ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈល្ងីល្ងើ៖ ទុកមាត់ ស៊ីមាន់

នៅវង់ផឹកស៊ីមួយសម្បូរដោយអ្នកព្រោកប្រាជ្ញ កំពុងនាំគ្នានិយាយពីចរឹតមនុស្ស មួយចំនួនក្នុងសង្គមខ្មែរយើងដែលចូលចិត្តរពឹសមាត់ និយាយដើមគេ ឬនិយាយគ្មានមូលដ្ឋាន ច្បាស់លាស់ គ្មានបានប្រយោជន៍ បានត្រឹមមានទោសធ្លាក់មកលើខ្លួនឯងប្រៀបបីដូចត្រីកំភ្លាចស្លាប់ព្រោះមាត់ ។

មិនដឹងជារឿងឆាកកំប្លែង ឬជារឿងលេងសើចនោះទេ នៅពេលកំពុងផឹកស៊ីពួកគាត់ បានជជែកអំពីរឿងនេះ ហើយពេលនោះនាយជាលបានទៅដល់នឹងគេដែរ ត្រូវបានពួកគាត់ ពិន័យស្រាថ្នាំមួយកែវ ព្រោះមកយឺតជាងគេ ដែលការផឹកស៊ីនេះធ្វើឡើងក្នុងផ្ទះពូខ្នុយ ។

ពូម្នាក់សួរខ្ញុំថា មើលក្មួយ! ពូជាអ្នកមិនបានរៀនជ្រៅជ្រះដូចគេទេ តែពូឆ្ងល់ថា ហេតុអ្វី បានជាអ្នកខ្លះនិយាយថា ដីខ្មែរយើងចេះតែខើចទៅៗ ដោយសារប្រទេសជិតខាងឈ្លានពាន?

សំណួរនេះធ្វើឲ្យខ្ញុំគាំងចម្លើយ តែបានលោកពូម្នាក់ឆ្លើយកាត់ថា អត់ប្រយោជន៍ និយាយធ្វើអី? ទុកមាត់ស៊ីមាន់ ឆ្ងាញ់ជាង !

មិនទាន់ចប់សម្តីផង ពូម្ចាស់សំណួរបន្ថែមទៀតថា ម្សិលមិញនេះ លោក គឹម សុខ អ្នកវិភាគនយោបាយស្អីគេនោះ ហេតុអីប៉ូលិសចាប់ដាក់គុក ? ខ្ញុំមិនឆ្លើយ តែលោកពូ ដដែលឆ្លើយកាត់ថា និយាយអត់ប្រយោជន៍ ទុកមាត់ស៊ីមាន់ឆ្ងាញ់ជាង !

NKD-36x6_outline

ចប់សំណួរទី២ លោកពូបន្ថែមសំណួរទី៣ ហេតុអី អាខ្នុយពីមុនក្រសោះ អីលូវវាមានលុយដល់ទិញម៉ូតូ ឡាន និងប៉ាវឲ្យយើងផឹកក្នុងថ្ងៃនេះ? អញសង្ស័យវាជួញគ្រឿងញៀនទេ ដឹង ? មិនទាន់បានឆ្លើយសំណួរនេះផង លោកពូឈ្មោះខ្នុយលើកមាន់ស្ងោរក្តៅហុយៗ ចេញ ពីផ្ទះមកទទួលភ្ញៀវ ហើយពេលឮសំណួរអត់សមហេតុផលដូច្នេះ ពូខ្នុយដាក់មាន់ចុះ ស្ទុះទៅ ដាល់ម្ចាស់សំណួរមួយដៃចំកញ្ចប់មាត់បែកឈាមខ្ចាយ ធ្វើឲ្យបរិយាកាសនាពេលនេះសប្បាយក្លាយមុខស្ងួតគ្រប់ៗគ្នា ។ បានឧិកាសល្អលោកពូជាអ្នកទទួលចម្លើយ បានបន្ទរពី ក្រោយថែមទៀតថា មិនជឿអញ! អញថាទុកមាត់ស៊ីមាន់មិនជឿទេ ឥឡូវឃើញទេបាក់ធ្មេញ អស់៣ហើយ បានអីស៊ីមាន់ អាខ្នុយសម្រាំងសុទ្ធមេមាន់ក្រាបចំហុយឲ្យស៊ីសោះនឹង?

ឃើញបរិយាកាសបែបមិនល្អ ខ្ញុំលើកដៃសំពះលាលោកពូខ្នុយទៅផ្ទះមុន ហើយចេះតែ គិតថា លោកពូម្នាក់នឹងនិយាយមិនខុសមែន បើទុកមាត់ស៊ីមាន់ ច្បាស់ជាគាត់មិនបាក់ធ្មេញ ខានស៊ីមេមាន់ក្រាបទេ ៕ នាយជាល