ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងវេចខ្ចប់មីសួគ្មានអនាម័យនិងស្តង់ដាត្រូវគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលមានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម ចុះត្រួតពិនិត្យនៅខណ្ឌទួលគោក

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១០និង៣០នាទី គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានចុះត្រួតពិនិត្យទីតាំងវេចខ្ចប់មីសួមួយកន្លែងស្ថិតនៅខណ្ឌទួលគោក ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម និងជាប្រធានក្រុមប្រតិបត្តិការពិសេសក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពីលោក ងិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញផ្នែកស្តង់ដារ និងកាំកុងត្រូលបានចុះទៅត្រួតពិនិត្យសិប្បកម្មផលិតវេចខ្ចប់មីសួ មួយកន្លែង ស្ថិតនៅផ្ទះលេខ៧៩A នៅផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីស្រាវជ្រាវដឹងថា ទីតាំងវេចខ្ចប់មីសួ មួយកន្លែងនេះ ផលិតគ្មានគុណភាព អនាម័យ និងគ្មានស្តង់ដារ​។

រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចចម្រុះកំពុងត្រួតពិនិត្យមើលការផលិត និងគុណភាពរបស់មីសួ ដែលផលិតនោះតើមានគុណភាព ឬមានស្តង់ដារដែរឬអត់ ។

សមត្ថកិច្ចបានយក មីសួ ទាំងអស់ដើម្បីមើលគុណភាព និងពិនិត្យវត្ថុធាតុដើមផលិតត្រូវតាមស្តង់ដារដែរឬទេ ប្រសិនបើពិនិត្យទៅឃើញថា គ្មានគុណភាព ផលិតឡើងដោយជាតិគីមី ម្ចាស់សិប្បកម្មមួយកន្លែងនេះ នឹងត្រូវឃាត់ខ្លួនដើម្បីយកទៅសាកសួរ និងអនុវត្តតាមច្បាប់ ៕ ស តារា

NKD-36x6_outline