ព័ត៌មានទាន់ហេតុការណ៍៖

ទស្សន​ពលរដ្ឋ​ ៖​ មេគុក​គួរ​មាន​ទោស​ ជុំវិញ​ការ​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រើ​ទូរស័ព្ទ​ ,​ មេខ្លោង​គ្រឿង​ញៀន​ខ្លះ​អាច​បញ្ជា​កូនចៅ​ធម្មតា​បាន​

ពលរដ្ឋ​មួយ​ចំនួន​ បញ្ចេញ​ទស្សនៈ​ថា​ មេគុក​ទូទាំង​ប្រទេស​គួរ​មាន​ទោស​ បើ​សិន​មាន​ការ​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រើប្រាស់​ទូរស័ព្ទ​ ជា​ថ្នូរ​នឹង​លាភសក្ការៈ​ ។ ម្សិលមិញ​នេះ​ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ព្រមាន​មេគុក​ព្រៃស​ ធ្ងន់ៗ​ដែល​ធូរ​រលុង​ឱ្យ​លោក​មាជ​ សុវណ្ណា​រ៉ា​ អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ប្រើប្រាស់​ទូរស័ព្ទ​ក្នុង​ពន្ធនាគារ​បាន​ ។ អ្នក​ដឹង​រឿង​ច្បាស់​ អះអាងថា​ រឿង​អាស្រូវ​នេះ​ កើតឡើង​ជា​យូរ​ណាស់​មក​ហើយ​ បាន​ជា​ក្លាយ​ជា​ជំងឺ​មហារីក​ថែម​ទៀត​ផង​ ។

មាន​ប្រសាសន៍​ទៅកាន់​​និស្សិត​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប​ សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ថ្ងៃទី​២៧​ ខែ​មីនា​ សម្តេច​បញ្ជាដោយផ្ទាល់មាត់​យ៉ាងម៉ឺងម៉ាត់ឱ្យមេគុកព្រៃស ដកទូរស័ព្ទពីលោក​ មៀច​ សុវណ្ណារ៉ា​ ជាបន្ទាន់​ ។ មៀច សុវណ្ណរ៉ា លួចនិយាយ​ទូរស័ព្ទ​រៀងរាល់ថ្ងៃ ហេតុអ្វីអាមេគុកនឹងមិនដឹង​ ខ្ញុំទុកពេល​​ឱ្យមួយ​ម៉ោងទៀត ត្រូវដកទូរស័ព្ទពីមៀច សុវណ្ណរ៉ា ឱ្យបាន ហើយឆែកមើលកន្លែងជាប់ឃុំផង តើមានស្អីខ្លះទៀតនៅកន្លែងនឹង….។

កន្លង​មក​មាន​រឿង​អាស្រូវ​ដ៏​ធំ​មួយ​ចេញ​ពី​ពន្ធនាគារ​ព្រៃស​ គឺ​ មេខ្លោង​គ្រឿងញៀន​ម្នាក់​ អាច​មាន​សិទ្ធិ​ប្រើប្រាស់​ទូរស័ព្ទ​ បញ្ជា​កូនចៅ​ឱ្យ​ចរាចរណ៍​គ្រឿងញៀន​នៅ​ក្រៅ​ជា​ធម្មតា​ ។ ប៉ុន្តែ​ក្រោយ​មក​ រឿង​នេះ​ ត្រូវ​បែកការណ៍​ ។

ពលរដ្ឋ​ចង់​ឃើញ​ចំណាត់ការ​យ៉ាង​តឹងរ៉ឹង​មួយ​ ចំពោះ​មេគុក​ទូទាំង​ប្រទេស​ដែល​ធូរ​រលុង​អនុញ្ញាត​ឱ្យ​អ្នក​ទោស​ប្រើប្រាស់​ទូរស័ព្ទ​បាន​ ជា​ថ្នូរ​នឹង​លាភសក្ការៈ​ ផ្សេងៗ​ ។ នេះ​ក៏​ជា​ការ​ចូលរួម​លុបបំបាត់​និង​កែទម្រង់​លើ​ប្រព័ន្ធ​ពន្ធនាគារ​កម្ពុជា​ផងដែរ​៕ ចេស្តា