ព័ត៌មានទាន់ហេតុការណ៍៖

ទឹកជំនន់នៅស្ទឹងសង្កែហក់ឡើងដល់កម្រិតប្រកាសអាសន្នហើយ

ខេត្តបាត់ដំបង ៖ លោក ឡុង ផល្គុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បាត់ដំបងបានឲ្យដឹងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៨ថា ទឹកស្ទឹងសង្កែនៃខេត្តបាត់ដំបងបានហក់ឡើងយ៉ាងគំហុកម្ដងទៀតក្រោយពីមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ជាប់ព្រំដែនទឹកខាងលើស្ទឹងសំឡូតដែលមានកម្រិតទៅដល់៩៥មិលី្លម៉ែត្រ និងបានហូរបុកមកស្ទឹងសង្កែជាបន្តបន្ទាប់រហូតឈានដល់ កម្រិតប្រកាសអាសន្នគឺកម្ពស់ទឹក១៣,៧៥ម៉ែត្រ ។

លោកប្រធានមន្ទីរបានបន្តថា កាលពី ថ្ងៃទី១៤ ខែសីហា នៅស្រុកសំឡូតមាន ភ្លៀងធ្លាក់ពេញមួយថ្ងៃបង្កឲ្យមានកម្រិត រហូតទៅដល់៩៥មិល្លីម៉ែត្រដែលកម្រិតនេះបើធៀបទៅនឹងភ្លៀងមុនៗនៅដើមឆ្នាំ២០១៨គឺមានត្រឹមតែពី៥០ទៅជាង៦០ មិលី្លម៉ែត្រប៉ុណ្ណោះ ហើយបង្កទៅជាទឹក ជំនន់សឹងតែឈានដល់ចំណុចប្រកាស អាសន្ន ។

លោកបានបន្ថែមថា ភ្លៀងធ្លាក់រយៈ ពេលក្រោយនេះវាខ្លាំងជាងពេលមុនដែលមិនអាចទប់បាន ហើយវានឹងបង្កជាទឹកជំនន់ នៅស្ទឹងសង្កែឡើងខ្លាំងជាងមុនរហូតដល់ចំណុចប្រកាសអាសន្នដែលអាចបន្តហក់ឡើងរហូត១០ម៉ោងបន្ថែមទៀតនឹងអាច ហូរចូលក្នុងលូមួយចំនួននៅក្រុងបាត់ដំបងផងដែរ ប៉ុន្តែវាមិនមានជាបញ្ហាចោទអ្វីនោះ ទេដោយក្រុមការងាររបស់លោកនឹងបន្តតាមដានបន្ថែមទៀត ។

ឡុង ផល្គុន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅ តាមបណ្តោយជួរស្ទឹងសូមមានការប្រុង ប្រយ័ត្នឲ្យបានខ្ពស់ពីបញ្ហាទឹកជំនន់នេះ ព្រោះអាចនឹងឡើងខ្លាំងរហូតប្រមាណជា១០ម៉ោងបន្ថែមទៀតចាប់ពីថ្ងៃទី១៦ ខែ សីហា ហើយក្នុងនាមជាស្ថាប័នពាក់ព័ន្ធ មន្ទីរធនធានទឹកនឹងខិតខំសហការជាមួយអាជ្ញាធរខេត្តរកដំណោះស្រាយទប់ទឹក ឬបញ្ចៀសទឹកទៅកាន់ទីកន្លែងផ្សេងៗ ដោយប្រើប្រាស់មធ្យោបាយអស់ពីសមត្ថភាពពេលទឹកលិចក្រុង ឬផ្ទះប្រជាពលរដ្ឋដោយប្រើប្រាស់គ្រឿងចក្រកាប់គាស់បង្ហូរទឹកមិនឲ្យលិចច្រើនថ្ងៃតាមកម្លាំងរបស់ ទឹកនោះឡើយ ៕ ហេង សូរិយា