ព័ត៌មានទាន់ហេតុការណ៍៖

ទាហានអាមេរិកបានចូលទៅដល់ក្នុងទីលានប្រយុទ្ធក្នុងក្រុងម៉ារ៉ាវីដើម្បីកម្ចាត់ក្រុមភេរវកម្ម IS

នៅក្នុងសន្និសីទកាសែតមួយ នាយ ឧត្តមសេនីយ៍ត្រី Restituto Padilla បានប្រាប់ ថា មានបុគ្គលិកយោធាសហរដ្ឋអាមេរិកមួយចំនួន កំពុងតែប្រើប្រាស់ដំណើរ ការឧបករណ៍តាមដាន ដើម្បីផ្តល់ព័ត៌មានស្តីពីស្ថានភាពសង្គ្រាម ឲ្យដល់កងទ័ព ហ្វីលីពីន។

ប៉ុន្តែកងកម្លាំងប្រដាប់អាវុធរបស់សហរដ្ឋអាមេរិក កំពុងឈរជើងនៅជិតទីក្រុង ម៉ារ៉ាវី ប្រទេសហ្វីលីពីន គ្រាន់តែធ្វើតួនាទី គាំទ្រ មិនចូលរួមប្រយុទ្ធផ្ទាល់ៗ ជាមួយ នឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាមនោះទេ។

នាយឧត្តមសេនីយ៍ត្រីរូបនោះ បានបន្ត ទៀតថា លោកមិនបានដឹង អំពីចំនួនពិត ប្រាកដ និងបេសកកម្មជាក់លាក់របស់កងទ័ពអាមេរិកទាំងនោះទេ តែពួកគេត្រូវបានអនុញ្ញាតឲ្យប្រដាប់ដោយអាវុធ ដើម្បីការ​ពារខ្លួន និងផ្តល់ជំនួយគាំទ្រ ប៉ុន្តែមិនត្រូវបានអនុញ្ញាតឲ្យចូលប្រយុទ្ធនោះឡើយ។

មន្ត្រីក្នុងតំបន់របស់ហ្វីលីពីនបានឲ្យ ដឹងថា ក្រុម IS ដែលកំពុងកាន់កាប់ដែនដីស្រុកម៉ារ៉ាវីមួយភាគស្ថិតប៉ែកខាងត្បូង ប្រទេសបានប្រើជនស៊ីវិលដូចទាសករដាច់ថ្លៃ ឬមួយក៏សម្លាប់ចោលតែម្តង ប្រសិនបើជនស៊ីវិលទាំងនោះព្យាយាមរត់ចេញពីក្រុងម៉ារ៉ាវី។ គួររំលឹកជូនថា តាំងពី ៣សប្តាហ៍ មកហើយដែលទ័ពរដ្ឋាភិបាលបានបើកការវាយប្រហារលើតំបន់មួយចំនួនក្នុងស្រុកម៉ារ៉ាវីដែលកាន់កាប់ដោយពួកជីហាតអ៊ិស្លាមនិយមជ្រុល។

៣សប្តាហ៍ក្រោយប្រតិបត្តិការវាយ ប្រហារលើជំរំពួកជីហាតអ៊ិស្លាមនិយមជ្រុលក្នុងស្រុកម៉ារ៉ាវី នៅមានជនស៊ីវិលប្រមាណ ជា ១ ០០០នាក់កំពុងជាប់កុននៅតាមភូមិមួយចំនួនដែលកំពុងបន្តស្ថិតក្នុងកណ្តាប់ដៃពួកជីហាត នេះបើតាមការបញ្ជាក់របស់រដ្ឋអំណាចហ្វីលីពីន។ គឺជាមហាប្រតិបត្តិការមួយមិនធ្លាប់មាន និងដែលរដ្ឋាភិបាលបានប្រើទ័ពជាច្រើនពាន់នាក់ដោយមាន ជំនួយការពីកម្លាំងទ័ពពិសេសអាមេរិកាំងផងដែរ។ តាមតួលេខបណ្តោះអាសន្នចុងក្រោយផ្តល់ដោយរដ្ឋាភិបាល មានជនស៊ី​វិលស្លាប់យ៉ាងតិច ២៦នាក់ ទាហាន ឬ ប៉ូលិស ៥៦នាក់ និងស្លាប់ពួកជីហាតចំនួន ២០២នាក់។

NKD-36x6_outline

តាមទីក្រុងម៉ានីល មានពួកជីហាតប្រដាប់ អាវុធប្រមាណជា ៤០០នាក់បានចូលរួមប្រយុទ្ធតទល់នឹងកម្លាំងទ័ពរដ្ឋាភិបាល និង បានប្រើជនស៊ីវិលធ្វើជាខែល រួចមិនញញើតនឹងសម្លាប់ចោលបើជនណារឹងទទឹង ឬ ចង់រត់គេចខ្លួន។ ដោយឡែក អ្នកនាំពាក្យទាហានក្នុងស្រុកម្នាក់បានថ្លែងប្រាប់អ្នកកាសែតថា ពួកជីហាតបានប្រើជនស៊ីវិល ដូចខ្ញុំកញ្ជះដាច់ថ្លៃ ដូចយ៉ាងប្រើឲ្យស្ពាយ គ្រាប់រំសេវ ឬមួយដំាស្លឲ្យពួកវាស៊ីជា ដើម។ តាំងពីកម្លាំងទ័ពបានបង្រ្កាបទាន់ពេលលើគម្រោងរៀបចំភេរវកម្មក្នុងក្រុងម៉ារ៉ាវីដែលសម្បូរដោយអ្នកកាន់សាសនា អ៊ិស្លាមរស់នៅរបស់ពួកជីហាតក្នុងខែឧសភាមក មានពលរដ្ឋជាច្រើនពាន់នាក់បានរត់ភៀសខ្លួន។

ការប្រយុទ្ធគ្នាក្រោមទ្រង់ទ្រាយធំក៏បានចាប់ផ្តើមរវាងទ័ពរដ្ឋាភិបាល និងពួកជី ហាដ បន្ទាប់ពីកម្លាំងសន្តិសុខបានវាយ ប្រហារលើកន្លែងលាក់ខ្លួនរបស់ភេរវជន Isnilon Hapilon ដែលរដ្ឋអំណាចហ្វីលីពីនចាត់ទុកជាមេអង្គការរដ្ឋអ៊ិស្លាមប្រចាំហ្វីលីពីន។ បន្ទាប់មកទៀត លោកប្រធានាធិបតីហ្វីលីពីនឌុយទែរតេក៏បានប្រកាសដាក់ ច្បាប់អាជ្ញាសឹកនៅក្នុងតំបន់មីនដាណាវស្ថិតប៉ែកខាងត្បូងទាំងមូលដែលមានពលរដ្ឋរស់នៅប្រមាណ ២០លាននាក់៕ ម៉ែវ សាធី