ព័ត៌មានទាន់ហេតុការណ៍៖

ទិញរថយន្តថ្មីដើរលេងបុណ្យភ្ជុំបុកម្ដាយក្មេកផ្ទប់់ដើមឈើស្លាប់ សង្ស័យបើកបរស្ទើរភ្លើង

ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងលើគ្រួសារទើបនឹងទិញរថយន្តសេរីទំនើប ១គ្រឿង ដែលគេអះអាងថា កូនប្រសារបើកបររថយន្តចូលផ្ទះ បានបុកម្ដាយក្មេកផ្ទប់ដើរឈើបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ត្រូវបានគេសង្ស័យកូនប្រសារបើកបររថយន្តបង្កបើកបរស្ទើរភ្លើង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីម៉ោង៤ និង០០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្ទះរបស់ជនរងគ្រោះ និងជនបង្ក ស្ថិតក្នុងភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សោម សារ៉ន ភេទស្រី អាយុ ៧៩ឆ្នាំ ត្រូវជាម្ដាយក្មេកបុរសបើកបររថយន្តបង្ក រីឯអ្នកបើកបររថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ស គ្មានស្លាកលេខ ឈ្មោះ ពៅ សុវណ្ណ ភេទប្រុស អាយុ ៥០ឆ្នាំ ជាមន្ត្រីនគរបាលការិយាល័យសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្ត ត្រូវជាកូនប្រសារ។

ប្រភពខាងលើបន្តថា ក្រុមគ្រួសារខាងលើនេះ ទើបនឹងទិញរថយន្ដម៉ាក ហាយឡែនឌ័រនេះ នៅថ្ងៃទី១១ ខែកញ្ញា(មុនពេលកើតហេតុមួយថ្ងៃ)ប៉ុណ្ណោះ ដោយមិនទាន់ទាំងធ្វើស្លាកលេខផងនោះ ដើម្បីទុកជិះគ្រាន់ជូនក្រុមគ្រួសារដើរលេងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ លុះនៅថ្ងៃកើតហេតុឈ្មោះ ពៅ សុវណ្ណ ជាកូនប្រសារបានយករថយន្តជិះចេញយកទៅលាងទឹក ស្រាប់តែនៅគ្រាដែលបើករថយន្តមកដល់ផ្ទះ ម្ដាយក្មេក(រងគ្រោះ)រត់ទៅបើកទ្វាររបង ខណៈនោះ សង្ស័យតែអ្នកបើកបរច្រឡំជាន់ហ្គាស្មានថាហ្វ្រាំង បណ្ដាលឲ្យរថយន្ដស្ទុះទៅបុកបង្គោលរបងបាក់អស់មួយផ្ទាំង និងកៀរម្តាយផ្ទប់នឹងដើមឈើលៀបដែលដាំនៅក្នុងនោះ ហើយជ្រុលទៅបុកជញ្ជាំងរបងថ្មខាងលិចផ្ទះធ្លុះបាក់អស់មួយបន្លោះទៀត ទើបអស់ល្បឿនឈប់នៅទីនោះតែម្ដង បណ្ដាលឲ្យរងគ្រោះស្លាប់នៅកន្លែងកើតហេតុ។

NKD-36x6_outline

សាកសពបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានក្រោមដំណក់ទឹកភ្នែក បងប្អូន កូន កូនប្រសារ និងចៅៗជាទីស្រឡាញ់ ព្រមទាំងមានការចូលរួមពីសំណាក់ញាតិមិត្តជិតឆ្ងាយ ដែលរាប់អានគ្នាក្នុងការជួយរំលែកទុក្ខដោយក្ដីអាណិតអាសូរផងដែរ។

ប្រភពដដែលខាងលើបន្តទៀតថា នេះជារឿងវិប្បដិសារីមួយដែលគ្រប់គ្នានឹកស្មានមិនដល់ ហើយក៏ជាមេរៀនមួយដែរ សម្រាប់អ្នកផ្សេងឲ្យមានការប្រុងប្រយ័ត្នក្នុងការបើកបរផងដែរ ប៉ុន្តែផ្នែកផ្លូវច្បាប់មិនទាន់មានប្រភពណាមួយបង្ហើបឲ្យដឹងនៅឡើយនោះទេ តែទោះជាយ៉ាងណាក្តីច្បាប់ គឺច្បាប់ ដូច្នេះមានតែរង់ចាំមើលនីតិវិធីបន្តរបស់មន្រី្តជំនាញទាំងគ្នាប៉ុណ្ណោះ៕ ប៉ឹម ពិន