ព័ត៌មានទាន់ហេតុការណ៍៖

ទាហានឈុតខ្មៅចាប់រថយន្តគេចពន្ធមន្ត្រីយោធាផ្នែកទំនាក់ទំនងព្រំដែន២នាក់

ខេត្តបាត់ដំបង៖ រថយន្តចង្កូតស្តាំ១គ្រឿងដែលផលិតនៅប្រទេសថៃត្រូវក្រុម ទាហានឈុតខ្មៅថៃចាប់បានទាំងយប់នៅលើទឹកដីថៃក្នុងខេត្តត្រាតទល់មុខនឹងច្រក តំបន់៤០០ ខណៈដែលមានមន្ត្រីយោធា២រូបនៅក្នុងអង្គភាពទំនាក់ទំនងប្រចាំច្រកនេះលួចចូលទៅរកស៊ីនាំចូលមកកម្ពុជា ។

តាមសេចក្តីរាយការណ៍ពីភាគីថៃបានឲ្យដឹងថា ការឃាត់រថយន្តនេះធ្វើឡើង កាលពីយប់ថ្ងៃ៧រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ២០១៧ លើទឹកដីខេត្តត្រាត ប្រទេស ថៃ ដែលរថយន្តល្មើសនោះម៉ាកអុីស៊ុយ ហ្សុ៊យ ពណ៌ស ចង្កូតស្តាំ ស៊េរីឆ្នាំ២០១៥ ដែលត្រូវបានមន្ត្រីយោធា២រូបយកស្លាកលេខខេមរភូមិន្ទ 2-1739 ទៅបំពាក់បម្រុងបើកចេញមកកម្ពុជាតាមច្រកតំបន់៤០០ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ។

ភាគីថៃបានបញ្ជាក់ថា មន្ត្រីយោធាទាំងពីររូបមានឋានៈជាវរសេនីយ៍ទោដូចគ្នានៅក្នុងអង្គភាពផ្នែកទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំច្រកតំបន់៤០០ដែលមានឈ្មោះ សៀប សុធួន បច្ចុប្បន្នជាមេបញ្ជាការផ្នែកទំនាក់ទំនង និងឈ្មោះ សួន សុខអូន ជា មន្ត្រីយោធាក្នុងអង្គភាពនេះដែរ ។

ប្រភពដដែលបានបន្ថែមថា នេះជាលើក ទី២ហើយដែលពួកគេបានរកស៊ីនាំរថយន្តគេចពន្ធឆ្លងដែនចូលមកកម្ពុជាបន្ទាប់ពីពួកគេបានយករថយន្តរបស់អង្គភាពទៅដឹក ពលករឆ្លងដែនចូលទៅធ្វើការក្នុងប្រទេសថៃដោយបច្ចុប្បន្ននេះភាគីថៃបានព្រមាន ផងដែរទៅលើមន្ត្រីយោធាទាំង២រូបនេះ ដោយសារតែពួកគេបានប្រព្រឹត្តបទល្មើសម្តងហើយម្តងទៀត ។

ក្រោយពេលកើតហេតុនោះបានមួយ ថ្ងៃគេសង្កេតឃើញថា មន្ត្រីយោធាឈ្មោះ សួន សុខអូន ត្រូវបានថ្នាក់លើដកឲ្យឡើងទៅក្រសួងការពារជាតិបានតែរយៈពេល៣ថ្ងៃប៉ុណ្ណោះស្រាប់តែមកធ្វើការនៅទីតាំងដើមដដែលដូចជាមិនមានរឿងអ្វីកើតឡើងទាល់តែសោះដែលធ្វើឲ្យមន្ត្រីយោធាក្នុង អង្គភាពមានការរិះគន់យ៉ាងខ្លាំងទៅលើមេបញ្ជាការដោយសារតែគេមានការត្រូវរ៉ូវគ្នា ព្រោះកាលពីរកស៊ីរថយន្តដំបូងពួកគេរក ចំណេញបាន៦០.០០០បាតដោយបាន ចែកគ្នាជា៣ចំណែកដែលក្នុងនោះមាន របបលោក យី ថុល មេគយច្រកផងដែរ ។

លោក យី ថុល បានឲ្យដឹងតាមទូរស័ព្ទ ថា នេះជាលើកទី១ប៉ុណ្ណោះដោយសារតែពួកគេហ៊ានខ្លាំងពេក ព្រោះប៉ុស្តិ៍ត្រួតពិនិត្យ របស់ភាគីថៃមាន៣ដំណាក់កាលទម្រាំមកដល់មាត់ច្រក៤០០ ឯការចោទប្រកាន់នោះគឺលោកមិនបានដឹងទេ ។

លោកឧត្តមសេនីយ៍ ពេជ្រ វណ្ណា នាយក រងទីចាត់ការការងារព្រំដែននិងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ មិនទទួលទូរស័ព្ទឡើយកាលពីព្រឹកថ្ងៃ៨ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីសុំការបំភ្លឺជុំវិញរឿងដ៏អាស្រូវរបស់ មន្ត្រីយោធាទាំង២រូបនេះ ៕ ហេង សូរិយា