ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងកន្លែងរោងចិញ្ចឹមជ្រូកឆេះងាប់ជ្រូក៤ក្បាល និងសម្ភារផ្សេងៗជាច្រើន

ខេត្តប៉ៃលិន ៖ តាមប្រភពព័ត៌មានពីលោក លឹម ឡី មេភូមិភ្នំកុយបានឱ្យដឹងថា មានករណីទុស្សេខ្សែភ្លើងបណ្តាលឲ្យឆេះរោងចិញ្ចឹមជ្រូក១កន្លែងបណ្តាលឲ្យងាប់ ជ្រូក៤ក្បាលកាលពីវេលាម៉ោង៤និង៣៦នាទីទៀបភ្លឺថ្ងៃចន្ទ ៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ ទី៣០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅជិត ជើងភ្នំកុយ ក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ម្ចាស់ជ្រូករងគ្រោះឈ្មោះ ឡូត សាវឿង អាយុ៣៤ឆ្នាំ និងប្រពន្ធឈ្មោះ កែវ សារឿន អាយុ៣២ឆ្នាំ រស់នៅភូមិភ្នំកុយ ឃុំសាលា ក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

តាមសម្តីលោកមេភូមិបានសាកសួរ ម្ចាស់រោងជ្រូកបានឲ្យដឹងថា នៅពេលមុនកើតហេតុម្ចាស់ជ្រូកនិងអ្នកភូមិបានរៀបចំកម្មពិធីជប់លៀងអបអរសាទដែលគណ បក្សប្រជាជនកម្ពុជានៅក្នុងភូមិភ្នំកុយបានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រអាណត្តិទី៦នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ បន្ទាប់មកម្ចាស់និងអ្នកភូមិមួយចំនួនក៏នាំគ្នាជាមួយម្ចាស់ផ្ទះដាំទឹកកោសជ្រូកមួយក្បាល។ ខណៈកំពុង តែដាក់ទឹកដាំរួចមកពួកគាត់ក៏ដើរទៅផឹកស្រានៅមុខផ្ទះស្រាប់តែឮសូរសត្វជ្រូកស្រែកក៏នាំគ្នាទុកកំប៉ុងស្រាបៀរចោលរួចនាំគ្នារត់ទៅមើលឃើញភ្លើងឆេះរោងចិញ្ចឹមជ្រូក ។

ភ្លាមៗនោះអ្នកខ្លះរត់ទៅបិទភ្លើងអ្នក ខ្លះទៀតរត់មើលជ្រូកឃើញចំនួន៤ក្បាលកំពុងតែប្រកាច់នៅក្នុងទ្រុងក៏នាំគ្នារត់នៅយកធុងទៅដងទឹកជះលើរោងជ្រូក។ ក្រោយ មករោងជ្រូកត្រូវបានម្ចាស់និងអ្នកភូមិជួយពន្លត់ រីឯសត្វជ្រូក៤ក្បាលដែលឆេះខ្លោចងាប់នោះម្ចាស់ និងអ្នកភូមិនាំគ្នាដាំទឹក កោសធ្វើសម្រាប់ក្លែមក្នុងកម្មពិធីជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាភូមិកុយ ឃុំ សាលាក្រៅ ។

ក្រោយពីកើតហេតុរួចលោកអធិការស្រុកសាលាក្រៅក៏បានទទួលព័ត៌មានលោកដឹកនាំកម្លាំងនគរបាលឃុំសាលាក្រៅនិងនគរបាលស្រុកចុះទៅពិនិត្យកន្លែងកើតហេតុរួចបានសន្និដ្ឋានថា ករណីឆេះ រោងចិញ្ចឹមជ្រូកនេះគឺដោយសារឆ្លងចរន្ត អគ្គិសនីបណ្ដាលឱ្យទុស្សេខ្សែភ្លើងឆេះ រោងនោះតែម្ដង ៕ ស សារ៉េត