ព័ត៌មានទាន់ហេតុការណ៍៖

ទិដ្ឋភាពវាយប្រហារភេរវកម្មស្លាប់និងរបួសជាង៥០០នាក់នៅស៊ូម៉ាលី

ការវាយប្រហារជាទ្រង់ទ្រាយធំ នៅប្រទេសស៊ូម៉ាលី បណ្តាលឲ្យអគារជាច្រើនត្រូវបាក់ស្រុត និងសម្លាប់មនុស្សយ៉ាងតិច២៧៦នាក់ និងជាង៣០០នាក់រងរបួស។ ចំនួនអ្នកស្លាប់អាចនឹងកើនឡើងជាបន្តទៀត ក្នុងពេលដែលអ្នករងរបួសធ្ងន់កំពុងស្ថិត ក្នុងការសង្គ្រោះបន្ទាន់។ អ្នកដែលនៅពីក្រោយការវាយប្រហារខាងលើ គឺជាសំណួរយ៉ាងមិនទាន់មានចម្លើយ។

ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា មានការផ្ទុះគ្រាប់បែកបង្កៃក្នុងរថយន្ត២ផ្សេងគ្នា កាលពីថ្ងៃទី១៤ ខែតុលា ក្នុងទីក្រុង Mogadishu ។ ការផ្ទុះលើកទី១ នៅជិតសណ្ឋាគារ Safiri និងក្រសួងការបរទេសស៊ូម៉ាលី ជាកន្លែងដែលមានពលរដ្ឋរស់នៅកុះកុញ។ ប៉ុន្មានម៉ោងក្រោយមក ក៏មានការផ្ទុះជាលើកទី២ស្ថិតនៅក្នុងស្រុក Madina។

ការផ្ទុះលើកទី១បានបំផ្លាញជាទ្រង់ទ្រាយធំ បណ្តាលឲ្យអគារជាច្រើនខ្នងបាក់ស្រុត។ កម្លាំងជួយសង្គ្រោះ សូម៉ាលីបានធ្វើការទាំងយប់ថ្ងៃ ដើម្បីស្វែងរកជនរងគ្រោះដែលកប់ក្រោមគំនរអគារបាក់បែកនោះ។ ភាគច្រើនអ្នករងរបួសត្រូវរលាកភ្លើងធ្ងន់។

ប្រធានាធិបតី Mohamed Abdullahi Mohamed បានប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃ ជនរងគ្រោះក្នុងហេតុការណ៍វាយប្រហារខាងលើ។ ពលរដ្ឋរាប់ពាន់នាក់ បានទៅកាន់ទីក្រុង ដើម្បីបរិចាកឈាមជួយដល់ជនរងគ្រោះដែលកំពុងតែសង្គ្រោះនៅមន្ទីពេទ្យ។ ចំណែកសាចញ្ញាតិអ្នកដែលបាត់ខ្លួន កំពុងតែខិតខំស្វែងរកនៅក្រោមអគារបាក់បែកទាំងក្តីអស់សង្ឃឹម។

អាមេរិកបានថ្កោលទោសការវាយប្រហារខាងលើ ដោយបញ្ជាក់ថា នេះជាសកម្មភាពថោកទាបបំផុត។ ជាមួយគ្នានោះ ទីក្រុងវ៉ាស៊ីនតោន បានសន្យាជួយដល់ប្រទេសតំបន់អាហ្វ្រិកប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្ម។ ជាមួយគ្នានោះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវដល់បណ្តាប្រទេស សាមគ្គីគ្នាប្រឆាំងនឹងក្រុមភេរវកម្ម។

NKD-36x6_outline

សាច់ញ្ញាតិគ្រួសារជនរងគ្រោះបានបង្ហាញពីការឈឺចាប់យ៉ាងខ្លាំង។ នៅថ្ងៃទី១៥ ខែតុលាពលរដ្ឋស៊ូម៉ាលី រាប់ពាន់នាក់ បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងការវាយប្រហារ យ៉ាងសាហាវព្រៃផ្សៃខាងលើ។

រដ្ឋាភិបាលស៊ូម៉ាលីបានចាត់ទុក ក្រុមភេរវកម្ម Shabab ជាអ្នកវាយប្រហារ ហើយចាត់ទុកនេះជាសោកនាដកម្មជាតិ។ ប៉ុន្តែមកទល់ពេលនេះ ក្រុមភេរវកម្ម Shabab ដែលតែងតែវាយប្រហារនៅក្នុងប្រទេសស៊ូម៉ាលី មិនទាន់មានប្រតិកម្មអ្វីនោះឡើយ៕ ម៉ែវ សាធី