ព័ត៌មានទាន់ហេតុការណ៍៖

ទឹកជំនន់នៅតែបន្តឡើងធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភ

ខេត្តស្ទឹងត្រែង៖ ទឹកនៅតែឡើង បញ្ហាពលរដ្ឋនៅតែមានការព្រួយបារម្ភ យ៉ាងខ្លាំងនៅពេលទឹកថយទៅវិញ ដែលហូរចូលជនលិចគ្រប់ច្រកល្ហក តាមទីវាលទំនាបក្នុងស្រុកទាំងបួន និងហូរចូលក្រុងស្ទឹងត្រែង ជាបណ្តើរៗ ដែលមានប្រជុំទឹកទន្លេទាំងបី គឺទន្លេសេកុង ទន្លេសេសាន និងទន្លេមេគង្គ ខណៈទឹកបាក់ទំនប់វារីអគ្គិសនីសេពាន និងទំនប់សេណាមណយ នៅប្រទេសឡាវនោះ ហើយមេឃភ្លៀងមិនព្រមអន់ថយ ធ្វើឲ្យទឹកហូរចូលជន់លិចគ្រប់ទីកន្លែង ។

លោក ប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅថ្ងៃអង្គារ ៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៤រសៀលថា កម្ពស់ទឹកទន្លេមេគង្គៈ ព្រឹក១០.៨៤ម៉ែត្រ ល្ងាចៈ១០.៩០ម៉ែត្រ ឡើងៈ០.០៦ម៉ែត្រ, កម្ពស់ទឹកទន្លេសេសានៈ ព្រឹក៨.៥៨ម៉ែត្រ ល្ងាច៨.៨៣ម៉ែត្រ ឡើង០.២៥ម៉ែត្រ និងកម្ពស់ទឹកទន្លេសេកុងៈ ព្រឹក១១.២៦ម៉ែត្រ ល្ងាច១០.៩០ម៉ែត្រ ស្រក០.៦៤ម៉ែត្រ ហើយនៅពេលនេះ ទឹកភ្លៀងនៅតែបន្តភ្លៀងដោយដុំៗ ជួនតិចជួនខ្លាំង ធ្វើឲ្យទឹកឡើង ឬស្រក នៅមិនទាន់ថា យ៉ាងណានោះទេ ព្រោះវាឋិតក្នុងការតាមដានកម្ពស់ទឹកជាប្រចាំ ៕ មាស សុផាត