ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត តុលាការដោះលែងលោក កឹម សុខា អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង

ភ្នំពេញ៖ ក្រោយជាប់ពន្ធនាគាររយៈពេល១ឆ្នាំ និង១សប្តាហ៍ ទីបំផុត គឺវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នេះ តុលាការ​នៃកម្ពុជា​បានសម្រេចដោះលែងលោក កឹម សុខា អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងនោះហើយៗបានវិលត្រឡប់មកដល់លំនៅឋានវិញហើយដែរ ។ នេះបើតាម​ប្រភពដែលស្និទ្ធនឹងកិច្ចការនេះ ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកផៃ ស៊ីផាន បានប្រាប់ ប្រភពព័ត៌មាននៅវេលាម៉ោងទៀបភ្លឺ ថ្ងៃទី១០ ខែកញ្ញា ថា តុលាការបាន សម្រេចដោះលែង អតីតប្រធាន គណបក្សសង្រ្គោះជាតិ លោក កឹម សុខា ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ហើយថា “តុលាការបានសម្រេចឲ្យកឹម សុខានៅក្រៅឃុំក្រោមដែនសមត្ថកិច្ច ក្រោមការអង្កេតមើល”។

បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក ដែលមានឈ្មោះថា មាជ សុវណ្ណារ៉ា – ព្រហ្មវិហារធម៌ ទសពិធរាជធម៌ បានបញ្ជាក់ថា “ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោកប្រធាន កឹម សុខា ត្រូវបានដឹកពីពន្ធនាគារត្រពាំងផ្លុង មកដល់គេហដ្ឋាន របស់គាត់ហើយ”។

លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្ធិដ្ឋិភាព ជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស ជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំង នឹងព្រះរាជា ណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី១៥ឆ្នាំដល់៣០ឆ្នាំ ។ កាលណោះ លោក កឹម សុខា ត្រូវសមត្ថកិច្ចចាប់ខ្លួននៅពាក់ កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧៕