ព័ត៌មានទាន់ហេតុការណ៍៖

ទីណាមាន យោធាអាមេរិក ទីនោះ មិនទទួលបានក្តីសុខ និងសន្តិភាពឡើយ

ក្រុមអ្នកឯកទេសវិភាគធ្លាប់បានលើកឡើងថា តាមការជាក់ស្តែងនៅតំបន់ណា ដែលអាមេរិក ដាក់កម្លាំងទាហានរបស់ខ្លួននៅទីនោះ គឺមិនមានភាពស្ងប់ស្ងាត់ មានសន្តិភាពពេញលេញនោះឡើយ គឺតែងតែមានការ ប្រឈមមុខ តានតឹងដោយយោធា ។ ជាក់ស្តែង តំបន់មជ្ឈិមបូព៌ា អឺរ៉ុបខាងកើត ក៏ដូចជាតំបន់អាស៊ី ។

នៅក្នុងតំបន់អាស៊ី ដូចគ្នា ប្រសិនបើអាមេរិក មិនមានវត្តមាននៅក្នុងតំបន់អាស៊ីភាគខាងកើត គឺជប៉ុន និងកូរ៉េខាងត្បូង តំបន់នេះនឹងមានសន្តិភាពតាំងពីយូរណាស់មកហើយ ។ ចំណែកកូរ៉េខាងជើង ក៏មិនខិតខំចំណាយប្រាក់ ដើម្បីផលិតអាវុធបរមាណូ សម្រាប់ទប់ទល់អាមេរិកដែរ ។ ដូច្នេះអាមេរិកគួរតែដកទាហានចេញពីអាស៊ីភាគខាងកើត ដើម្បីសន្តិភាព និងស្ថិរភាព ក្នុងតំបន់នេះ ក្រោយពេល កូរ៉េខាងជើង និងខាងត្បូង មានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា។

ខណៈសញ្ញាវិជ្ជមានបានបន្តកើតមានឡើងថែមទៀតនៅឧបទ្វីបកូរ៉េ ក្រោយជំនួបកំពូលលើកទីបីរវាងលោក មូន ជែអ៊ីន នឹងលោក គីម ជុងអ៊ុន អ្នកវិភាគស្ថានការណ៍នយោបាយនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកបានបង្ហាញការយល់ឃើញរបស់ខ្លួនថា ប្រសិនបើសហរដ្ឋអាមេរិកនៅឲ្យឆ្ងាយពីការធ្វើសមយុទ្ធយោធាទាំងឡាយ ពោលគឺឈប់ធ្វើសកម្មភាពបង្កហេតុទាំងនេះទៀតនោះ ស្ថិរភាពនៅតំបន់អាស៊ីខាងកើត អាចនឹងរីកសាយភាយឡើង ។ មានការយល់ឃើញថា ប្រសិនបើយោធាអាមេរិកបញ្ឈប់លែងធ្វើសមយុទ្ធយោធា ដែលបង្កប់ដោយចេតនាបង្កហេតុតទៀតនោះ សន្តិភាព និងស្ថិរភាពនៅតំបន់អាស៊ីខាងកើត នឹងបន្តរីកសាយភាយយ៉ាងទូលំទូលាយ ប្រហែលជាអាចធ្វើឲ្យរុស្ស៊ី និងជប៉ុន ព្រមចុះសន្ធិសញ្ញាសន្តិភាពជាមួយគ្នាថែមទៀតផង ហើយទន្ទឹមនឹងនោះលទ្ធផលវិជ្ជមាននេះ អាចនឹងផ្តល់ឱកាសឲ្យចិន និងតៃវ៉ាន់ អង្គុយដោះស្រាយភាពខ្វែងគំនិតគ្នាថែមទៀតផង។

គួរជម្រាបថា បើតាមកិច្ចព្រមព្រៀងរួមរវាងមេដឹកនាំកូរ៉េទាំងពីរ កូរ៉េខាងជើង បានគ្រោងនឹងកម្ទេចកន្លែងធ្វើតេស្តមីស៊ីលរបស់ខ្លួន នៅតំបន់ តុញខាន់រី (Tonchkhan-ri) ចោលទាំងស្រុង នៅចំពោះមុខការចុះសង្កេតពីសំណាក់ក្រុមជំនាញអន្តរជាតិ។ មើលទៅ លោក គីម ជុងអ៊ុន ហាក់កំពុងគោរពតាមពាក្យសន្យារបស់លោក ហើយប្រសិនបើសហរដ្ឋអាមេរិក បញ្ចេញសកម្មភាពឆ្លើយតបដែលសមគួរនោះ ទីក្រុងព្យុងយ៉ាងនឹងបន្តកម្ទេចមូលដ្ឋាននុយក្លេអ៊ែរនៅ យ៉ុងប្យុន (Yongbyon) ថែមទៀត ប៉ុន្តែប្រសិនបើអាមេរិកបដិសេធ ហើយពួកគេសម្រេចបន្តការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូងឡើងវិញនោះ ស្ថានការណ៍អាចនឹងផុយស្រួយឡើងវិញ ហើយវាប្រហែលឈានទៅរកការផ្ទុះភាពតានតឹង សារជាថ្មីនៅឧបទ្វីបកូរ៉េ។

ក្រុមអ្នកវិភាគបានលើកឡើងទៀតថា អាមេរិក គឺដាក់កម្លាំងទាហាននៅតំបន់ប្រទេសអភិវឌ្ឍន៍តែប៉ុណ្ណោះ ដើម្បីឲ្យលក់សព្វាវុធ បានច្រើន ពីភាពតានតឹងនឹងការប្រឈមមុខដោយយោធា នៅក្នុងតំបន់នោះ ។ ប៉ុន្តែរយៈពេលកន្លងមក ប្រទេសជាច្រើន បានងាក់ទៅទិញអាវុធពីរុស្ស៊ី វិញ ជាជាងទិញពីអាមេរិក ធ្វើឲ្យអាមេរិកខឹងសម្បារយ៉ាងខ្លាំង ដោយ ដាក់ទណ្ឌកម្មទៅលើប្រទេសដែលលក់អាវុធ និងប្រទេសដែលទិញអាវុធផងដែរ។

ប្រទេសដែលទិញអាវុធលំដាប់ពិភាពលោក ដូចជាឥណ្ឌា ក៏បានងាក់ទៅទិញអាវុធពីរុស្ស៊ី នៅពេលនេះដែរ ឥណ្ឌាកំពុងរៀបចំចុះកិច្ចព្រមព្រៀងទ្រង់ទ្រាយធំជាមួយរុស្ស៊ី ក្នុងការទិញនាវាចម្បាំង ។ ជាមួយគ្នានោះ ឥណ្ឌាក៏បានចុះកិច្ចព្រមព្រៀង ដូចគ្នាជាមួយអាមេរិកផងដែរ។

សារព័ត៌មានសេដ្ឋកិច្ច News Delhi បានផ្សាយថា ក្រោយពេលបង្កើនទំនាក់ទំនងការពារជាតិ ជាមួយអាមេរិក កាលពីដើមខែនេះ ឥណ្ឌាក៏បានងាកទៅទិញនាវាចម្បាំង៤គ្រឿងពីរុស្ស៊ី ដើម្បីបំពាក់ដល់កម្លាំងទាហានជើងទឹកឥណ្ឌា។ នៅក្នុងកិច្ចព្រមព្រៀង ឥណ្ឌានឹងទិញនាវាចម្បាំង ផ្ទុកឧទ្ធម្ភាគចក្រ ប្រភេទ Talwarមានតម្លៃ ២,២ពាន់លានដុល្លារ។ ការសម្រេចរបស់ឥណ្ឌា កើតឡើងក្រោយមានការព្រមានពីអាមេរិក ថានឹងដាក់ទណ្ឌកម្មដល់ទំនាក់ទំនងរកស៊ីជាមួយទីក្រុងមូស្កូ។

កិច្ចព្រមព្រៀងខាងលើ នឹងត្រូវចុះហត្ថលេខា រវាងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉ានត្រាម៉ូឌី និងប្រធានាធិបតីរុស្ស៊ីលោក ពូទីន នៅទីក្រុងញ៉ូវដេលី នាថ្ងៃទី៥ ខែតុលា ខាងមុខ។ តាមគម្រោងនៃកិច្ចព្រមព្រៀង នាវាពីរគ្រឿងនឹងត្រូវផលិតនៅក្នុងប្រទេសឥណ្ឌា និងពីរគ្រឿង ទៀត ផលិតនៅប្រទេសរុស្ស៊ី រួចបញ្ជូនមក។

តាមសារព័ត៌មានឥណ្ឌា បានផ្សាយថា ការទិញអាវុធពីរុស្ស៊ី ត្រូវបានរារាំង ដោយសារការដាក់ទណ្ឌកម្ម ហិរញ្ញវត្ថុពីអាមេរិក។ ក្រុមអ្នកឯកទេសបានលើកឡើងថា ទីក្រុងញ៉ូវដេលី នៅតែបន្តចុះកិច្ចព្រមព្រៀងជាមួយទីក្រុងមូស្កូ ដោយប្រទេសទាំងពីរ នឹងប្រើប្រាស់រ៉ូបីយប័ណ្ណរបស់រុស្ស៊ី ជំនួសប្រាក់ដុល្លារអាមេរិក នៅក្នុងការទិញដូរនេះ។

កន្លងមកថ្មីៗរដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោកស្រី Nirmala Sitharamanបានបញ្ជាក់ថា ប្រទេសរបស់លោកស្រី មិនអនុញ្ញាតឲ្យទំនាក់ទំនងជាមួយរុស្ស៊ីរងផលប៉ះពាល់នោះឡើយ ដោយសារតែការដាក់ទណ្ឌកម្មរបស់អាមេរិក។ ក្រៅពីនេះ ឥណ្ឌាក៏បានទិញកាំជ្រួចមីស៊ីលការពារ ដែនអាកាស S-400 ពីរុស្ស៊ីផងដែរ។

ជាមួយគ្នានេះចិន ក៏បានទទួលរងការដាក់ទណ្ឌកម្មពីអាមេរិកដោយសារតែបានទិញអាវុធពីរុស្ស៊ី ។ កាលពីថ្ងៃទី២០ ខែកញ្ញា កន្លងមក អាមេរិកបានប្រកាសពង្រីកការដាក់ទណ្ឌកម្មរបស់ខ្លួនប្រឆាំងរុស្ស៊ី ទៅកាន់ប្រទេសចិន។ ចិនបានទិញយន្តហោះចម្បាំងនិងមីស៊ីលពីរុស្ស៊ី កាលពីពេលថ្មីៗនេះ។

ការដាក់ទណ្ឌកម្មហិរញ្ញវត្ថុរបស់អាមេរិក ធ្វើឡើងចំពោះនាយកដ្ឋានអភិវឌ្ឍឧបករណ៍នៃក្រសួងការពារជាតិចិន និងថ្នាក់ដឹកនាំនៃស្ថាប័ននេះ។ ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា ការសម្រេចដូច្នេះ ធ្វើឡើងបន្ទាប់ពីស្ថាប័នយោធានៃប្រទេសចិន បានទិញយុទ្ធោបករណ៍ពីប្រទេសរុស្ស៊ី មានជាអាថិ៍៖ យន្តហោះចម្បាំងប្រភេទ Sukhoi Su-35 និងមីស៊ីលបាញ់ពីដីទៅលើអាកាសប្រភេទ S-400។

ដ្បិតតែទណ្ឌកម្មដាក់ទៅលើប្រទេសចិន ប៉ុន្តែមន្ដ្រីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិកពន្យល់ថា គោលដៅពិតប្រាកដនៃទណ្ឌកម្ម គឺរុស្ស៊ីឯណោះទេ។ អាមេរិកចង់ដាក់សម្ពាធទៅលើរុស្ស៊ី ជាការឆ្លើយតបនឹងសកម្មភាពគឃ្លើនរបស់រុស្ស៊ីនាពេលកន្លងមក រាប់ចាប់តាំងពីការឈ្លានពានយកគ្រីមៀពីអ៊ុយក្រែន ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណែត ការលូកដៃចូលកកូរកកាយក្នុងការបោះឆ្នោតនៅអាមេរិកក្នុងឆ្នាំ២០១៦ និងសកម្មភាពផ្សេងៗទៀត។ នេះបើតាមមន្ដ្រីនៃក្រសួងការបរទេសអាមេរិក៕ ម៉ែវ សាធី