ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈល្ងីល្ងើ៖ ប្រយ័ត្នចោរកិបកេងតាមប្រព័ន្ធអេឡិចត្រូនិកកំពុងអុកឡុកស្រុកយើង

ចាស់បុរាណបានបែងចែកប្រភេទចោរមាន២សណ្ឋានគឺចោរលួច ចោរឆក់ និង ចោរប្លន់។ ចោរលួចនិងឆក់ជាប្រភេទចោរធ្វើសកម្មភាពស្ងាត់ៗខ្លបខ្លាចមិនឲ្យគេដឹងបើលួចបានគឺរួចខ្លួន ហើយបើម្ចាស់គេទាន់ចាប់បានក៏ផ្លូវច្បាប់រាងធូរស្រាលជាងចោរប្លន់បន្តិចដែរ។ ចំណែកប្រភេទចោរប្លន់វិញក្រុមនេះមិនខ្លាចស្លាប់ មិនខ្លាចច្បាប់ និង មិនខ្លាចគុកទេ ព្រោះរាល់ពេលធ្វើសកម្មភាពម្តងៗពួកគេមិនញញើតនឹងវាយតប់ភ្ជង់ បាញ់សម្លាប់ដណ្តើមទ្រព្យពីជនរងគ្រោះនោះឡើយ ទោះបីពួកគេដឹងថាអំពើទាំងនេះប្រឈមមុខជាប់គុកច្រើនឆ្នាំឬអស់មួយជីវិតយ៉ាងណាក៏ដោយ ។

ពិតមែនតែមានចោរពីរសណ្ឋានខាងលើនេះមែន តែពេលនេះនាយជាលគិតថា ចាស់បុរាណមិនទាន់បានគិតពីចោរមួយប្រភេទទៀតគឺចោរកឹបកេងតាមប្រព័ន្ធបច្ចេកទេសអេឡិចត្រូនិក។ អ្វីជាចោរកិបកេង? ចោរប្រភេទនេះជាចោរចិត្តត្រជាក់តែមាន ពិសពុល ព្រោះអំពើដែលគេធ្វើពាក់ព័ន្ធនឹងបច្ចេកទេស ជាពិសេសពាក់ព័ន្ធនឹងការ លួចតាមប្រព័ន្ធអេឡិចត្រូនិកតែម្តង ។

NKD-36x6_outline

នាយជាល មិនលើកឧទាហរណ៍ឲ្យបានច្រើនទាក់ទិននឹងចោរកិបកេងតាមប្រព័ន្ធបច្ចេកទេសអេឡិចត្រូនិកនោះទេ ដោយគ្រាន់តែសុំលើកឡើងពីចោរលួចភ្នែកជញ្ជីង និងលួចចំណុះលីត្ររួមទាំងគុណភាពសាំងប៉ុណ្ណោះ។ នៅតាមទីផ្សារមួយចំនួនព្រោះតែមានចោរលួចភ្នែកជញ្ជីងហ្នឹងហើយ ទើបគេដាក់ជញ្ជីងយុត្តិធម៌មួយកណ្តាលផ្សារឲ្យ អតិថិជន និងអាជីវករគោរពនិងឯកភាពគ្នា។ ដោយឡែកនៅតាមស្ថានីយប្រេងសាំង វិញ តើមានអ្វីជាទីសំអាងពេលអតិថិជនចូលចាក់សាំងដើម្បីដឹងថា សាំងនេះជាសាំង ប្រភេទស៊ូពែរ ឬសាំងនេះគ្រប់ចំណុះលីត្រដែរឬអត់?

នាយជាលគិតថា គ្មានទេក្រៅពីស្ថាប័នកាំកុងត្រូលដែលមានសមត្ថកិច្ចត្រួតពិនិត្យផ្ទាល់នោះ។ មួយរយៈមកនេះស្ថាប័នកាំកុងត្រូលរកឃើញថា ស្ថានីយប្រេងឥន្ធនៈមួយ ចំនួនបានលួចបន្លំប្រេងធម្មតា ថាជាប្រេងស៊ូពែរចំណុះសាំង១០លីត្រមានត្រឹមតែ៩លីត្រកន្លះ។ ទាំងនេះនៅមិនទាន់គិតពីបុគ្គលិកចាក់សាំងខ្លះលួចបន្លំភ្នែកអតិថិជន ដែលកំពុងជាប់រវល់ដោយចាក់សាំង៣០លីត្រ ហើយមិនបានពិនិត្យមើលកុងទ័រគេ ចាក់ឲ្យតែ២៥លីត្រផង ។ល។ ចោរធុននេះហើយដែលនាយជាលហៅថា ចោរកិបកេង ចោរលួចតាមប្រព័ន្ធបច្ចេកទេសអេឡិចត្រូនិក។ ក្រុមចោរទាំងនេះកំពុងអុកឡុកនៅស្រុកយើង គ្រាដែលយើងជិះម៉ូតូរថយន្តចូលទៅចាក់សាំងនៅកន្លែងពួកគាត់។ ចូរប្រុង ប្រយ័ត្ន និងមើលឲ្យដឹតដល់ទាំងអស់គ្នា ព្រោះចោរធុននេះមិនដែលឃើញសមត្ថកិច្ចចាប់បានយកទៅផ្តន្ទាទោសតាមច្បាប់ដូចចោរឯទៀតឡើយ ៕ នាយជាល