្រោយទៅមើលអតីតកាលដ៏ជូរចត់នៃប្រទេសយើង ចាប់ពី សម័យខ្មែរក្រហមទៅក្រោយវិញ យើងឃើញយ៉ាងច្បាស់ថា របៀបធ្វើនយោបាយកាលពីសម័យ នោះ គឺការផ្តួលរំលំគ្នាដោយប្រើចុងកាណុង តាមរយៈការប្រមូលកេណ្ឌប្រជាពលរដ្ឋឲ្យរត់ចូលព្រៃ ដើម្បីតស៊ូផ្តួលរំលំរបបដែលកំពុងដឹកនាំប្រទេស។ លទ្ធផលដែលកើតចេញពីការតស៊ូរបៀបនេះ គឺសង្គ្រាមស៊ីវិល កាប់សម្លាប់គ្នា ដុតផ្ទះសម្បែង បំផ្លាញសាលារៀន ផ្តាច់ស្ពានថ្នល់ បង្កើត កោលាហលពេញផ្ទៃប្រទេស។

ចំណែកអ្នករងគ្រោះដោយសារអំពើបែបនេះគឺប្រជាពលរដ្ឋស្លូតត្រង់។ គ្រួសារខ្មែរត្រូវ ព្រាត់ប្រាស់ និរាស ស្លាប់ របួស ចំណែកប្រទេសជាតិត្រូវខ្ទេចខ្ទាំ អសន្តិសុខ ធ្លាក់ក្នុងភាពក្រីក្រ រហូតទីបំផុតក៏ធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងលោក…. ទម្រាំតែ កម្ពុជាអាចចាកចេញពីឋាននរកអវីចីនេះ ឈាមខ្មែរក្លាយជាស្ទឹង ឆ្អឹងក្លាយ ជាភ្នំ និងទឹកភ្នែកខ្មែរ ក្លាយជាសមុទ្រ។ ៤០ ឆ្នាំក្រោយមក ប្រទេសកម្ពុជាបានប្រែមុខមាត់ថ្មី ហើយកំពុងមានស្ថានភាព មិនខុសគ្នាពីបណ្តាប្រទេសជិតខាងក្នុងតំបន់ឡើយ។ ផ្លូវថ្នល់ខ្វាត់ខ្វែង ផ្ទះសម្បែងមូលមី ភ្លើង អគ្គិសនីព្រោងព្រាត យប់អធ្រាត្រថ្មើរម៉ានក៏អាចធ្វើដំណើរបានដោយគ្មានការភ័យខ្លាច។ សំណង់ អគារតូចធំរីកត្រសុំត្រសាយដូចផ្សិតត្រូវទឹកភ្លៀង។ នៅលើដងវិថី ពិសេសក្នុង រាជធានី និងទី ប្រជុំជន រថយន្ត ម៉ូតូ គ្រប់ធុន បើកបរណែនណាន់ស្ទើររកចន្លោះទំនេរមិនឃើញ។ ផ្សារទំនើប ហាងទំនិញគ្រប់ម៉ាកយីហោ រាប់ទាំងម៉ាកល្បីៗរបស់ពិភពលោកផង បង្ហាញវត្តមានកាន់តែច្រើន។ តំបន់ទេសចរណ៍គ្រប់កន្លែង ណែនណាន់ទៅដោយភ្ញៀវទេសចរជាតិ និងបរទេស…. ទាំងនេះ សបញ្ជាក់ឲ្យឃើញថា ប្រទេសកម្ពុជាបាននិងកំពុងអភិវឌ្ឍន៍ខ្លួនចាកចេញពី អតីតកាលដ៏ជូរចត់ ដោយឈរលើគោលគ្រឹះនៃសន្តិភាព និងស្ថិរភាពនយោបាយ។

បើទោះជានៅមានបញ្ហានេះ បញ្ហានោះ កើតមាននៅកន្លែងនេះ ឬកន្លែងនោះ ក៏ប៉ុន្តែវាគឺ ជាអ្វីដែលមិនអាចចៀសផុតឡើយក្នុងដំណើរការអភិវឌ្ឍន៍ប្រទេស។ បញ្ហាទាំងនោះទាមទារឲ្យ មានការចូលរួមទាំងអស់គ្នាដើម្បីដោះស្រាយ។ ប៉ុន្តែ អ្វីដែលគួរឲ្យសោកស្តាយគឺ សម័យនេះទៅ ហើយ នៅតែមានអ្នកនយោបាយប្រើយុទ្ធសាស្ត្រចាស់គំរឹលទៅបង្កើតចលនាឧទ្ទាមក្រៅច្បាប់ ហើយអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរចូលរួមគាំទ្រ ហើយងើបបះបោរនាំភាពវឹកវរដល់ប្រទេសជាតិ ដូចពីអតីតកាលទៀត? នេះពិតជាគំនិតអ្នកនយោបាយមុជមិនជ្រៅ ទៅមិនឆ្ងាយ! ជាអ្នកនយោបាយ ទ័លច្រក គិតអ្វីមិនឃើញក្រៅពីយកមេរៀនចាស់ដែលហួសសម័យមកអនុវត្តន៍ ដោយមិនព្រម រៀនសូត្រដកពិសោធន៍ពីប្រវត្តិសាស្ត្រនៃប្រទេសរបស់ខ្លួនឡើយ។

ប៉ុន្តែ ទោះជានៅមានអ្នកនយោបាយបែបនេះនៅបន្តសេសសល់ ហើយកំពុងគាស់កកាយ មេរៀនដែលគេកប់ចោលទៅហើយមកអនុវត្តឡើងវិញព្រោះតែមហិច្ឆតារបស់ខ្លួនក៏ដោយ ក៏ ប្រជាពលរដ្ឋខ្មែរក្នុងសតវត្សរ៍ទី២១ នេះមិនឆោតល្ងង់ដូចសម័យមុនរហូតដល់នាំគ្នាទៅគាំទ្រចលនា ឧទ្ទាមខុសច្បាប់នោះឡើយ។ ប្រជាពលរដ្ឋខ្មែរសម័យនេះត្រូវការបង្កើតឱកាសនៃមុខរបររកទទួល ទាន ត្រូវការសាលារៀន, មន្ទីរពេទ្យ, ត្រូវការទីផ្សារទិញទំនិញ, ត្រូវការរមណីយដ្ឋានទេសចរណ៍ សម្រាប់ កម្សានពេលចុងសប្តាហ៍ និងពិធីបុណ្យផ្សេងៗ។ គ្មានអ្នកណាឡើយចង់ទៅរត់ចូលព្រៃ ដើម្បីធ្វើសង្គ្រាមរបៀបឧទ្ទាមចោរព្រៃទៀតឡើយ។ ម្យ៉ាងទៀត សម័យនេះ គេធ្វើនយោបាយតាម រយៈសន្លឹកឆ្នោត និងការប្រកួតប្រជែងគំនិត ដើម្បីស្វែងរកសេចក្តីសុខចម្រុងចម្រើនជូនប្រជាពលរដ្ឋ និងប្រទេសជាតិ គឺមិនមែនធ្វើនយោបាយអំពាវនាវឲ្យប្រជាជនលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីសង្គ្រោះនយោបាយទ័លច្រករបស់ខ្លួននោះឡើយ។

ក្នុងន័យនេះ ពលរដ្ឋខ្មែរដែលឆ្អែតឆ្អន់នឹងភ្លើងសង្គ្រាម ឆ្អែតឆ្អន់នឹងការកាប់សម្លាប់គ្នារវាង ខ្មែរនិងខ្មែរ ឆ្អែតឆ្អន់នឹងការរត់លូនគេចគ្រាប់ផ្លោង ឆ្អែតឆ្អន់នឹងការបែកបាក់ និរាស ព្រាត់ប្រាស់ ប្រាកដជាមិនទៅឆ្កួតលង់តាមការអំពាវនាវរបស់អ្នកនយោបាយពនេចរ គ្មានទិសដៅដូច ទណ្ឌិត សម រង្ស៊ី ឡើយ។ ដោយការដកបទពិសោធន៍ពីប្រវត្តិសាស្ត្រច្បាស់លាស់ជាងអ្នកនយោបាយ ពលរដ្ឋខ្មែរសម័យនេះមិនចូលរួមធ្វើសកម្មភាពជាមួយគណបក្ស ឬចលនាក្រៅច្បាប់ណាដែល នាំទុក្ខដាក់ខ្លួនឡើយ និងមិនចូលរួមធ្វើសកម្មភាពទាំងឡាយណាដែលជាការបំផ្លាញសុខសន្តិភាព និងស្ថិរភាពសង្គមជាដាច់ខាត។ ផ្ទុយទៅវិញ ពួកយើងមានតែចូលរួមការពារពូនជ្រុំសន្តិភាព និង ស្ថិរភាពសង្គមដែលបានមកដោយកម្រនោះឲ្យកាន់តែល្អប្រសើរជាងនេះថែមទៀត។

យើងក៏មិនចូលរួមក្នុងសកម្មភាពលាបពណ៌គ្នាដែលធ្វើឲ្យខ្មែរបែកបាក់ជាតិនោះដែរ។ ផ្ទុយ ទៅវិញ អ្វីដែលយើងទាំងអស់គ្នាត្រូវចូលរួមធ្វើនោះ គឺការពារអធិបតេយ្យ និងបូរណភាពទឹកដី ដើម្បី ជំរុញការអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែលឿនទៅមុខដើរទាន់គេក្នុងតំបន់ និងក្នុងឆាកអន្តរជាតិ។ យើងជាពលរដ្ឋខ្មែរ មិនត្រូវដើរថយក្រោយទៅរកអតីតកាលដ៏ជូរចត់តាមអ្នកនយោបាយគំនិតខ្លី បញ្ញារាក់ ពូកែតែពាក់មុខយក្សឲ្យខ្មែរឈ្លោះគ្នានោះជាដាច់ខាត។ អ្នកនយោបាយហួសសម័យ ដែលចង់ដណ្តើមអំណាចតាមរបៀបព្រៃក្រៅច្បាប់ នឹងត្រូវឯកោពីសហគមន៍ជាតិនិងអន្តរជាតិ ហើយទីបំផុតច្បាស់ជាគេចមិនផុតពីការប្រឈមមុខចំពោះផ្លូវច្បាប់ឡើយ៕ កូនខ្មែរ