ព័ត៌មានទាន់ហេតុការណ៍៖

ទាហានថៃប្រើប្រាស់គ្រឿងចក្រ២គ្រឿងបោសសម្អាតមីននៅព្រំដែនកម្ពុជា-ថៃចន្លោះបង្គោលសីមា៣០និង៣១

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយ ការណ៍ពីខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃឱ្យ ដឹងថា មានទាហានថៃមួយក្រុមបប្រើប្រាស់ គ្រឿងចក្រ២គ្រឿងកំពុងបោសសម្អាត គ្រាប់មីននៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ៣០និង៣១ ក្នុងភូមិសាស្រ្តស្រុកថ្មពួក ខេត្តបន្ទាយមានជ័យឈមនឹងភូមិសាស្រ្តស្រុកតាបប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ។ សេចក្តីរាយ ការណ៍ឱ្យដឹងទៀតថា ការបោសសម្អាត គ្រាប់មីនតាមខ្សែបន្ទាត់ព្រំដែននៅចន្លោះបង្គោលសីមាលេខ៣០និង៣១ពីសំណាក់ទាហានថៃគឺគេធ្វើឡើងមានរយៈពេល ជាងមួយសប្តាហ៍មកហើយចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ភាគីថៃនៅតែបន្តសកម្មភាពនៅឡើយ។ គេមិនបានឃើញកងកម្លាំងការពារព្រំដែនកម្ពុជាចុះទៅហាមឃាត់ទប់ស្កាត់នោះទេគ្រាដែលខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃត្រូវគេរាយការណ៍ឱ្យដឹងថាមិនទាន់មានការ ឯកភាពគ្នាកំណត់ព្រំដែនច្បាស់លាស់នៅឡើយនោះ។

ជុំវិញបញ្ហានេះលោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការយុទ្ធភូមិភាគទី៥ បានប្រាប់អ្នកយកព័ត៌មានយើងនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ឱ្យដឹងថា ការបោសសម្អាតគ្រាប់មីនពីសំណាក់ភាគីថៃនៅចំណុចខាងលើគឺផ្នែកមនុស្សធម៌ ភាគីថៃគេបានជូនដំណឹងដល់ភាគីកម្ពុជាយើង ហើយដោយអនុវត្តយោងស្មារតីខ្លឹមសារក្នុងកិច្ចប្រជុំយោគយល់គ្នារវាងភាគីទាំង ពីរនៅក្នុងឆ្នាំ២០០៦ មានការឯកភាពគ្នា របស់ក្រុមការងារគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ។

NKD-36x6_outline

លោកប្រាប់ឱ្យដឹងទៀតថា ការបោសសម្អាតមីនរបស់ភាគីថៃគឺគេធ្វើនៅខាង លិចអូរព្រំដែនក្នុងភូមិសាស្រ្តគ្រប់គ្រង របស់រដ្ឋបាលប្រទេសថៃដែលមានការ បែងចែកដោយអូរព្រំដែនច្បាស់លាស់។​លោកថាបើសិនជាចំណុចណាមានភាពមិ​ន ប្រក្រតីគឺខាងភាគីកម្ពុជាយើងក៏មិនអនុញ្ញាតនោះដែរ។ កន្លងមកខាងភាគីកម្ពុជាយើងបានដោះមីនតាមខ្សែបន្ទាត់ព្រំដែនក៏បានជូនដំណឹងដល់ភាគីថៃហើយភាគីថៃគេក៏បានយោគយល់ដូចគ្នាផងដែរ។

ដោយឡែកលោកឧត្តមសេនីយ៍ទោ ព្រំ រឿន អនុប្រធាននាយកដ្ឋានព្រំដែនគោក និងជាមេបញ្ជាការរងគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ៥បានប្រាប់ ឱ្យដឹងថា ការបោសសម្អាតមីននៅចំណុចព្រំដែនរបស់ភាគីថៃខាងលើគឺវាជាបញ្ហាប៉ះពាល់ទៅលើខ្សែបន្ទាត់ព្រំដែនដែលមិន ទាន់កំណត់ព្រំដែនច្បាស់លាស់រវាងភាគីកម្ពុជានឹងថៃ។

លោកលើកឡើងទៀតថា ខាងណាគេអនុញ្ញាតឱ្យបោសសម្អាតមីននោះលោកមិន ដឹងទេ ប៉ុន្តែសម្រាប់កងកម្លាំងនគរបាលការ ពារព្រំដែនវិញគឺមិនឯកភាពនោះទេដោយកំពុងចរចាយកអនុស្សរណៈយោគយល់ឆ្នាំ២០០០មកជជែកគ្នាដើម្បីរក្សាស្ថានភាពព្រំដែនដដែលទី១និងទី២មក ដល់ពេលនេះមិនទាន់មានបន្ទាត់ព្រំដែន កម្ពុជា-ថៃ ច្បាស់លាស់នៅឡើយនោះទេ។ ដោយឡែកការរស់នៅរបស់ប្រជាពលរដ្ឋនិងកងកម្លាំងដែលប្រចាំការនៅខ្សែបន្ទាត់ព្រំដែនចេះតែនាំគ្នាចង្អុលអូរព្រំដែនជាការកំណត់ ព្រំដែនតែធាតុពិតវាមិនទាន់ជាផ្លូវការនោះឡើយ។ លុះត្រាគណៈកម្មាធិការព្រំដែនគេចុះមកវាស់វែងនិងកំណត់ខ្សែព្រំដែនទើបវាជាផ្លូវការ ហើយមកដល់បច្ចុប្បន្ន នេះ មិនទាន់រកបង្គោលព្រំដែនគ្រប់នៅឡើយ ទេ៕ សំ វិច្ឆិកា
IMG_9110

IMG_9165