ព័ត៌មានទាន់ហេតុការណ៍៖

ទិដ្ឋភាពល្អឥតខ្ជោះក្នុងពិធីស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូងនៅទីក្រុងព្យុងយ៉ាង

មនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងពិធីទទួលស្វាគមន៍យ៉ាងល្អឥតខ្ចោះ របស់មេដឹកនាំ គីម ជុងអ៊ុន សម្រាប់មេដឹកនាំកូរ៉េខាងត្បូង មូន ជេអ៊ីន និងភរិយា ដែលបានបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ទៅកាន់កូរ៉េខាងជើង។

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងភរិយាបានទៅទទួលស្វាគមន៍ ប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន និងភរិយាដល់អាកាសយានដ្ឋាន។ ទិដ្ឋភាពដំបូងបំផុតដែលគេចាប់អារម្មណ៍ គឺការឱបយ៉ាងជិតស្និទ្ធដូចជាបងប្អូនបង្កើតបែកគ្នាអស់ជាច្រើនឆ្នាំទើបជួបគ្នាវិញ។ ក្រៅពីនេះ ពិធីទទួលនៅអាកាសយានដ្ឋានទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមិនធ្លាប់មានប្រទេសណាមួយធ្វើដូច្នេះ។ មនុស្សរាប់ពាន់នាក់ កាន់ផ្ការ និងទង់ជាតិឈរជាជួរទទួលស្វាគមន៍។

ក្រោយពិធីទទួលស្វាគមន៍នៅក្នុងអាកាសយានដ្ឋាន ប្រធានាធិបតីកូរ៉េខាងត្បូង និងមេដឹកនាំ គីម ជុងអ៊ុន បានធ្វើដំណើររួមគ្នានៅក្នុងរថយន្តតែមួយដង្ហែរក្បួននៅទីក្រុងដោយមានពលរដ្ឋឈរសងខាងផ្លូវស្វាគមន៍ និងស្រែកនូវពាក្យស្លោកថា «ឯកភាពជាតិ»។

ក្រោយពិធីទទួលស្វាគមន៍ មេដឹកនាំទាំងពីរក៏បានជួបពិភាក្សាទ្វេភាគីលើបញ្ហាសំខាន់ នៅថ្ងៃទីមួយ។ នៅយប់ថ្ងៃទី១៨ ខែកញ្ញា មេដឹកនាំកូរ៉េខាងជើង បានបើកពិធីជប់លៀងយ៉ាងអធិកអធ័ម។ នៅក្នុងពិធីនោះ លោក គីម ជុងអ៊ុន និងមូន ជេអ៊ីន បានជល់កែវគ្នាជូនពរដល់ភាពជោគជ័យក្នុងដំណើរឆ្ពោះទៅរកសន្តិភាព។ មានប្រសាសន៍ដំបូងបំផុតនៅក្នុងថ្ងៃទីមួយប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន បញ្ជាក់ថា«បានសម្រេចនៃដំណើររំសាយអាវុធបរមាណូនៅឧប្បទ្វីបកូរ៉េ និងដំណើរឆ្ពោះទៅរកសន្តិភាព គឺជាអាទិភាពរបស់ប្រទេសទាំងពីរ»។

មេដឹកនាំកូរ៉េខាងត្បូង បានបញ្ជាក់ទៀតថា នៅមានឧប្បស័គ្រជាច្រើននៅខាងមុខ ប៉ុន្តែលោក និងមេដឹកនាំ គីម ជុងអ៊ុន មានទំនុកចិត្តគ្នា និងមានទំនាក់ទំនងមិត្តភាពយ៉ាងល្អបំផុត។ ចំណែកមេដឹកនាំ គីម ជុងអ៊ុន វិញ ក៏បានសរសើរដល់ទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយ មូន ជេអ៊ីន ដែលបានពិភាក្សាដោយបើកទូលាយ បើកជំហរ ត្រង់ទៅត្រង់មក លើបញ្ហាប្រឈមមុខ។

នៅក្នុងជំនួបខាងលើ ពលរដ្ឋប្រទេសទាំងពីរមានក្តីសង្ឃឹមផ្សះផ្សាទំនាក់ទំនង និងជួយដល់សេដ្ឋកិច្ចប្រទេសទាំងពីរកាន់តែរីកចម្រើន។

នៅក្នុងជំនួបនេះក៏ជាការបើកផ្លូវសម្រាប់ជំនួបលើកទីពីរ រវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដោយពេលនេះអាមេរិកបានយល់ព្រមជួបពិភាក្សាជាលើកទីពីរហើយ។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញពីក្ដីសង្ឃឹមយ៉ាងមុតមាំថា នឹងភាពរីកចម្រើននៅក្នុងកិច្ចចរចាលុបបំបាត់អាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ហើយលោកក៏បានអរគុណលោក មូន ជេអ៊ីន ផងដែរសម្រាប់ការជួយឲ្យលោក បានជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅសិង្ហបុរីកាលពីខែមិថុនា។ ថ្លែងនាឱកាសនោះ លោក គីម បានគូសបញ្ជាក់ដូច្នេះថា «លោកប្រធានាធិបតី មូន បានជួយយើង ជាច្រើនក្នុងការស្វែងរកកិច្ចចរចាជាប្រវត្តិសាស្ត្ររវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង…ហើយដោយសារតែការចូលរួមនេះ វាបានធ្វើឲ្យតំបន់ទាំងមូលមានស្ថិរភាព ខណៈភាពរីកចម្រើន និងលទ្ធផលគួរជាទីគាប់ចិត្តនឹងលេចរូបរាងឡើង»។

សូមជម្រាបថា កិច្ចចរចាជុំទី២ រវាងលោក មូន ជេអ៊ីន នឹងលោក គីម ជុងអ៊ុន ត្រូវបានរៀបចំធ្វើឡើងកាលពីព្រឹកថ្ងៃពុធ ទី១៩ ខែកញ្ញា។ រីឯលទ្ធផលនឹងត្រូវប្រកាសតាមរយៈសេចក្ដីថ្លែងការណ៍រួមមួយក្នុងទីក្រុងព្យុងយ៉ាង។ លោក មូន នឹងត្រឡប់មកកាន់ទីក្រុងសេអ៊ូលវិញ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាមួយការរំពឹងខ្ពស់ថាជំនួបជាលើកទី២ រវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ អាចនឹងត្រូវធ្វើឡើងនៅពេលអនាគត៕ ម៉ែវ សាធី