ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈល្ងីល្ងើៈ «ចាំអ៊ុតមើលយុទ្ធនាការបង្រ្កាបគ្រឿងញៀនជោគជ័យឬអត់ ?»

តាមនាយជាលដឹង ចាប់ពីថ្ងៃទី១ ខែ មករា ឆ្នាំ ២០១៧ នេះតទៅ ក្រសួងមហាផ្ទៃនឹង ចាប់ផ្តើមបើកយុទ្ធនាការធំក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស ទោះបីដឹងថា សព្វថ្ងៃនេះបទល្មើសមួយនេះកើតមានពេញបន្ទុក ហើយសមត្ថកិច្ចគ្រប់ថ្នាក់រួមគ្នាបង្រ្កាប និង ទប់ស្កាត់យ៉ាងមមាញឹកក៏ដោយតែហាក់មិនបានជោគជ័យទាល់តែសោះ ។

នាយជាលសុំរំឮកឡើងវិញបន្តិចចុះថា កាលពីអំឡុងទសវត្សទី៨០ គ្រឿងញៀនមានរូបភាពដូចសព្វថ្ងៃនេះសូម្បីតែក្លិនក៏មិនមានផង កុំថាឡើយជួញដូរគ្រឹកគ្រេងដូចអីឡូវនេះ ព្រោះសម័យកាលជាង៣០ឆ្នាំមុននេះ សមត្ថកិច្ចមានសមត្ថភាពខ្ពស់ក្នុងការតាមដានលុបបំបាត់និងបង្រ្កាបបទល្មើសផ្សេងៗដល់ទីជម្រៅ ម្ល៉ោះហើយគ្មានឧក្រិដ្ឋជនណាហ៊ានងើបមុខនាំ គ្រឿងញៀនចូលកម្ពុជាបានឡើយ ។ និយាយបែបនេះមិនមែនចង់សរសើរសមត្ថកិច្ចសម័យ នោះ ហើយបង្អាប់សមត្ថកិច្ចសម័យនេះថាអសមត្ថភាពនោះទេ តែអ្វីដែលនាយជាលដឹង និង ឃើញផ្ទាល់ភ្នែកគឺអ៊ីចឹងមែន សឹងថាពេលនោះកង់ឬម៉ូតូដាក់ចោលហាលថ្ងៃមិនចាក់សោ ក៏មិនឃើញចោរណាម្នាក់ហ៊ានអើតក្បាលមកលួចដែរ តើនេះមកពីមូលហេតុអី ?

ក៏ពិតមែនហើយដែលមានទស្សនៈខ្លះនិយាយថា កាលណាប្រទេសណាមានការអភិវឌ្ឍ គឺចៀសមិនផុតពីកើតមានបទល្មើសផ្សេងៗ ជាពិសេសលំហូរចូលគ្រឿងញៀនដើម្បីពង្វក់មនុស្សនិងសង្គមឲ្យវឹកវរ តែបើយើងគិតឬប្រៀបធៀបជាមួយប្រទេសអភិវឌ្ឍន៍ដូចយើង ដែរនោះ តើគេមានចំណាត់ការម្តេចខ្លះចំពោះអ្នកប្រព្រឹត្តគ្រឿងញៀនដោយកាត់បន្ថយបទ ល្មើសនៅកម្រឹតទាប ?

NKD-36x6_outline

ប្រទេស វៀតណាម ចិន ជាពិសេសនៅហ្វីលីពីន នាពេលសព្វថ្ងៃនេះ កុំថាឡើយចាប់បានថ្នាំញៀន១គីឡូក្រាម សូម្បីតែមួយខាំ ក៏គេកាត់ទោសប្រហារជីវិតបានដែរ ដែលនេះគឺជា វិធានការណ៍ម៉ឺងម៉ាត់របស់រដ្ឋាភិបាលគេ ។ សម្រាប់កម្ពុជាវិញ គឺមិនមានទោសប្រហារជីវិតទេទោះក្នុងរូបណាក៏ដោយ គឺទោសធ្ងន់បំផុតបានត្រឹមជាប់គុកអស់មួយជីវិត ដូច្នេះហើយទើប ក្រោយទសវត្សទី៨០មក បទល្មើសជាច្រើនបានកើតមានច្រើនបែប ជាពិសេសបទល្មើសគ្រឿងញៀនហូរចូលយ៉ាងគំហុករហូតបង្រ្កាបមិនឈ្នះ ហើយអ្នកជាប់ពាក់ព័ន្ធប្រើប្រាស់ និង ជួញដូរគ្រឿងញៀនក៏ជាប់គុកស្ទើររកគុកដាក់គ្មានផង ។

នាយជាលគិតថា ចំណាត់ការប្រទេសគេផ្សេង ចំណាត់ការប្រទេសយើងផ្សឹង ហើយថ្វីបើស្រុកយើងគ្មានច្បាប់ប្រហារជីវិតដើម្បីទុកជាគំរូដល់ក្រុមជនល្មើសក៏ដោយ ប្រសិន ប់យើងមានឆន្ទះចូលរួមលប់បំបាត់គ្រឿងញៀនឲ្យបាននោះ លុះត្រាតែមានការចូលរួមពីប្រជា ពលរដ្ឋថ្នាក់ក្រោមដល់ថ្នាក់លើ ពោលគឺតាំងពីថ្នាក់មូលដ្ឋាន ក្រុម ភូមិ សង្កាត់ ឡើងទៅ ដោយធ្វើយ៉ាងណាកុំឲ្យមានអ្នកជក់ទើបគ្មានអ្នកជួញ ។

នេះគ្រាន់តែជាចំណុចតូចដែលនាយជាលលើកមកបង្ហាញគ្រាន់ជាការចូលរួមចំណែក ជាមួយគណៈកម្មការជាតិក្នុងការបង្រ្កាបគ្រឿងញៀនប៉ុណ្ណោះ ហើយជោគជ័យ ឬ មិនជោគជ័យបែបណានោះ យើងនឹងរង់ចាំអ៊ុតមើលរបាយការណ៍របស់គណៈកម្មការនេះនៅរៀងរាល់ ៦ ខែម្តង តើជោគជ័យដល់កម្រិតណាក្នុងការបង្រ្កាបនិងទប់ស្កាត់គ្រឿងញៀនសម្រាប់ឆ្នាំ២០១៧នេះ ហើយគ្រឿងញៀននឹងលែងហូរចូលកម្ពុជាដែរឬអត់ ៕ នាយជាល