ព័ត៌មានទាន់ហេតុការណ៍៖

ទិវាជាតិអន្តរជាតិប្រឆាំងអំពើពុករលួយ៩ធ្នូ ឆ្នាំ២០១៧ “បេះដូងគ្រូពេទ្យ បេះដូងប្រជាជន“

ភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រារពពិធីអបអរសាទរទិវាជាតិ និងអន្តរជាតិ ប្រឆាំងអំពើពុករលួយ៩ធ្នូ ឆ្នាំ២០១៧ ក្រោមប្រធានបទ “បេះដូងគ្រូពេទ្យ បេះដូងប្រជាជន“ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល, លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានអ្នកចូលរួមប្រមាណ៣ពាន់នាក់ផងដែរ ។

ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា អតីតតំណាងរាស្ត្រ ក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ មេឃុំ ចៅសង្កាត់ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់អតីតគណបក្សសង្គ្រោះជាតិរូបណា ដែលមិនបាត់បង់កៅរបស់ខ្លួន បន្ទាប់ពីបក្សនេះ ត្រូវបានកាត់រំលាយដោយតុលាការកំពូល គឺមិនតម្រូវឲ្យប្រកាសទ្រព្យសម្បត្តិនោះទេ ប៉ុន្តែសម្រាប់មន្រ្តីណាដែលបាត់បង់អាសនៈ តម្រូវឲ្យទៅប្រកាសទ្រព្យសម្បត្តិក្នុងរយៈពេល៣០ថ្ងៃ បើមិនទៅនឹងប្រឈមការជាប់ពន្ធនាគាររយៈពេល១ខែ។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបន្តថា ច្បាប់បានចែងថា ក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ ណាមួយ ត្រូវបានបញ្ចប់ការងាររបស់ខ្លួន ត្រូវតែប្រកាសទ្រព្យសម្បត្តិរបស់ខ្លួនម្តងទៀត ជាលើកចុងក្រោយ ក្នុងរយៈពេល៣០ថ្ងៃ។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជាក់ទៀតថា ក្រុមប្រឹក្សាទាំងអស់ត្រូវទៅប្រកាសទ្រព្យសម្បត្តិរបស់ខ្លួន ចាប់ពីពេលដែលគណបក្សរបស់ខ្លួន ត្រូវកាត់រំលាយ ជាស្ថាពរដោយតុលាការកំពូល ដោយខាងភាគីក្រសួងមហាផ្ទៃ ជាអ្នកមានសមត្ថកិច្ចលើនីតិវិធីនេះ។ ប្រសិនបើអតីតតំណាងរាស្ត្រ ក្រុមប្រឹក្សា រាជធានី-ខេត្ត ស្រុក-ខណ្ឌ ឃុំ-សង្កាត់ មេឃុំ-ចៅសង្កាត់ ណាមិនព្រមចូលខ្លួនប្រកាសទ្រព្យសម្បត្តិ នឹងប្រឈមការជាប់ពន្ធនាគាររយៈពេល១ខែ តាមច្បាប់ប្រឆាំងអំពើពុករលួយ៕ ស តារា