ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈល្ងីល្ងើ៖ បើអ៊ីចឹងមែន ល្បីឈ្មោះថា «កុង្សីយ៍ពុល»

នៅមិននៅម្សិលមិញនេះស្រាប់តែលេចឮព័ត៌មានពីការពុល នៅខេត្តក្រចេះ ជាថ្មីម្តងទៀតបន្ទាប់ពីលើកមុនពុលទឹកស្លាប់មនុស្ស១៣ នាក់ និងសង្រ្គោះបានជាង២០០នាក់ ដោះស្រាយ មិនទាន់ចប់ផង ម្តងនេះមនុស្ស៧៥នាក់ពុលនំប៉័ងម្តងទៀត តែសំណាងមិនមានអ្នកណាបាត់បង់ជីវិតនោះទេ ។

ព័ត៌មានថ្មីនេះ វារឹតតែធ្វើឲ្យប្រជាពលរដ្ឋរស់នៅខេត្តក្រចេះនាំគ្នាស្រងាកចិត្ត រហូតអ្នកខ្លះនិយាយលេងសើចថា អ្នកខេត្តក្រចេះ «រងកម្មនឹងជាតិពុល» មិនហ៊ានឲ្យយកគ្រួសារនៅខេត្តនេះទេ ព្រោះងាកពុល ៗ យ៉ាងនេះ ។

អ្វីដែល នាយជាល មានការចាប់អរម្មណ៍នោះ ដោយសារបញ្ហាពុលកើតមាន ជាបន្តបន្ទាប់នេះ បានធ្វើ ឲ្យកុង្សីយ៍ចំនួន៣ ក្រសួង គឺក្រសួង សុខាភិបាល ក្រសួង រ៉ែ និងថាមពល និងក្រសួង ឧស្សាហកម្ម សិប្បកម្ម ប្រឈមការស្តីបន្ទោស និងដកតំណែងពីប្រមុខរាជរដ្ឋាភិបាល ដោយ សារធ្វើរបាយការណ៍ មិនមានតម្លាភាព ។

នាយជាល មិនមានបំណងបន្តុះបង្អាប់ឬរុកកួនឲ្យលោកកុង្សីយ៍ទាំង៣ក្រសួងជ្រុះតំណែង នោះទេ តែនាយជាលចង់ប្រៀបធៀបជាមួយកុង្សីយ៍ស្រុកគេខ្លះ ក្នុងករណីបើមានបាតុភាព ឬ អសកម្ម ជាពិសេសប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាជនបែបនេះ គេដឹងខ្លួនមុនសុំចុះចេញពីតំណែងមុនបាត់ទៅហើយ មិនបាច់នាយករដ្ឋមន្រ្តី ឬ ប្រធានាធិបតី បណ្តេញទាន់នោះទេ ។ យ៉ាងណានៅស្រុកខ្មែរ គេ នៅមិនទាន់រកឃើញកុង្សីយ៍ណាម្នាក់ហ៊ានធ្វើពលិកម្មសុខចិត្តចុះចេញពីតំណែង ព្រោះតែ អសមត្ថភាពដឹកនាំអ្វីមួយនោះឡើយ ។ ត្រង់នេះសបញ្ជាក់ឲ្យដឹងថា កៅអីកុង្សីយ៍ ស្រុកខ្មែរ ពិតជាចាក់គ្រិះជ្រៅ មិនងាយរលំស្រួលៗដូចស្រុកគេឡើយ ដូច្នេះ ប្រសិនបើ ប្រមុខរាជរដ្ឋាភិបាល សម្រេចបញ្ឈប់តំណែងពួកគាត់មែន ពួកគាត់នឹងល្បីឈ្មោះមិនខាន គឺល្បីថា «កុង្សីយ៍ពុល» ព្រោះពួកគាត់ត្រូវបានបញ្ឈប់តំណែង ដោយសាររឿងពុល ៕ នាយជាល